សភានៃសហភាពអឺរ៉ុបនៅដើមសប្ដាហ៍នេះបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដកចេញសេចក្ដីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដោយសារតែច្បាប់នេះបានរំលោភទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងបង្កប់ខ្លឹមសាររឹតបន្តឹងដល់សេរីភាពនៃការចងក្រងសមាគមនិងការបញ្ចេញមតិ។
នេះបើយោងទៅតាមញត្តិរួមមួយដើម្បីស្វះស្វែងរកដំណោះស្រាយរបស់សភានៃសហភាពអឺរ៉ុបដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ។
ញត្តិរបស់សភានៃសហភាពអឺរ៉ុបធ្វើឡើងនៅក្នុងថ្ងៃតែមួយដែលរដ្ឋសភាជាតិនៃប្រទេសកម្ពុជាបើកការពិគ្រោះយោបល់រយៈពេលជាងបួនម៉ោង ដើម្បីពិភាក្សានិងទទួលយកមតិសាធារណៈសម្រាប់កែលម្អសេចក្ដីព្រាងច្បាប់នេះ។ នៅក្នុងការពិគ្រោះយោបល់ដែលធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅ តំណាងសហភាពអឺរ៉ុបក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាធ្វើយ៉ាងណាឲ្យច្បាប់នេះមានតុល្យភាពអាចទទួលយកបានទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ តំណាងរាស្ត្រនៃគណបក្សជំទាស់ក្នុងរដ្ឋសភាពុំបានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះទេ។
នៅក្នុងញត្តិរបស់ខ្លួនដែលផ្ញើជូនមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាបានសរសេរថា៖ «សភានៃសហភាពអឺរ៉ុបទទូចឲ្យរដ្ឋាភិបាលកម្ពុជាដកចេញនូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ»។
សភានៃសហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងញត្តិរបស់ខ្លួនបន្តទៀតថា៖ «សភានៃសហភាពអឺរ៉ុបទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តួនាទីស្របច្បាប់និងមានសារៈប្រយោជន៍ដែលបំពេញដោយសង្គមស៊ីវិល សហជីព និងគណបក្សជំទាស់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសកម្ពុជាក្នុងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ សភានៃសហភាពអឺរ៉ុបសូមរំលឹកឡើងដែរថា សង្គមស៊ីវិលគឺជាសសរទ្រូងមួយដ៏សំខាន់ក្នុងចំណោមសរសរទ្រូងជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេស ដូច្នេះសភានៃសហភាពអឺរ៉ុបសូមបញ្ជាក់ថាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គួរតែបង្កើតបរិយាកាសសម្របសម្រួលឲ្យសង្គមស៊ីវិលបន្តរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា»។
នៅក្នុងញត្តិដដែលនេះ សភាសហភាពអឺរ៉ុបក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដកចេញផងដែរនូវសេចក្ដីព្រាងច្បាប់ស្តីពីសហជីព ដោយសភានៃសហភាពអឺរ៉ុបចង់ឃើញការដាក់បង្ហាញជាសេចក្ដីព្រាងច្បាប់ស្តីពីសហជីពបច្ចុប្បន្ននេះ ដើម្បីឲ្យអ្នកជំនាញ និងសមាជិកសហជីពពិនិត្យសេចក្ដីព្រាងច្បាប់ដ៏រឹតត្បិតនេះឡើងវិញ។
លោក ឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភាជាតិបានមានប្រសាសន៍ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រដ្ឋសភាជាតិមិនអាចធ្វើការតាមការស្នើសុំពីសភានៃសហភាពអឺរ៉ុបបានទេពីព្រោះប្រទេសកម្ពុជាជាប្រទេសមានអធិបតេយ្យភាព។ លោកបញ្ជាក់ថា រដ្ឋសភាជាតិគ្រោងនឹងកោះប្រជុំពេញអង្គនៅថ្ងៃច័ន្ទសប្ដាហ៍ខាងមុខនេះ។
«ព្រឹកមិញយើងបានសម្រេចហើយគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចហើយ យើងនឹងកោះប្រជុំសភាពេញអង្គថ្ងៃច័ន្ទ»។
លោកយ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្រុមតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិពុំទាន់បញ្ជាក់ជំហរអំពីការធ្វើពហិការមិនចូលរួមពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់នេះទេ តែលោកបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងមិនលើកដៃបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះឡើយ ហើយស្នើឲ្យមានការពិគ្រោះយោបល់បន្ថែមទៀត។
«ជារួមយើងយល់ឃើញថា យើងគួរពន្យារ ត្រូវជជែកគ្នាឲ្យបានល្អិតល្អន់សេចក្តីព្រាងច្បាប់ពីព្រោះវាមិនមែនជារឿងអាទិភាព។ ហើយបច្ចុប្បន្ននេះ រឿងអាទិភាពគឺរឿងព្រំដែន និងរឿងអន្តោប្រវេសន៍ និងការបំផ្លាញព្រៃឈើ និងបរិស្ថានតែម្តង»។
ដោយឡែក ក្រុមមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល នៅតែបន្តធ្វើការប្រកែកមិនទទួលយកសេចក្តីព្រាងច្បាប់ដែលមានចេតនាចាប់បង្ខំឲ្យធ្វើអ្វីតាមបង្គាប់រដ្ឋាភិបាលនោះទេទោះជារដ្ឋសភាជាតិមានៈចង់អនុម័តសេចក្តីព្រាងច្បាប់នេះក៏ដោយ។ ពួកគេបានស្វាគមន៍សំណើរបស់សភានៃសហភាពអឺរ៉ុបនេះផងដែរ៕