ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជីក​ព្រែក​ហ្វូណន​តេជោ​នឹង​ចាប់ផ្តើម​ឆាប់ៗ ខណៈ​ដំណោះស្រាយ​ផល​ប៉ះពាល់​នៅ​មិន​ច្បាស់លាស់


រូបឯកសារ៖ ប្រទីប​​ឈ្មោះ «ព្រែកជីក​ហ្វូណន​តេជោ» ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជាខេត្ត​កណ្តាល​ (ស៊ឹម ចាន់សំណាង/វីអូអេ)
រូបឯកសារ៖ ប្រទីប​​ឈ្មោះ «ព្រែកជីក​ហ្វូណន​តេជោ» ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជាខេត្ត​កណ្តាល​ (ស៊ឹម ចាន់សំណាង/វីអូអេ)

ព្រែក​ជីកហ្វូណន​តេជោដែល​មាន​ប្រវែង ​១៨០ ​គីឡូ​ម៉ែត្រ​និង​ត្រូវ​បាន​សម្ពោធ​បើក​ការ​ដ្ឋាន​កាល​ពី​ប្រមាណប្រាំ​ខែ​មុន ​គ្រោងនឹង​ចាប់​ផ្តើមជីក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ ស្រប​ពេល​ដែល​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​បាន​បញ្ចប់​នីតិវិធី​កំណត់​និយាម​ការ​សម្រាប់​កំណាត់​ទី ១ ដែល​មាន​ប្រវែងជាង​ ២០ ​គីឡូ​ម៉ែត្រ​។ នេះ​បើ​តាម​អ្នកនាំ​ពាក្យក្រសួង​សាធារណ​ការនិង​ដឹក​ជញ្ជូន។

​លោក​ ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន ប្រាប់​វីអូអេ​ថា ​ក្រសួង​បាន​បញ្ចប់​នីតិវិធី​កំណត់​និយាម​ការ​សម្រាប់​កំណាត់​ទី ១ ​ហើយព្រែកជីក​នេះនឹង​ចាប់​ផ្តើម​ជីក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​ថា​នឹង​ចាប់​ផ្តើម​ពេល​ណា​នោះ​ទេ​ គ្រាដែល​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ផ្ទះ​សម្បែង​និង​ដីស្រែ​ចម្ការរបស់​ប្រជា​ពល​រដ្ឋ​ជាង ២.០០០ ខ្នង​ នៅតែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

លោក ផន រឹម ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេលេ​ក្រាម​ថា៖ ​«ដំណើរ​ការ​ជីក​ព្រែក ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ​ការ​ជីក​ព្រែក​នឹង​ចាប់​ផ្តើម​បណ្តើរៗ​ ​ជាពិសេស​សម្រាប់​តំបន់​ដែល​បាន​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​រួច​ហើយ»។

អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ​រូប​នេះបដិ​សេដ​មិន​បញ្ជាក់​អំពី​ចំនួន​ខ្នង​ផ្ទះ ​និង​ដីស្រែ​ចម្ការ​ដែលដោះ​ស្រាយ​រួច​រាល់​ ​ដោយលោក​ប្រាប់អ្នក​សារ​ព័ត៌មាន​វីអូអេ​ឲ្យសួរព័ត៌មាន​អំពី​សំណង​នៃ​ផល​ប៉ះពាល់​ទាំង​នោះ​ទៅកាន់ក្រសួង​សេដ្ឋកិច្ច។ លោក​បញ្ជាក់ថា​ ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ធ្វើឡើង​តាម​យន្តការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​របស់​រាជ​រដ្ឋា​ភិបាល ដែល​ដឹក​នាំដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

បើតាម​លោក ផន រឹម ការដោះ​ស្រាយ​ផល​ប៉ះពាល់នឹង​ឈរ​លើ​មូលដ្ឋាន​ច្បាប់និង​បទ​ដ្ឋាន​គតិយុតិ្ត​ដែល​មាន​ជាធរ​មាន ហើយផ្អែក​លើគោល​ការ​ណ៍​ជាក់​ស្តែង​និយម ស្រប​តាម​ស្ថាន​ភាព​ភូមិសាស្រ្ត​នៃ​ទីតាំង​ដី​ដែលរ​ង​ផលប៉ះ​ពាល់។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃអង្គារ។

​លោក វ៉ា ជា​ អាយុ​៣៩​ឆ្នាំ ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​ជាប់​ព្រែក​តាកែវ​ដែល​នឹង​ត្រូវពង្រីក​ធ្វើ​ជាព្រែក​ជីក​ហ្វូណន​តេជោ ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​ថា កាលពីពេល​មួយ​ខែ​មុន លោក​បាន​ឃើញ​មន្ត្រី​ចុះ​មក​បោះ​បង្គោល​កំណត់​ព្រំសម្រាប់ជីក​ព្រែក​ជីក​ហ្វូណន​តេជោ។ ក៏​ប៉ុន្តែ​ទាំង​រូបលោកនិង​អ្នកភូមិ​ផ្សេង​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​អ្វី​នៅ​ឡើយ​ទេ។

លោក វ៉ា ជា ថ្លែង​ថា៖​ «​អត់​ដឹង​ដែរ ​កំពុង​ពិបាក​ដែរ ​មិន​ដឹង​សំណង​បាន​ប៉ុណ្ណា​ៗ។ ​រឿង​ហ្នឹង​វា​ចេះ​តែ​ពិបាក​ហើយ​ ចាំ​មើល​! រដ្ឋា​ភិបាល​យើងឲ្យ​ប៉ុន្មាន ប៉ុណ្ណា​ អត់​ដឹង​ដែរ។ ឥឡូវខ្លាចតែ​ឲ្យ​តិច​ពេក​ វា​ពិបាក​ដែរ ​ព្រោះ​ឥឡូវ​យើង​ទៅធ្វើ​កន្លែង​ថ្មី​ ទិញ​កន្លែង​ថ្មី ​ទិញ​អត់​បាន»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត​ ថ្លែង​ថា ការ​ដោះ​ស្រាយ​សំណង​ផល​ប៉ះពាល់​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្តិវិធីនិង​ធ្វើ​ឲ្យ​បាន​មុន​ពេលនៃការចាប់​ផ្តើមជីក​ព្រែក​នោះ។ លោក​ថ្លែង​បន្ថែម​ថា ​ពល​រដ្ឋ​សប្បាយ​ចិត្តក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ ក៏ប៉ុន្តែពលរដ្ឋ​ដែល​រង​ផលប៉ះពាល់សម​នឹង​ទទួល​បាន​ផល ​ឬ​សំណង​សមរម្យ ​ដើម្បី​អាច​ដោះស្រាយ​ជីវភាព​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ដំណោះ​ស្រាយ​គួរតែ​ដោះ​ស្រាយ​មុន ​ក្នុង​ដំណើរ​ការ​នៃ​ការ​ជីក​ព្រែក​នេះ ព្រោះ​នៅ​ពេល​ដោះ​ស្រាយ​ក្រោយ​ អាហ្នឹង​វាអាច​នឹងមាន​បាតុភាព ឬ​មាន​បញ្ហាកើតឡើង​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងផល​ប៉ះ​ពាល់។ អ៊ីចឹង​គួរ​តែ​មាន​ការ​ដោះស្រាយ​ជាមុន ហើយដំណើរ​ការ​ជីក​ព្រែក​ហ្នឹង​ ក៏វា​អាច​នឹងរលូន​ទៅ​បាន​ដែរ។ ប៉ុន្តែ​ឈរ​លើគោលការណ៍​មួយ គឺ​គោល​ការណ៍​ដោះ​ស្រាយ​ដោយ​តម្លាភាព និង​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់»។

បើតាម​លោក អំ សំអាត ការ​ផ្តល់​ព័ត៌​មាន​លម្អិត​អំពី​សំណង​សម្រាប់​ទូទាត់ផល​ប៉ះ​ពាល់ផ្ទះ​សម្បែង ​និង​ដីស្រែ​ចម្ការ​ទៅ​កាន់​ប្រជាពល​រដ្ឋគឺ​ជារឿងល្អ ដើម្បី​បញ្ចៀស​ការ​ព្រួយ​បារម្ភ​នានា។

កាល​ពីថ្ងៃ​ទី ៥ ខែ​សីហា ​ឆ្នាំ​ ២០២៤ នៅ​ពេល​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​ ​លោក​ ស៊ុន ចាន់ថុល ​អនុ​ប្រធាន​ទី ១ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជាឧប​នាយក​រដ្ឋមន្រ្តី​ដែល​ទទួល​បន្ទុក​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​បាន​ថថ្លែង​ប្រាប់​ប្រជា​ពល​រដ្ឋ​ឲ្យជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ និង​កុំ​ព្រួយ​បារម្ភ​លើ​បញ្ហា​នៃ​ផល​ប៉ះ​ពាល់។ លោក​បាន​លើកឡើង​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​ជា​សេនា​ធិការ​ នឹង​គិតគូរ​សិក្សា​យ៉ាង​លម្អិត​និង​វាស់​វែង​ច្បាស់​លាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ​ដោយ​សំដៅ​ធានា​ក្នុង​ការ​ផ្តល់​សំណង​យ៉ាង​សម​ស្រប​ជូន​ដល់ប្រជា​ពលរដ្ឋ។

ដោយឡែក​កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ​២០២៤ ​សារ​ព័ត៌​មាន​បរទេស​មួយ​បាន​រាយ​ការណ៍​ថា ​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​ច្បាស់​លាស់​របស់​ចិន​អាច​ធ្វើ​ឲ្យ​ខូច​ផែន​ការ​ទាំង​មូល​ ដោយ​លើក​ហេតុ​ផល​អំពី​ការ​ចំណាយ​របស់​គម្រោង​ ផល​ប៉ះ​ពាល់​ខាង​បរិស្ថាន​ និង​លទ្ធ​ភាព​ដែល​អាច​រស់​បាន​ខាង​ហិរញ្ញ​វត្ថុ​។ ក៏​ប៉ុន្តែ​ការ​រាយ​ការណ៍​នោះ​ត្រូវ​បាន​លោក ​ស៊ុន ចាន់​ថុល ​ច្រាន​ចោល​ដោយ​លោក​អះអាងថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជា គ្មាន​ឧបសគ្គ​អ្វី​ឡើយ ​ទាំង​ផ្នែក​សង្គម​ សេដ្ឋ​កិច្ច​ និង​បរិស្ថាន ​ខណៈផល​ប៉ះ​ពាល់​ផ្ទះ​សម្បែង​និង​ដើម​ឈើ​របស់​ប្រជា​ពល​រដ្ឋ​មាន​ចំនួន​ជាង ២.៣​០៥ ​ខ្នង​ ដោយ​ក្នុង​នោះ​ផ្ទះ​ប្រមា​ណ ​៤០០ ​ខ្នង ​នឹង​ត្រូវ​រុះ​រើ​ចេញ។

ព្រែក​ជីក​ហ្វូ​ណន​តេជោ​ ​មាន​ប្រវែង​ ១៨០ ​គីឡូ​ម៉ែត្រ ​គ្រោង​ចំណាយ​ប្រាក់​ ១.៧០០ ​ លាន​ដុល្លារ​អាមេរិក ​ដែល​តភ្ជាប់ពីទន្លេ​មេគង្គ​ក្នុង​ខេត្ត​កណ្តាល​ទៅ​ដល់ឆ្នេរ​អង្កោល​ក្នុង​ខេត្ត​កែប។

ជាមួយគ្នានោះ ​នៅពេល​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​កាល​ពីថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ​ ២០២៤​ ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ គម្រោង​មួយ​នេះ​មាន​ការ​ចូលរួម​ដាក់​ទុន​ពី​ក្រុមហ៊ុន​ខ្មែរ​ចំនួន​ ៥១% ​មិន​មែន​ក្រុមហ៊ុន​ចិន​តែ​មួយ​នោះ​ឡើយ។ ​លោក​បាន​ថ្លែងទៀតថា ​ក្នុងរយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ​ទៀត​ តំបន់​ព្រែក​ជីក​នេះ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​ក៏​ធ្លាប់​បញ្ជាក់​ថា​ ក្រុមហ៊ុន​ខ្មែរ​នឹង​ប្រើ​ថវិកា​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ​ទាំង​ស្រុង ​ប្រសិន​បើ​ក្រុម​ហ៊ុន​ចិន​ដក​ភាគ​ហ៊ុន​ចេញ​ពី​គម្រោង​នេះ។

បើ​តាម​រដ្ឋា​ភិបាល​កម្ពុជា​ ក្រុម​ហ៊ុន​ខ្មែរ​ដែល​បាន​ដាក់​ការ​វិនិយោគ​ក្នុង​ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ​រួមមាន​ក្រុមហ៊ុន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ​និង​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ​(OCIC) ​ដែល​កំពុង​សាង​សង់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​ថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG