ឧបនាយករដ្ឋមន្រ្តីដែលទទួលបន្ទុកគម្រោងព្រែកជីកហ្វូណនតេជោ លោក ស៊ុន ចាន់ថុល អះអាងថា បើគិតចាប់តំាងពីថ្ងៃបើកការដ្ឋានកាលពីដើមខែសីហាមក គម្រោងព្រែកជីកនេះកំពុងតែដំណើរការ ហើយគ្រោងបញ្ចប់តាមផែនការកំណត់នៅឆ្នាំ ២០២៨។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះកើតមានឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មានReuters បានចេញផ្សាយសេចក្តីរាយការណ៍មួយកាលពីសប្តាហ៍មុនថា រយៈពេលបីខែក្រោយការបើកការដ្ឋាន គឺការចូលរួមចំណែកខាងហិរញ្ញវត្ថុរបស់ចិនសម្រាប់ការអនុវត្តគម្រោងនេះ នៅតែជាក្តីមន្ទិល ដែលការណ៍នេះធ្វើឲ្យជោគវាសនា និងចីរភាពនៃការអនុវត្តគម្រោងព្រែកជីកនេះស្ថិតក្នុងភាពមិនប្រាកដប្រជា។
នៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល បានបដិសេធចំពោះសេចក្តីរាយការណ៍ព័ត៌មាននោះ និងអះអាងថា ការអនុវត្តគម្រោងនេះកំពុងប្រព្រឹត្តទៅជាធម្មតា ដោយគ្មានឧបសគ្គអ្វីឡើយ ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន។
លោកថ្លែងថា៖ «ប្រហែលគាត់សួរ អាអ្នកថា អ៊ីចឹងអាអ្នកថាអត់ដឹងអីទេ ប្រហែលសួរអាអ្នកឈរមើលអត់ដឹងអីទៀត សួរអាអ្នកទិតៀន អត់ដឹងអីទៀត [ហើយ]អាអ្នកធ្វើ មិនសួរ ហើយសរសរថា គម្រោងនេះលែងទៅមុខហើយ បោះបង់ចោល គ្មានការគំាំទ្រពីដៃគូរបស់យើង ទាំងដៃគូរដ្ឋ ទាំងដៃគូឯកជនទេ។ ខ្ញុំសូមជម្រាបៗថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរតាមការគ្រោងទុក ឬមុនការគ្រោងទុក»។
បើតាមលោក ស៊ុន ចាន់ថុល បន្ទាប់ពីបើកការដ្ឋានសាងសង់ជាង ៣ ខែមកនេះ រដ្ឋាភិបាលបានធ្វើការជាប្រចាំ ហើយចុះសិក្សាផលប៉ះពាល់ផ្ទះសំបែង និងដើមឈើរបស់ប្រជាពលរដ្ឋ ដែលកើនពី ១.៥៨៥ ខ្នងផ្ទះ ឡើងដល់ ២.៣០៥ ខ្នងផ្ទះ ដោយសារតែត្រូវពង្រីកព្រែកត្រង់កន្លែងខ្លះ ហើយក្នុងនោះផ្ទះប្រមាណ ៤០០ ខ្នង នឹងត្រូវរុះរើចេញ។
លោកថ្លែងថា៖ «នែ! យើងរយៈពេល ៣ ខែនេះ ត្រូវតែកំពុងធ្វើការលម្អិតអ៊ីចឹង រាប់ដើមខ្នុរ ដើមស្វាយ ដើមល្ហុង តែកាប់របស់គាត់[ប្រជាពលរដ្ឋ] ត្រូវតែសងគាត់ហើយ។ ហើយមកទិតៀន ថាអត់មានអ្វីអីសោះ ខ្ញុំសូមជម្រាបថា ធ្វើរហូតៗ។ ប៉ុន្តែមិនទាន់ដល់ពេល យើងដោះស្រាយហើយ យើងនឹងចាប់ដំណើរការ»។
លោកបន្ថែមថា៖ «ប៉ុន្តែសួរថា តើការបើកការដ្ឋានមិនទាន់ធ្វើអី? ការធ្វើដំណើរក្នុងដំណើរ ១៨០ គីឡូម៉ែត្រ ត្រូវចាប់ផ្តើមពីជំហានទី ១។ មិនមែនទៅដល់ ១៨០ គីឡូម៉ែត្រភ្លាមទេ ដើរមួយជំហានសិន។ អ៊ីចឹងការបើកការដ្ឋាន ជាជំហានទីមួយ ហើយយើងខ្ញុំកំពុងធ្វើការរាល់ថ្ងៃនេះ»។
ឧបនាយករដ្ឋមន្ត្រីរូបនេះ មិនបានបញ្ជាក់ថាតើក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC (China Road and Bridge Corporation) នៅតែបន្តចូលរួមវិនិយោគក្នុងទំហំ៤៩% ឬប្រែប្រួលយ៉ាងណានោះទេ បន្ទាប់ពីរដ្ឋាភិបាលបានរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ជាមួយក្រុមហ៊ុនចិនមួយនេះ អំឡុងឆ្នាំ ២០២៣។
លោកក៏មិនបានបញ្ជាក់ជុំវិញការដោះស្រាយសំណងផលប៉ះពាល់លើប្រជាពលរដ្ឋថា តើនឹងដោះស្រាយយ៉ាងដូចម្តេចនោះដែរ។
ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ គ្រោងចំណាយប្រាក់១.៧០០ លានដុល្លារអាមេរិក ដែលតភ្ជាប់ទន្លេមេគង្គក្នុងខេត្តកណ្តាល ទៅដល់ឆ្នេរអង្កោលក្នុងខេត្តកែប។
កាលពីដើមឡើយ នៅពេលដែលរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមប្រកាសអំពីការស្ថាបនាគម្រោងព្រែកជីកមួយនេះ រដ្ឋាភិបាលបញ្ជាក់ថា ក្រុមហ៊ុនចិន CRBC ដែលវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនិងភ្នំពេញបាវិត ជាអ្នកវិនិយោគទុន ១០០%។
បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រោយមកភាគហ៊ុនក្រុមហ៊ុននេះបានថយចុះមកត្រឹម ៤៩% ហើយចំណែកផ្សេងទៀតគឺ ភាគីកម្ពុជាជាអ្នករ៉ាប់រង។ ប៉ុន្តែមន្ត្រីម្នាក់នៅក្រុមហ៊ុន CRBC បានប្រាប់ Reuters ថា តួលេខដែលបានផ្សព្វផ្សាជា
សាធារណៈនោះមិនច្បាស់នោះទេ ហើយថា «វាជារឿងស្មុគស្មាញ»។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters បានយោងតាមសម្តីរបស់អ្នកជំនាញ មន្ត្រី និងអ្នកការទូតជាច្រើន ដែលបាននិយាយថា កង្វះការប្តេជ្ញាចិត្តច្បាស់លាស់របស់ចិនអាចធ្វើឲ្យខូចផែនការទាំងមូល ដោយលើកហេតុផលអំពីការចំណាយរបស់គម្រោង ផលប៉ះពាល់ខាងបរិស្ថាន និងលទ្ធភាពដែលអាចរស់បានខាងហិរញ្ញវត្ថុ។
ប្រធានវេទិកាអនាគត (Future Forum) លោក អ៊ូ វីរៈ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលគួរតែបញ្ជាក់ឲ្យច្បាស់បន្ថែមទៀត ឬបង្ហាញឯកសារសង្ខេបអំពីក្រុមហ៊ុនវិនិយោគ និងទំហំទុនវិនិយោគ និងផលប៉ះពាល់ផ្សេងៗ ដើម្បីជម្រះមន្ទិលសង្ស័យនានាអំពីការអនុវត្តគម្រោងដែលមានរយៈពេល ៤ ឆ្នាំនេះ។
លោកថ្លែងថា៖ «ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ យើងស្ងាត់រឿង ៤៩% ហ្នឹងទៀត អ៊ីចឹងនៅតែជាការចូលរួមក្នុងខ្ទង់ចំណាយហ្នឹងជារបស់ប្រទេសចិន ឬក្រុមហ៊ុនចិន ឬមួយក្រុមហ៊ុនរដ្ឋរបស់ចិន អាហ្នឹងយើងនៅមិនទាន់ច្បាស់។ តាមពិត រដ្ឋាភិបាលគួរបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់លាស់ទៅ វាល្អសម្រាប់កុំឲ្យគេមានមន្ទិលសង្ស័យ ឬមួយមានការចោទប្រកាន់»។
បើតាមលោក អ៊ូ វីរៈ សារព័ត៌មានធំៗ ដូចជា Reuters ក្តី បានផ្តោតការចាប់អារម្មណ៍លើប្រទេសចិន ជាពិសេសគម្រោង BRI ដែលជាគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានធ្លាក់ចុះជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ លោក អ៊ូ វីរៈ លើកឡើងថា គម្រោងនេះ ទោះបីជា «ដើរយឺត ប្រសើរជាងដើរខុស» ព្រោះដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ។ លោកបានជំរុញឲ្យរដ្ឋាភិបាលផ្តល់ព័ត៌មានជាក់លាក់អំពីផលប៉ះពាល់ និងសំណងដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពលរដ្ឋភ័យផង អរផង ឬមានភាពស្រពេចស្រពិល។
លោកបន្ថែមថា៖ «បើសិនជាយើងដកឃ្លា ឬយកពេលដើម្បីសិក្សាឲ្យបានស៊ីជម្រៅ ឲ្យបានលម្អិត ខ្ញុំថាល្អ [គឺ]ល្អជាងយើងបង្ខំឲ្យលឿន»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់ពីក្រុមហ៊ុនចិន CRBC និងស្ថានទូតចិន នៅទីក្រុងភ្នំពេញបាននៅឡើយដែរ។
រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកមួយនេះ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ នៅត្រង់ចំណុចស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលចំថ្ងៃខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលលោកជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោងមួយនេះ។
មួយថ្ងៃក្រោយការបើកការដ្ឋានសាងសង់ព្រែកជីកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់ថា គម្រោងនេះដាក់ទុនវិនិយោគដោយក្រុមហ៊ុនខ្មែរចំនួន ៥១% ក្រៅពីនោះគឺក្រុមហ៊ុនចិន។ លោកបន្ថែមថា ក្រុមហ៊ុនខ្មែរនឹងប្រើថវិកាសាងសង់ព្រែកជីកហ្វូណនតេជោទាំងស្រុង ប្រសិនបើក្រុមហ៊ុនចិនដកភាគហ៊ុនចេញពីគម្រោងនេះ។
ក្រុមហ៊ុនខ្មែរដែលបានដាក់ការវិនិយោគក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលកំពុងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅក្នុងខេត្តកណ្តាល។ នេះបើតាមរដ្ឋាភិបាលកម្ពុជា។
ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅជិតព្រែកតាកែវ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងទន្ទឹងរង់ចាំដំណឹងអំពីការទូទាត់ផលប៉ះពាល់ និងសំណងនានា។ ពួកគេក៏រំពឹងថា រដ្ឋាភិបាលនឹងផ្តល់សំណងសមរម្យដល់ពួកគេផងដែរ។
លោក វ៉ា ជា អាយុ ៣៩ ឆ្នាំ ដែលរស់នៅជិតព្រែកតាកែវ ប្រាប់វីអូអេថា៖ «ចង់ឲ្យតែច្បាស់លាស់តែម្តង ចង់និយាយថា យកគម្រោងគេប៉ុណ្ណា អីប៉ុណ្ណា ហើយយកធ្វើខែណា ស្រួលយើងចាត់ចែងពីត្រឹមហ្នឹង។ យើងធ្វើដំណាំដាំដុះស្រួល អ៊ីចឹងទៅ»។
ចំណែកលោក ឡេង សុខ ពលរដ្ឋម្នាក់ទៀតដែលជាអ្នកប្រកបរបរសាងសង់ផ្ទះស័ង្កសីនៅលើមាត់ព្រែកតាកែវ រយៈពេលប្រមាណ ១៥ ឆ្នាំមកនេះ បានលើកឡើងថា៖ «អត់ដឹងដីដែលគេត្រូវធ្វើហ្នឹង គេយកត្រឹមណាឲ្យពិតប្រាកដ អាហ្នឹងយើងអត់ទាន់ដឹងដែរ»៕
វេទិកាបញ្ចេញមតិ