ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គុណ​ភាព​ទឹកថ្នាំ​ជ្រលក់​ម្រាម​ដៃ​បោះឆ្នោត​មាន​បញ្ហា​ អាច​លាង​ជ្រះ


នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និយាយ​​ទៅ​​កាន់​​អ្នកយក​ព័ត៌មាន​ ក្រោយពី​​លោក​​បាន​​បោះឆ្នោត​ហើយ នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​​កាលពី​ខែ​មិថុនា​ឆ្នាំ២០១២។​
នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និយាយ​​ទៅ​​កាន់​​អ្នកយក​ព័ត៌មាន​ ក្រោយពី​​លោក​​បាន​​បោះឆ្នោត​ហើយ នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​​កាលពី​ខែ​មិថុនា​ឆ្នាំ២០១២។​
ទីក្រុងវ៉ាស៊ីនតោន៖ ក្រុម​មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ទឹកថ្នាំ​មួយ​ចំនួន​ដែល​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តេស្តសាក​ល្បង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នោះ​ អាច​លុប​ជ្រះ​បាន​ ដែល​ធ្វើឲ្យ​មាន​ក្តី​បារម្ភ​ដល់ ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌។​ ក៏​ប៉ុន្តែ​មន្ត្រី​គ.ជ.ប.​បាន​អះអាង​ថា ​គុណភាព​ទឹក​ថ្នាំ​ល្អ​មិន​អាច​លុប​ជ្រះ​ភ្លាមៗ​បាន​ទេ។​

គ.ជ.ប.​បាន​អនុញ្ញាតឲ្យក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​និង​គណបក្ស​នយោបាយ​ បាន​ធ្វើការ​សាកល្បង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនការ​បោះឆ្នោត​ចាប់​ផ្តើម។​ គ.ជ.ប.​បាន​ឲ្យក្រុម​អ្នក​ចូលរួម​ជ្រលក់​ដៃ​ ហើយ​បញ្ជាក់​មក​វិញ​ប្រសិន​បើទឹកថ្នាំ​ដែល​ផលិត​ដោយ​ប្រទេស​ឥណ្ឌា​នោះ​មាន​បញ្ហា។​

ប៉ុន្មាន​ម៉ោង​ក្រោយ​ពីការ​ធ្វើតេស្តទឹកថ្នាំ​ជាផ្លូវការ​នៅ​ឯ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោតនោះ​ ​លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​បាន​ថ្លែង​ប្រាប់​វីអូអេថា​ ក្រោយ​ពី​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ទឹក​ថ្នាំ​ជា​ផ្លូវការ​ ទឹកថ្នាំ​នោះ​អាច​លាង​ជ្រះ។​

លោក​និយាយ​ថា៖​ «ហើយ​បុគ្គលិក​ខុមហ្រ្វែល​យើង​ពីរនាក់​ហ្នឹង​បាន​ធ្វើ​ជ្រលក់​ម្រាមដៃ​គាត់​លើទឹក​ខ្មៅ​ហ្នឹង​ ហើយ​យើង​បាន​ត្រឡប់​មកវិញ។​ គ.ជ.ប.​បាន​ប្រាប់​យើង​ថា​ ឲ្យយើង​ត្រឡប់​មកវិញ។​ ហើយ​គ.ជ.ប.​ថា​ ចាំបី​ម៉ោង​ទៀត​ បើសិន​ជា​ថា​យើង​លាង​ជ្រះ​ប្រាប់​គេ។​ ហើយ​ពេល​យើង​មក​វិញ​យើង​បាន​សាកល្បង​លាង​ទឹក​ដែល​យើង​ធ្លាប់​លាង​ហ្នឹង​ ស្រាប់​តែ​វាជ្រះ​ទឹក​ខ្មៅ​នឹង​ទៅ។​ ឥឡូវនេះ​យើង​បាន​ប្រាប់​គ.ជ.ប.​ហើយ»។​

លោក​គល់ បញ្ញា​បាន​អះអាង​ថា​ បញ្ហា​ទឹកថ្នាំ​នោះ​កើត​ឡើង​ជួនគ្នា​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ត្រូវ​គ.ជ.ប.​អនុញ្ញាត​ឲ្យ​នាំយក​ទៅ​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ផ្ទៀងផ្ទាត់​ជា​ចុង​ក្រោយ​ទេ។​

លោក​និយាយថា៖ ​«បូក​ជាមួយ​នឹង​រឿង​ទឹក​ខ្មៅ​នេះ ​យើង​មាន​ការ​ព្រួយ​បារម្ភ ​ទឹក​ខ្មៅ​លាង​ជ្រះ​ផង​ ហើយ​មាន​ការ​ណែនាំ​ពិសេស​ដោយ​អត់​មាន​ជា​និតិវិធី​ឬ​ក៏​បទ​បញ្ជា​អ្វី​ពី​បញ្ហា​ហ្នឹង ​ស្រាប់តែ​ណែនាំ​តាម​មាត់​ប្រាប់​ថា ​អត់​ឲ្យ​យក​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​ផ្ទៀងផ្ទាត់​ទេ​ ឬ​អត់​ឲ្យ​ទៅ​ជួយ​រក​ឈ្មោះ​ប្រជា​ពលរដ្ឋ​ទេ។​ រឿង​ហ្នឹង​ដែល​ជា​បញ្ហា​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។​

បាន​អះអាង​ប្រាប់​វីអូអេ​ក្រោយ​ពី​ពិធី​ធ្វើ​តេស្តទឹកថ្នាំ​ជាផ្លូវការ​កា​ពី​ល្ងាច ថ្ងៃ​សុក្រ​ថា​ ការ​ធ្វើតេស្តសាកល្បង​ទឹកថ្នាំ​រក​ឃើញ​ថា​ មាន​គុណភាព​ល្អ​ មិន​អាច​ លុប​ជ្រះ​ទេ។​

លោក​និយាយ​ថា៖ ​«ហើយ​គុណភាព​ទឹកខ្មៅ​នេះ​ល្អ​ណាស់។​ ថ្មីៗ​ មុន​ហ្នឹង​បន្តិច​ប្រហែល​ជា​ពីរ​ម៉ោង​មុន​ហ្នឹង​គឺ​យើង​បាន​ធ្វើ​ការ​សាកល្បង​ឲ្យ​ជ្រលក់​ម្រាមដៃហើយ​ ហើយយើង​ទូរស័ព្ទ​ទៅវិញ​ពីរ​ម៉ោង​ក្រោយមក​ហ្នឹង​ អ្នក​យក​ទៅ​លុប​ហ្នឹង​អត់​ទាន់​លុប​ចេញ​នៅ​ឡើយ​ទេ។​ អញ្ចឹង​ទេ​ គុណភាព​វាមួយ​អាទិត្យ​ឯណោះ ទើប​លុប​ចេញ​ទៅ​វិញ​បាន។​ អញ្ចឹង​ទេ​រឿង​ទឹកខ្មៅ​ហ្នឹង​ធានា​គុណភាព​ច្បាស់​លាស់​ណាស់»។

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ និចហ្វិច ​បាន​អះអាង​ពី​ការ​រក​ឃើញ​ថា​ ទឹក​ថ្នាំ​ថ្នាំ​អាច​លុប​បានដែរ​ ដោយ​អះអាង​ថា ​ក្រុម​អ្នក​ឃ្លាំមើល​កំពុង​មាន​ក្តី​បារម្ភ​ពី​ភាព​សេរី​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត។​

លោក​ថ្លែងថា៖​ «យើង​មាន​ក្តី​បារម្ភថា​ ប្រសិន​បើ​គោល​ការណ៍​ម្នាក់​បោះ​បាន​មួយ​សន្លឹក​ តែ​បើ​មាន​ជន​ឆ្លៀត​ឱកាស​ប្រើប្រាស់​នូវ​ការ​លុប​បាន​របស់​ទឹក​ខ្មៅ​នេះ​ លាង​ឲ្យ​ស្អាត ​ហើយ​ទៅ​បោះ​ឆ្នោត​ម្តង​ទៀត​ ព្រោះ​ថា​ ពេល​ខ្លះ​យើង​ឃើញ​មាន​ករណី​ឈ្មោះ​ស្ទួន​បញ្ជី​បោះឆ្នោត ​មាន​ការ​ប៉ោង​ឡើង​ ហើយ​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​មាន​ភាព​មិន​ប្រក្រតី​ខ្លះៗក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ»។​

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ោង​ ឬ​មាន​ឈ្មោះ​ខ្មោច​ច្រើន បញ្ហា​ទឹកថ្នាំ​ខ្មៅ​អាច​លុប​បាន​ បញ្ហា​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាញ​ច្រើន​ ហើយ​មិន​ប្រក្រតី ​និង​ការ​មិន​ឲ្យ​គណបក្ស​ នយោបាយ​ និង​អ្នក​សង្កេត​ការណ៍​យក​បញ្ជី​ទៅ​ផ្ទៀង​ផ្ទាត់​នៅ​ការិយាល័យ​បោះ​ ឆ្នោត​គឺ​ជា​ការ​កង្វល់​ចុងក្រោយ​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត។

មុន​តែ​ប៉ុន្មាន​ម៉ោង​ដែល​ការ​ឃោសនា​រក​សំឡេងឆ្នោត​ត្រូវ​បញ្ចប់​កាលពី​ថ្ងៃសុក្រ​ នេះ​ អង្គការ​ស.រ.អា.​មួយ​ឈ្មោះ​ Human ​Rights ​Watch ​(HRW) ​បាន​និយាយ​ថា​ មាន​បញ្ហា​ជា​ប្រព័ន្ធ​យ៉ាង​ច្រើន​ដែល​ធ្វើឲ្យ​ការ​បោះឆ្នោត​ថ្ងៃ​២៨​ខែ​កក្កដា​នេះ​គ្មាន​ លក្ខណៈ​សេរី​ យុត្តិធម៌​ ត្រឹមត្រូវ។​ នេះជា​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។​

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ HRW ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា៖​ «ដំណើរការ​ទាំង​មូល​គឺ​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ប្រឆាំង​នឹង​គណបក្ស​ជំទាស់។​ លទ្ធផល​ដែល​គួរ​ធ្វើ​តាម​ឆន្ទៈ​របស់​ពល​រដ្ឋនោះ​ត្រូវគេ​រៀបចំ​ឲ្យទៅ​ជា​លទ្ធផល​តាម​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​អះអាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាជ្ញាធរ​ប្រដាប់​អាវុធ​ជួយ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​គ្មាន​ប្រព័ន្ធ​យន្ត​ការណ៍​ដោះស្រាយ​ទំនាស់​ដោយ​ឯករាជ្យ​ និង​មិន​លម្អៀង​ បញ្ជី​បោះឆ្នោត​មាន​ឈ្មោះ​ប៉ោង​ ឬឈ្មោះ​ខ្មោច​ និង​ការ​ផាត់​ចោល​លោកសម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជាដើម។​

តែ​លោកទេព នីថា​ អគ្គ​លេខាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដោយ​ថ្លែង​ថា​ អង្គការ​ HRW ​ជាអង្គការ​មិន​ដែល​និយាយ​ អ្វី​ល្អ​ពី​កម្ពុជា​ទេ រួមទាំងការ​បោះឆ្នោត។​ លោក​ទេព នីថា​អះអាង​ថា ​ការ​បោះ​ឆ្នោត​មាន​អ្នកសង្កេត​ការណ៍​ជាច្រើន ​ទាំងជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​ភាព​សេរី ​និង​យុត្តិធម៌។​

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់ អំណាច​ជាង​៣០ឆ្នាំ​ បាន​ឈ្នះ​ការ​បោះឆ្នោត​៩០​អាសនៈ​កាល​ពី​ឆ្នាំ​២០០៨​ក្នុង​រដ្ឋ​សភា​សរុប​ចំនួន​១២៣​អាសនៈ។ ​គណបក្ស​ជំទាស់​ទទួល​បាន​តែ២៩​អាសនៈ​ប៉ុណ្ណោះ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​ ពលរដ្ឋ​ជាង​៩​លាននាក់មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាង ​និង​គណបក្ស​មួយ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល៕​
XS
SM
MD
LG