អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចមើលឃើញថាអង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលបានចូលរួមចំណែកច្រើនដល់ការអភិវឌ្ឍន៍ជាតិកម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំមកនេះក្នុងនាមជាដៃគូរបស់រដ្ឋាភិបាលប៉ុន្តែក៏បានលើកពីការលំបាកដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះជាពិសេសនៅពេលដែលពួកគេអនុវត្តការងារទាក់ទងនឹងផ្នែកអភិបាលកិច្ចល្អនិងអប់រំផ្សព្វផ្សាយច្បាប់។
លោក ឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ច បានពន្យល់នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែផ្តោតលើ«អភិបាលកិច្ចល្អ»ថាឧបសគ្គ ទាំងនេះបង្កឡើងដោយសារមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលជាប់ប្រឡាក់ប្រឡូកក្នុងអភិបាលកិច្ចមិនល្អហើយសម្តែងការមិនពេញចិត្តនិងមិនផ្តល់កិច្ចសហការប៉ុណ្ណោះ។
«នេះមិនមែនជាគោលនយោបាយទូទៅរបស់រាជរដ្ឋាភិបាលទេព្រោះបើមិនអញ្ចឹងសង្គមស៊ីវិលទាំងអស់ហ្នឹងលែងមានសកម្មភាពហើយ ក៏ប៉ុន្តែមានបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងអភិបាលកិច្ចមិនល្អហ្នឹងតែងតែមិនសប្បាយចិត្តជាមួយនឹងសង្គមស៊ីវិលដែលធ្វើការនៅក្នុងរឿងហ្នឹង»។
សង្គមស៊ីវិលដែលធ្វើការងារលើផ្នែកអភិវឌ្ឍន៍ហើយនឹងការកសាងសន្តិភាពគឺតែងតែទទួលបានសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ឱក សេរីសុភ័ក្រ។
លោកលើកឡើងថាក្នុងមួយរយៈពេលចុងក្រោយនេះមានអង្គការសង្គមស៊ីវិលមួយចំនួនដែលបានប្រើប្រាស់បណ្តាញដែលខ្លួនបានបង្កើតក្នុងតួនាទីជាអង្គការសង្គមស៊ីវិលក្នុងគោលបំណងប្រែក្លាយជាគណបក្សនយោបាយក្នុងពេលអនាគត។
លោក ឱក សេរីសុភ័ក្រ យល់ថាការវិវត្តន៍នេះមិនទាស់ខុសអ្វីទេ គឺត្រឹមត្រូវប៉ុន្តែរដ្ឋាភិបាលអាចយកលេសនេះមកលាបពណ៌អង្គការសង្គមស៊ីវិលនិងចេញច្បាប់ដ៏តឹងរ៉ឹងមួយ។
លោកបានបន្ថែមថា៖
«ខ្ញុំគិតថារឿងនេះយើងត្រូវតែប្រយ័ត្នប្រយែងឱ្យមែនទែនបើយើងចែកគ្នាមិនដាច់រវាងគណបក្សនយោបាយហើយនឹងសង្គមស៊ីវិលដែលបម្រើប្រជាពលរដ្ឋដោយអត់មានហេតុផលនយោបាយ អត់មានហេតុផលលុយកាក់អ្វី នោះ ហ្នឹងយើងអាចថាឈានទៅរកស្ថានការណ៍មួយថ្មីដែលទាក់ទងទៅ នឹងការពិនិត្យថាតើគួរឱ្យមានច្បាប់ឬទេដើម្បីធ្វើការបែងចែកខណ្ឌរវាងសង្គមស៊ីវិលហើយនឹងសកម្មភាពនយោបាយ។ នេះគឺជាអ្វីដែលខ្ញុំព្រួយបារម្ភ»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសកម្មភាពអង្គការសង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាលត្រូវបានរដ្ឋាភិបាលកម្ពុជារៀបចំឡើងប៉ុន្តែបានផ្អាកសិនដោយសារមានប្រតិកម្មជំទាស់ពីអង្គការក្នុងស្រុកនិងសហគមន៍អន្តរជាតិ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបែងចែកអង្គការសង្គមស៊ីវិលជាបីក្រុមគឺក្រុមដែលមានការសហការពិតដើម្បីធ្វើការងារអភិវឌ្ឍន៍ក្រុម«ដែលទទួលបំពេញការងារនៃផលប្រយោជន៍នៃអង្គការអន្តរជាតិ»ហើយមានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលនិងអង្គការសមាគមដែលតំណាងផលប្រយោជន៍សមាជិករបស់គេ។
លោកបន្ថែមថា៖
«ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអង្គការក្រៅរដ្ឋាភិបាលយើងតែងតែរំពឹងទុកថាជាសកម្មភាពដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយអ្វីៗទាំងអស់រួមទាំងភាពប្រឈម ទាំងភាពមិនស៊ីសង្វាក់គ្នា ទាំងភាពអភិវឌ្ឍន៍ក្នុងសង្គមជាតិ»៕