រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយបានអនុម័តការបិទសកម្មភាពសង្គមជុំថ្មីនៅទូទាំងប្រទេស នៅពេលដែលខ្លួនកំពុងទប់ទល់នឹងការកើនឡើងជាថ្មីនូវករណីឆ្លងជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយក្នុងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «ការពិតគឺថា ទ្វីបអឺរ៉ុបនិងប្រទេសអេស្ប៉ាញបានជួបប្រទះនូវរលកទីពីរនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩»។
លោកបានបន្ថែមថា៖ «ស្ថានភាពនៅពេលនេះគឺធ្ងន់ធ្ងរ»។
ទាំងប្រទេសអេស្ប៉ាញនិងប្រទេសបារាំងដែលបានអនុម័តបម្រាមគោចរនៅពេលយប់ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ មានការឆ្លងជាង ១ លានករណី។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហភាពអឺរ៉ុប បានចូលរួមជាមួយនឹងអង្គការសុខភាពពិភពលោកនៅក្នុងការជូនដំណឹងព្រមានអំពីការកើនឡើងថ្មីនៃករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងទ្វីបអឺរ៉ុប។
អ្នកស្រី Andrea Ammon ប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហភាពអឺរ៉ុប បាននិយាយថា ទ្វីបអឺរ៉ុបកំពុងប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងប្រឈមនឹង «ស្ថានការណ៍នៃរោគរាតត្បាតដ៏គួរឲ្យព្រួយបារម្ភខ្លាំង»។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប លើកលែងតែប្រទេសស៊ីប អេស្ដូនី ហ្វាំងឡង់ និងក្រិកតែប៉ុណ្ណោះ គឺស្ថិតក្នុងចំណាត់ថ្នាក់ «គួរឲ្យព្រួយបារម្ភធ្ងន់ធ្ងរ» នៃការឆ្លងជំងឺកូវីដ១៩ ដូចទៅនឹងចក្រភពអង់គ្លេសដែរ៕