ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នីមួយៗ​គឺ​ជា​មិត្ត​ផង​ជា​សត្រូវ​ផង​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​តំបន់​អាស៊ី


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​លោក​ប្រធានាធិបតី Xi Jinping នៅ​ក្នុង​សណ្ឋាគារ West Lake State Guest House ក្នុង​ក្រុង Hangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​លោក​ប្រធានាធិបតី Xi Jinping នៅ​ក្នុង​សណ្ឋាគារ West Lake State Guest House ក្នុង​ក្រុង Hangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

ខណៈ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​ទៅ​តំបន់​អាស៊ី មាន​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ចាប់​អារម្មណ៍​របស់​អាមេរិក​ក្នុង​ការ​វិល​ត្រឡប់​មក​តំបន់​អាស៊ី ឬ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​វិស័យ​សេដ្ឋកិច្ច ការ​ទូត និង​យោធា​ក្នុង​តំបន់​នេះ។​

សហរដ្ឋ​អាមេរិក​មិនមែន​ជា​ប្រទេស​តែ​មួយ​ទេ​ ដែល​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ព្យាយាម​ស្ដារ​ឡើង​វិញ​នូវ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។ ប្រទេស​ជប៉ុន និង​រុស្ស៊ី​ក៏​កំពុង​បង្កើន​កិច្ច​ប្រឹង​ប្រែង ដើម្បី​បង្កើត​ចំណង​ការ​ទូត ពាណិជ្ជកម្ម ហើយ​និង​ យោធា​ផង​ដែរ។

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​យូរ​មក​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​ប្រទេស​ផ្សេង​ៗ​ទៀត កំពុង​តែ​ព្យាយាម​ធ្វើ​ដូច​ប្រទេស​ចិន។​

អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ ដែល​ប្រទេស​ជប៉ុន​បាន​វិនិយោគ​កាន់​តែ​ច្រើន​ឡើងៗ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ជាង​នៅ​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង។ ហើយ​ជា​បណ្ដើរៗ ជប៉ុន​ក៏​កំពុង​តែ​ផ្លាស់​ប្ដូរ​ពី​ការ​ផ្ដល់​ជំនួញ​ផ្នែក​អភិវឌ្ឍន៍​ ទៅ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ ដូច​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​កំពុង​តែ​ធ្វើ​នៅ​ក្នុង​តំបន់។

ការ​ផ្ដោត​ចំណាប់​អារម្មណ៍​របស់​អាមេរិក និង​កំណើន​ការ​វិនិយោគ​របស់​ចិន គឺ​ជា​គន្លឹះ​សំខាន់​នៃ​ការ​ផ្លាស់​ប្ដូរ នេះ​បើ​តាម​សម្ដី​របស់ នាង Titli Basu អ្នក​ស្រាវ​ជ្រាវ​មក​ពី​វិទ្យាស្ថាន​សម្រាប់​ការ​ស្រាវជ្រាវ និង​វិភាគ​វិស័យ​ការពារ​ជាតិ​ ប្រចាំ​ទីក្រុង​ញូវដេលី។

នាង​បាន​និយាយ​ថា៖ «ជប៉ុន​បាន​ចាប់​ផ្ដើម​គោលនយោបាយ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី Shinzo Abe ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១២។ ហើយ​ការ​មក​ដល់​របស់​ប្រទេស​ចិន​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​អន្ទះសា ក្នុង​ការ​កំណត់​តួនាទី​របស់​ខ្លួន​ឡើងវិញ ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​ផ្នែក​សន្តិសុខ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

ឆាក​នយោបាយ​ដ៏​ធំនៅ​តំបន់​អាស៊ី

ប្រទេស​ជប៉ុន មិន​ត្រឹម​តែ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​គិតគូរ​ពី​បញ្ហា​សន្តិសុខ និង​ការ​ទូត​ផង​ដែរ។ តួយ៉ាង ក្នុង​កិច្ច​ប្រឹង​ប្រែង​ថ្មី​មួយ គឺ​ទី​ក្រុង​តូក្យូ​បាន​ផ្ដល់​ឲ្យ​ប្រទេស​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​ នូវ​នាវា​ឆ្មាំ​សមុទ្រ និង​ការ​ហ្វឹកហាត់។

គ្រប់​គ្រង​ដោយ​របប​កុម្មុយនិស្ត ប្រទេស​វៀតណាម​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​បក្ស​និង​បក្ស ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​វៀតណាម​ក៏​បាន​ក្រឡេក​មើល​ការ​រីក​ចម្រើន​នៃ​ការ​រឹត​ចំណង​មិត្តភាព​របស់​ខ្លួន​ជាមួយ​អាមេរិក និង​រុស្ស៊ី​ដែរ។ នៅ​ដើម​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​លុប​ចោល​ការ​ហាម​ឃាត់​ជា​ច្រើន​ទសវត្សរ៍​នៃ​ការ​លក់​អាវុធ​ឲ្យ​ប្រទេស​វៀតណាម។

ក្រៅ​ពី​ជួយ​វៀតណាម​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ រុស្ស៊ី​ក៏​បាន​ផ្ដល់​ឲ្យ​វៀតណាម​នូវ​នាវា​មុជទឹក និង​ការ​កសាង​មូលដ្ឋាន​នាវា​មុជ​ទឹក​ផង​ដែរ។ ការណ៍ នេះ ជួយ​ប្រទេស​វៀតណាម​ក្នុង​ការ​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​បី​ជា​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​គាំ​ទ្រ​ជំហរ​របស់​ចិន​ក្នុង​ទាក់ទិន​នឹង​ជម្លោះ​ដែន​ទឹក​នេះ​ក៏​ដោយ។ ​

កប៉ាល់​ចិន​ដេញ​កប៉ាល់​វៀតណាម​ បន្ទាប់​ពី​កប៉ាល់​វៀតណាម​ចូល​តំបន់​ដែល​មាន​ប្រេង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
កប៉ាល់​ចិន​ដេញ​កប៉ាល់​វៀតណាម​ បន្ទាប់​ពី​កប៉ាល់​វៀតណាម​ចូល​តំបន់​ដែល​មាន​ប្រេង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

អ្នក​គ្រប់​គ្នា​ជា​មិត្ត​ផង​ជា​សត្រូវ

​នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​កំពុង​តែ​ប្រជែង​អំណាច​គ្នា ភាព​តាន​តឹង​តែង​តែ​កើត​មាន​ឡើង​ជៀស​មិន​រួច។

​ការ​ខ្វែង​គំនិត​គ្នា​ និង​ការ​ចង់​បានផល​ប្រយោជន៍​រៀង​ខ្លួន គឺ​ពិត​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​សព្វ​ថ្ងៃ នេះ​បើ​តាម​សម្ដី​របស់ លោក Richard Bitzinger អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​សាលា​កិច្ច​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​សិង្ហបុរី។

លោក Bitzinger និយាយ​ថា៖ «យើង​អាច​និយាយ​បាន​ថា អ្នក​គ្រប់​គ្នា​គឺ​ជា​មិត្ត​ផង ជា​សត្រូវ​ផង»។

លោក​បន្ថែម​ថា៖ «មាន​កន្លែង​ជា​ច្រើន​ដែល​មាន​ប្រទេស​ពីរ​ដូច​ជា ចិន-រុស្ស៊ី ឬ ចិន-អាមេរិក សម្លឹង​ឃើញ​ឱកាស​ និង​ផល​ប្រយោជន៍​រួម ដែល​ធ្វើ​ពួក​គេ​មាន​បំណង​ចង់​សហការ​គ្នា។ ស្រប​ពេល​គ្នា​នេះ​ដែរ​ក៏​មាន​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​ដណ្ដើម​ និង​ប្រកួត​ប្រជែង​គ្នា»។

​កូរ៉េ​ខាង​ជើង​គឺ​ជា​កន្លែង​ដែល​រុស្ស៊ី ជប៉ុន ចិន និង​អាមេរិក​អាច​មាន​ឱកាស​ធ្វើការ​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ពេល​និយាយ​ពី​សមុទ្រ​ចិន​ខាង​កើត និង​ខាង​ត្បូង ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ផ្សេង​គ្នា នេះ​បើ​តាម​លោក Bitzinger។

រុស្ស៊ី​ក៏​ជា​មហា​អំណាច​មួយ​នៅ​អាស៊ី​ដែរ

ក្នុង​នាម​ជាប្រទេស​មួយ​ ដែល​ទើប​តែ​ចូល​ខ្លួន​ក្នុង​ឆាក​នយោបាយ​ក្នុង​តំបន់​អាស៊ី​នេះ ប្រទេស​រុស្ស៊ី​ក៏​កំពុង​បង្កើន​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​លក់​អាវុធ​ទៅ​ឲ្យវៀតណាម និង​ពង្រីក​ទីផ្សារ​ថាមពល​របស់​ខ្លួន​ផង​ដែរ។

ក្នុង​អំឡុង​ពេល​ជា​ប្រទេស​មហាអំណាច​នៅ​ឆ្នាំ១៩៨០ មូលដ្ឋាន​កង​ទ័ព​ក្រៅ​ប្រទេស​ធំ​បំផុត​របស់​អតីត​សហភាព​សូវៀត ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។

«កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ប្រទេស​រុស្ស៊ី​ជាប់​រវល់​ជាមួយ​ព្រឹត្តិការណ៍​នៅ​អឺរ៉ុប»។ នេះ​បើ​តាម​សម្ដី​របស់​លោក Lo Chih Cheng អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Soochow ប្រចាំ​ទីក្រុង​តៃប៉ិ។ លោក​បន្ថែម​ថា៖ «ហើយ​ឥឡូវ​នេះ​លោក Putin កំពុង​តែ​ព្យាយាម​បង្វែ​យុទ្ធសាស្ត្រ​ពី​អឺរ៉ុប​ទៅ​អាស៊ី​វិញ ដែល​នេះ​គឺ​ ងាក​ត្រឡប់​ទៅ​រកអាស៊ី​វិញ​របស់​រុស្ស៊ី ដើម្បី​ឲ្យ​មាន​តុល្យភាព​ និងឥទ្ធិពល​ដូច​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​ដែរ»។

លោក​ប្រធានាធិបតី Vladimir Putin ស្ថិត​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល G-20 នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Vladimir Putin ស្ថិត​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល G-20 នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ុន្តែ​ខណៈ​ពេល​ដែល​រុស្ស៊ី​ប្ដេជ្ញា​ចិត្ត​ងាក​មក​រក​អាស៊ី​វិញ​បន្តិច​ម្ដងៗ ពាណិជ្ជកម្ម​របស់​រុស្ស៊ី​មាន​ទំហំ​តូច ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត ហើយ​លោក Bitzinger បាន​ហៅ​រុស្ស៊ី​ថា «ជា​អ្នក​ចាប់​ផ្ដើម​ក្រោយ​គេ» នៅ​ក្នុង​តំបន់​ដែល​កៀក​នឹង​ខ្លួន​។

លោក Bitzinger បន្ថែម​ថា៖ «បញ្ហា​របស់​រុស្ស៊ី គឺ​ថា​រុស្ស៊ី​មិន​មាន​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់»។​

ផល​ប៉ះ​ពាល់​មិន​បាន​គ្រោង​ទុក

យ៉ាងណា​ក៏ដោយ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់ រុស្ស៊ី​បាន​សហការ​ជាមួយ​ចិន (បើ​ទោះជា​ការ​លក់​អាវុធ​ឲ្យ​ទៅ​វៀតណាម ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចិន​ក៏​ដោយ)។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin សម្ដែង​ការ​គាំ​ទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដោយ​អះ​អាង​ថា ប្រទេស​ដទៃ​ទៀត​មិន​គួរ​លូក​ដៃក្នុង​រឿង​ជម្លោះ​សមុទ្រ​ខាង​ត្បូង​ឡើយ។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ មេដឹកនាំ​ទាំង​អស់ ជៀស​វាង​មិន​ជជែក​ពី​បញ្ហា និង​បរាជ័យ​ក្នុង​ការ​កំណត់​ជំហរ​ជាក់​លាក់​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ធ្វើ​ដំណើរ​តាម​ដែន​សមុទ្រ និង​ការ​ហោះ​ហើរ​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​ដើម នេះ​បើ​តាម​សម្ដី​របស់​នាង Basu។

នាង​និយាយ​ថា៖ «[ករណី​នេះ] គ្មាន​ការ​និយាយ​អំពី​ការ​សម្រេច​របស់​អាជ្ញា​កណ្ដាល​ទេ។ ហើយ​ក៏​គ្មាន​ការ​និយាយ​អំពី​ការ​ចាក់​ដី​ពង្រីក​កោះ​ ​ដែល​ចិន​កំពុង​តែ​ធ្វើ ក្នុង​តំបន់​នោះ​ដែរ»។ នាង​បន្ថែម​ថា៖ «ការណ៍​នេះ​ប្រាប់​យើងបាន​យ៉ាង​ច្រើន ពី​ឥទ្ធិពល​របស់​ចិន ក្នុង​វិស័យ​ការ​ទូត សេដ្ឋកិច្ច និង​យោធា»។

នៅ​ខណៈ​ពេល​ដែល​មេដឹកនាំ​ក្នុង​តំបន់​អាស៊ី​ភាគ​ច្រើន កំពុង​ប្ដេជ្ញា​ទប់​ទល់​កុំ​ឲ្យមាន​វិបត្តិ​ផ្ទុះ​ឡើង លោក Bitzinger ថ្លែង​ថា​លទ្ធភាព​ជម្លោះ​ដែល​មិន​បាន​គ្រោង​ទុក​អាច​កំពុង​តែ​រីក​ធំ​ឡើង។​

លោក​និយាយ​ថា៖ «ប្រទេស​ជា​ច្រើន​កំពុង​តែ​បំពាក់​អាវុធ​នៅ​ក្នុង​តំបន់​បន្ត​បន្ទាប់​ជា​ពិសេស​អាវុធ​ទំនើបៗ។ ទិដ្ឋភាព​ជាក់​ស្ដែង​មួយ​ចំនួន​ដែល​អ្នក​កំពុង​មើល​ឃើញ​ គឺ​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ដ៏​គឃ្លើន​រវាង​គ្នា និង​គ្នា ​ជា​ពិសេស​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។ ​

ប្រឈម​មុខ​ដាក់​គ្នា​ដ៏​មាន​គ្រោះថ្នាក់ និង​ការ​កើន​ឡើង​នៃ​ភាព​ស្មុគ​ស្មាញ​ ទាក់ទិន​នឹង​ការ​ស្ដារ​ទំនាក់​ទំនង​ឡើង​វិញ​ទាំង​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ វិភាគ​ថា មិន​ថា​គ្រោះ​ថ្នាក់​តិច​ឬ​ច្រើន​ ការណ៍​នេះ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​ស្ថានការណ៍មិន​អាច​គ្រប់​គ្រង​បាន។

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG