ពេលវេលាកំពុងតែខើចខ្លីមែនទែនសម្រាប់កម្ពុជាក្នុងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យមួយនិងរៀបចំការបោះឆ្នោតដើម្បីស្តារទំនុកចិត្តអ្នកបោះឆ្នោតក្នុងខណៈពេលដែលគណបក្សនយោបាយនៅមិនទាន់យល់ស្របគ្នាលើបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដើម្បីជំនួសបញ្ជីបច្ចុប្បន្នដែលមានភាពចម្រូងចម្រាសច្រើន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។
លោកឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់នៅ ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែកាលពីថ្ងៃច័ន្ទថា នៅមានការខ្វែងគំនិតគ្នានៅឡើយទាក់ទងនឹងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយមានអ្នកខ្លះលើកឡើងពីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីទាំងស្រុងនិងអ្នកខ្លះទៀតគ្រាន់តែចង់ធ្វើបច្ចុប្បន្នភាពលើបញ្ជីដែលមានស្រាប់។
លោកបន្ថែមថា៖
«រឿងនេះធំណាស់បើសិនជាបញ្ជីឈ្មោះមិនត្រឹមត្រូវមិនសុក្រិតទេការបោះឆ្នោតក៏មិនអាចទទួលការទុកចិត្តពីប្រជាពលរដ្ឋបាន»។
កម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅដើមឆ្នាំ២០១៧និងការបោះឆ្នោតជាតិ ដែលអាចនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០១៨នេះបើតាមការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាចក្នុងពេលកន្លងមក។
ក្រុមចរចានៃគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាកំពុងតែខិតខំរៀបចំសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីមួយបន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣បាននាំឱ្យមានការជាប់គាំងនយោបាយជិតមួយឆ្នាំដែលជារយៈពេលយូរបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឱ្យគណបក្សធំៗទាំងពីរអនុម័តនិងបង្កើតគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតថ្មីមួយឱ្យបាននៅខែកុម្ភៈឆ្នាំ២០១៥ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំដំណើរការបោះឆ្នោតនៅឆ្នាំខាងមុខ។
លោកសុភ័ក្រក៏បានគាំទ្រឱ្យមានការដាក់ឈ្មោះអ្នកបោះឆ្នោតដែលបានចុះបញ្ជីហើយនៅតាមប្រព័ន្ធអ៊ីនធឺណិតរបស់គ.ជ.បដើម្បីបង្កការងាយស្រួលសម្រាប់អ្នកបោះឆ្នោតអាចត្រួតពិនិត្យនិងកែសម្រួលដោយមិនរង់ចាំដល់ថ្ងៃបោះឆ្នោតទើបដឹងថាមានបញ្ហាកើតមានឡើង។
សេចក្តីព្រាងច្បាប់ថ្មីដែលក្រុមចរចានៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងក៏កំណត់ថាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនត្រូវមានសញ្ជាតិបរទេសក្រៅពីខ្មែរទេ។ ប៉ុន្តែលោកឱក សេរីសុភ័ក្របញ្ជាក់ថាលោកមិនយល់ស្របចំពោះការកំណត់ដូច្នេះទេ៖
«ព្រោះអ្នកដែលមានសញ្ជាតិមួយធ្វើបញ្ហាខុសឆ្គងមួយគំនរលើប្រជាពលរដ្ឋរបស់យើង លើប្រទេសរបស់យើង យ៉ាងម៉េចក៏យើងមិននិយាយផងនៅក្នុងរឿងហ្នឹង? អ្នកដែលមានសញ្ជាតិពីហើយសុខចិត្តលះបង់ស្ថានការណ៍ល្អនៅទីនោះ ការងារល្អនៅទីនោះហើយមកបម្រើជាតិនៅក្នុងរឿងនេះ...គាត់បានលះបង់ជាច្រើនដើម្បីមកជួយស្រុកទេសដូច្នេះហើយយើងគួរតែទទួលស្គាល់នៅក្នុងរឿងនេះ»។
ក្នុងពេលកន្លងមកក្រុមអ្នកតាមដានការបោះឆ្នោតបានស្នើឱ្យមានចែងក្នុងច្បាប់ដោយកំណត់ថាសមាជិកគ.ជ.បត្រូវតែនៅដាច់ឯករាជ្យចេញពីគណបក្សដែលបានចាត់តាំងខ្លួនឱ្យមកបំពេញការងារនៅក្នុងស្ថាប័នបោះឆ្នោតជាតិ។
ប៉ុន្តែលោកសុភ័ក្របានសង្កត់ធ្ងន់លើយន្តការដែលមានសម្រាប់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការតើមានតម្លាភាពកម្រិតណាក្នុងការកំណត់ថាតើពួកគេធ្វើការដោយអព្យាក្រិតឬទេ។
លោកពន្យល់ថាពេលបំពេញការងារជាមួយគ្នាហើយត្រង់បេះដូង ខួរក្បាល និងសតិសម្បជញ្ញៈរបស់សមាជិកណាម្នាក់នៅជាមួយ គណបក្សណាគឺពិបាកក្នុងការហាមឃាត់ប៉ុន្តែកិច្ចការជាសាធារណៈបម្រើប្រជាពលរដ្ឋដែលពួកគាត់មានកាត្វកិច្ចត្រូវធ្វើគឺធ្វើយ៉ាងណាឱ្យមាននីតិវិធីក្រិតក្រមច្បាប់បង្ខំឱ្យគាត់ធ្វើឱ្យមានតម្លាភាពដែលសង្គមស៊ីវិលអាចចូលទៅមើលបាន ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានអាចឆែកបាន អាចចូលទៅមើលបាន អាចយកព័ត៌មានបាន ដែលប្រជាពលរដ្ឋមានសិទ្ធិទទួលយកព័ត៌មានពីហ្នឹងបាននោះគឺជាកត្តាគន្លឹះក្នុងការវាយតម្លៃស្នាដៃរបស់អ្នកទាំងនោះ។
លោកបានបន្ថែមថា៖
«ការណ៍ដែលធ្វើឱ្យមានតម្លាភាពដែលជាគោលការណ៍ចម្បងមួយរបស់អភិបាលកិច្ចល្អត្រង់នោះទេដែលធ្វើឱ្យពួកគាត់ត្រឹមត្រូវ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្នទទួលការស្តីបន្ទោសថាលម្អៀងទៅរកគណបក្សកាន់អំណាចក្នុងការបោះឆ្នោតកន្លងមកដែលធ្វើឱ្យមានការមិនសុខចិត្តទទួលយកលទ្ធផលឆ្នោត៕