អស់រយៈកាល៣ឆ្នាំ ចាប់តាំងពីមានការបង្ក្រាបនយោបាយនៅកម្ពុជា ដែលស្ដែងឡើងតាមរយៈការអនុវត្តវិធានការច្បាប់របស់រដ្ឋាភិបាលទៅលើគណបក្សសង្គ្រោះជាតិ ដែលឈានទៅដល់ការរំលាយគណបក្សប្រឆាំងដ៏ធំ និងហាមឃាត់អ្នកនយោបាយ១១៨នាក់នៃបក្សនេះ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួននាពេលរាត្រីថ្ងៃទី២ ខែកញ្ញាឈានចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧។ មកទល់ពេលនេះ លោកត្រូវបានដាក់ឱ្យនៅក្រៅឃុំ តែសវនាការលើសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស»នៅតែបន្តអូសបន្លាយ។
៣ឆ្នាំក្រោយមកដោយមានការបើកលទ្ធភាពដោយរដ្ឋាភិបាលឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់អ្នកនយោបាយជាប់បម្រាមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ អតីតមន្ត្រីបក្សជំទាស់ចំនួន១២នាក់ បានដាក់ពាក្សស្នើសុំ ដែលក្នុងនោះមាន៩នាក់ហើយ ដែលបានទទួលព្រះរាជក្រឹត្យអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយឡើងវិញ។
ការណ៍នេះត្រូវបានពួកគេលើកឡើងថា ជាការស្វះស្វែងរកផ្លូវចេញរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីប្រមូលសំឡេងអ្នកគាំទ្របក្សជំទាស់ និងកសាងកម្លាំងនៅមូលដ្ឋានសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលអាចធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។ បើចាំទាល់តែចប់បម្រាមនយោបាយនៅខែវិច្ឆិកាឆ្នាំ២០២២ ពួកគេលើកឡើងថា ឱកាសអាចនឹងយឺតពេល។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក កង គឹមហាក់ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានបង្កើតកាលពីកន្លងទៅ បាននិយាយទៅកាន់អ្នកគាំទ្របក្សថ្មីរបស់លោក នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យកន្លងទៅថា ការកកើតបក្សថ្មីថ្មោងនេះ គឺដើម្បីធានាទ្រទ្រង់ការគាំទ្រមកលើបក្សជំទាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២។
លោកមានប្រសាសន៍ថា៖ «គេហាមសិទ្ធិធ្វើនយោបាយ។ គេបិទមាត់យើងមិនឱ្យនិយាយ ដល់យើងធ្លាប់និយាយហើយ គេមិនឱ្យនិយាយ វាចេះតែឃ្លាន»។
គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងពីខែមករាឆ្នាំ២០២០នេះ ដែលមានការចូលរួមពីលោក កង គឹមហាក់ ខ្លួនឯង និងលោក ជីវ កត្តា ជាប្រធានគណបក្ស ដែលបានទទួលសិទ្ធិធ្វើនយោបាយជាមួយគ្នាកាលពីខែមីនា ឆ្នាំ២០១៩។
លោក កង គឹមហាក់ បាននិយាយបន្ថែមថា៖ «ហើយអំពាវនាវទៅដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេរំលាយហើយនោះ មិនបាច់ដេកស្រមៃទេ គេមិនឱ្យ (គណបក្សសង្រ្គោះជាតិរស់) វិញទេ បើគេឱ្យវិញ គេមិនរំលាយយើងទេ»។
ចំណាប់អារម្មណ៍ហាក់កើនឡើង នៅពេលមានសំណើ៣ទៀតសុំសិទ្ធិនយោបាយចុងក្រោយ ក្នុងនោះមានលោក សុន ឆ័យ អតីតតំណាងរាស្ត្រដ៏លេចធ្លោរបស់បក្សសង្គ្រោះជាតិ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញដែរ។
ពីរនាក់ទៀតគឺលោក តាវ គឹមឈន ជាទីប្រឹក្សានៃក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) និងលោក វ៉ា សាម៉ុន ជាប្រធានក្រុម CNRP-USA នេះ ប្រចាំរដ្ឋ Pennsylvania ដែលត្រូវបានគេស្គាល់ថា ជាមូលដ្ឋានរឹងមាំនៃក្រុមអ្នកគាំទ្របក្សជំទាស់នៅក្រៅប្រទេស ដែលគេស្គាល់ថា មានសមានចិត្តស្មោះស្ម័គ្រជាមួយលោក កឹម សុខា។
នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ ខែសីហា ក្រុម CNRP-USA បានប្រកាសថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អ្នកទាំងពីរ ជា«សិទ្ធិស្វ័យសម្រេច និងឆន្ទៈរបស់បុគ្គល» ដែលនាំឱ្យលោកទាំងពីរ «មិនមានអ្វីជាប់ពាក់ព័ន្ធ»ជាមួយ CNRP-USA ទៀតទេ តែថាក្រុមនេះ នឹង«នៅតែបន្តគាំទ្រនិងមានជំនឿលើគោលជំហរ» បក្សសង្គ្រោះជាតិ និងលោក កឹម សុខា។
តាំងពីពេលលិខិតស្នើសុំសិទ្ធិនយោបាយរបស់លោក សុន ឆ័យ ត្រូវបានផ្សព្វផ្សាយ លោក បានរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់បានបញ្ចេញមតិយោបល់អ្វី ដើម្បីពន្យល់ពីមូលហេតុនៃការស្នើសុំ និងគម្រោងអនាគតរបស់លោកនៅឡើយទេ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលបានសិទ្ធិធ្វើនយោបាយតាំងពីខែមីនា ឆ្នាំ២០១៩ បាននិយាយព្រលយពីលទ្ធភាពនៃការបង្កើតបក្សនយោបាយថ្មី តែក៏បានបង្ហាញពីលទ្ធភាពដែលលោកអាចនឹងចូលជាមួយបក្ស ដែលបានបង្កើតរួចជាស្រេចមកហើយ ដូចយ៉ាងគណបក្សខ្មែរស្រឡាញ់ជាតិជាដើម។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន ៣ឆ្នាំក្រោយពីការបង្ក្រាបនយោបាយ សមាសភាពគណបក្សសង្គ្រោះជាតិ នៅបែកខ្ញែកគ្នា និងមតិផ្សេងគ្នារវាងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេស និងជាពិសេសរវាងអ្នកដែលស្មោះស្ម័គ្រជាមួយលោក កឹម សុខា និងអ្នកដែលស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី។ លោកបានប្រាប់ VOA តាមទូរស័ព្ទថា៖ «ពេលនេះ យើងមិនដឹងត្រូវទាមទារភ្លើងខៀវពីមេមួយណាទេ (រវាងលោក សម រង្ស៊ី និងលោក កឹម សុខា) ... អ៊ីចឹងខ្ញុំឃើញភាពរប៉ាត់រប៉ាយផ្ទៃក្នុង ក៏មានបញ្ហាបែបនេះហើយ បានយល់ថា បើទោះជាយើងព្យាយាម គិតថា ធ្វើម៉េចឱ្យរួបរួមគ្នា ឱ្យមានការឯកភាពគ្នាជាធ្លុងមួយ ឱ្យទៅជាបក្សមួយឡើងវិញ ហាក់ដូចជាមិនមានពន្លឺទេ សម្រាប់ខ្ញុំនោះណា៎»។
អ្នកនយោបាយរូបនេះបានលើកឡើងថា សម្ពាធពីអន្តរជាតិមកទល់ពេលនេះហាក់ឈានទៅដល់កម្រិតអស់លទ្ធភាពហើយ តែមិនបានធ្វើឱ្យមានការប្រែប្រួលជំហររបស់រដ្ឋាភិបាលកម្ពុជានោះឡើយ។
«អន្តរជាតិគេបានធ្វើកិច្ចការគេហើយ ក៏ប៉ុន្តែយើងមិនទាន់បានធ្វើខ្លួនឯង»។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលនៅជាប់បម្រាមធ្វើនយោបាយ បានយល់ឃើញខុសពីនេះ។ លោកថាលោក«ដាច់ខាតនឹងមិនសុំសិទ្ធិធ្វើនយោបាយវិញ»នោះទេ ហើយនឹងរង់ចាំរហូតដល់ផុតបម្រាមនយោបាយនៅខែវិច្ឆិកា ឆ្នាំ២០២២។
លោកបានប្រាប់VOAថា៖ «បើសិនជាអត់មានពីររូបគាត់ជាថ្នាក់ដឹកនាំនោះទេ ខ្ញុំក៏មិនអាចទស្សន៍ទាយទៅមុខបានទេ ប៉ុន្តែខ្ញុំនឹងមិនធ្វើកិច្ចការនយោបាយទេ។ ខ្ញុំសុខចិត្តធ្វើជាពលរដ្ឋសាមញ្ញ ព្រោះអត់មានឧត្ដមភាពក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ ក្រៅតែពីវត្តមានលោក សម រង្ស៊ី និងលោក កឹម សុខា ... លុះត្រាតែមានវត្តមានទាំងពីររូបរួបរួមគ្នា»។
និយាយអំពីគណបក្សថ្មី ដែលលោកថា ធ្លាប់បានទាក់ទងរូបលោកឱ្យចូលរួមដែរនោះ លោក ជា ជីវ បានលើកឡើងថា៖ «ច្បាស់ណាស់ហើយប្រាកដប្រជាខ្ញុំមិនមានឆន្ទៈធ្វើកិច្ចការជាមួយគណបក្សនយោបាយ ជាមួយនឹងអស់លោក ... ហើយម្យ៉ាងវិញទៀតគ្រាន់តែគណបក្សគ្រឿងលម្អ នៅក្នុងកិច្ចការបោះឆ្នោតដែលយល់ថា តាមបែបបទប្រជាធិបតេយ្យមានគណបក្សច្រើនតែប៉ុណ្ណោះ»។
លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ ម៉ូនីកា កូនប្រុសពៅរបស់លោកជាប្រធាននោះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ «បង្ហាញបំណងដ៏ទទូច ចង់ឱ្យមានការជួបជុំពិភាក្សារករូបមន្តរវាងមេដឹកនាំ»នយោបាយនានាដើម្បីធានាឲ្យមាន«ពហុបក្ស»ក្នុងការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ។
លោក គង់ គាំ និងកូនប្រុសរបស់លោកម្នាក់ទៀត គឺលោក គង់ បូរ៉ា ជាអ្នកជាប់បម្រាមដែលបានស្នើសុំសិទ្ធិធ្វើនយោបាយមុនគេ តាំងពីខែមករា ឆ្នាំ២០១៩។ លោក គង់ បូរ៉ា បានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក គង់ សភា កូនប្រុសមួយរូបទៀតនៅបន្តរស់នៅក្រៅប្រទេស និងស្និទ្ធជាមួយលោក សម រង្ស៊ី ដូចគ្នានឹងលោក អ៊ូ ច័ន្ទឫទ្ធិ ប្អូនបង្កើតរបស់លោក អ៊ូ ច័ន្ទរ័ត្នដែរ។
សហភាពអឺរ៉ុបទើបនឹងបានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម«គ្រប់មុខទំនិញ លើកលែងសព្វាវុធ ឬ EBA» ដោយចាប់ផ្ដើមយកពន្ធចំនួន២០ភាគរយលើទំនិញកម្ពុជា ដែលនាំចេញពីកម្ពុជា ជាការឆ្លើយតបនឹងការ«រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្នុងប្រទេសនេះ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ដែលជាសហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បានលើកឡើងថា ការវាយប្រហារគ្នាជាសាធារណៈរវាងក្រុមអ្នកស្មោះស្ម័គ្រលោក សម រង្ស៊ី និងលោក កឹម សុខា បានបង្កការខូចខាតដល់គណបក្សសង្គ្រោះជាតិ ដែលប្រឹងតស៊ូរក្សាវត្តមាននយោបាយទៅថ្ងៃមុខ។
«វាជួនកាលការបែកបាក់គ្នា វាដូចមេរោគមហារីកដែលអត់មានអ្នកណាព្យាបាល អត់មានអ្នកណាវះកាត់ ហើយក៏មិនមានអ្នកណាធ្វើការគ្រប់គ្រង អ៊ីចឹងបណ្ដោយឱ្យវាទៅជាអណាធិបតេយ្យ»។
អ្នកវិភាគរូបនេះបានលើកឡើងថា ការបែកខ្ញែកគ្នា ប្រកាន់ប៉ូលរៀងខ្លួន និងការណ៍ដែលអ្នកជាប់បម្រាមខ្លះ ចេញទៅស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាការចំណេញសម្រាប់បក្សកាន់អំណាចដែលលោកថា កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលជំនាន់ដឹកនាំ ផ្ទេរតួនាទី បញ្ចូលឈាមថ្មី ជាអ្នកបន្តវេនរបស់បក្ស ក្នុងគ្រាដែលគូប្រជែងនៅបែកខ្ញែក។
សម្រាប់ក្រុមអ្នកជាប់បម្រាមនយោបាយដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមិនទាន់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ លោកមាស នីបានលើកឡើងថា ពួកគេមានជម្រើសតិចតួចប៉ុណ្ណោះ។
«គ្រាន់តែមានពាក្យពីរដែលខ្ញុំសូមប្រើ គឺ [ពួកគេ] ធ្វើដើម្បីរំដោះសង្គ្រោះជាតិ ឬធ្វើដើម្បីរំដោះប្រជាធិបតេយ្យរបស់ប្រទេស។ នេះវាអាស្រ័យលើការមើលឃើញ បើសិនជារំដោះសង្គ្រោះជាតិ ខ្ញុំមើលឃើញថា អ្វីដែលគាត់ធ្វើវាសមស្រប ប៉ុន្តែបើគាត់គិតចង់រំដោះប្រជាធិបតេយ្យ ប្រហែលជាវាត្រូវពិចារណាលើយុទ្ធសាស្ត្រថ្មីៗ»។
លោក សម រង្ស៊ី ដែលស្ថិតនៅក្រៅប្រទេសកម្ពុជា តាំងពីខែវិច្ឆិកាឆ្នាំ២០១៥មកនោះ បានប៉ុនប៉ងវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រកប្រទេសថៃ តែមិនបានសម្រេចដោយរដ្ឋាភិបាលថៃ មិនអនុញ្ញាតឱ្យលោកចូលក្នុងប្រទេស។
VOA មិនទាន់អាចសុំការបំភ្លឺពីលោក សម រង្ស៊ី និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
ក្នុងឱកាសនានា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញថា លោកគ្មានជំហរចរចាសម្រុះសម្រួលជាមួយលោក សម រង្ស៊ី នោះទេ តែបង្ហាញពីលទ្ធភាពនៃការធ្វើនយោបាយទៅថ្ងៃមុខជាមួយលោក កឹម សុខា ជាក់ស្ដែងពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី បានទទួលលោក កឹម សុខា អំឡុងបុណ្យសពម្ដាយក្មេករបស់លោក កាលពីខែឧសភា និងមានការអង្គុយជជែកគ្នាប្រមាណមួយម៉ោងទៀតផង។
លោក កឹម សុខា ដែលត្រូវបានដាក់ឱ្យនៅក្រៅមន្ទីរឃុំឃាំង និងលើកការឃុំនៅផ្ទះ នោះ ត្រូវបានគេឃើញថា បានចេញដំណើរទស្សនកិច្ចនៅតាមខេត្តជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម ទោះបីលោក ត្រូវតុលាការព្រមានដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការយ៉ាងណាក្ដី៕