រដ្ឋសភាជាតិកម្ពុជាគ្រោងនឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃពុធទី៨ខែកក្កដាមុននឹងដាក់ឱ្យសភាពេញអង្គពិភាក្សានិងអនុម័តនៅថ្ងៃទី១០ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សភាជាតិនៅថ្ងៃសុក្រនេះ។
តាមសេចក្តីជូនដំណឹងគឺសភាជាតិនឹងចំណាយពេលប្រហែលជាបួនម៉ោងសម្រាប់ការឡើងថ្លែងមតិបើក បិទ និងចំណាប់អារម្មណ៍របស់លោក ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា និងការធ្វើបទបង្ហាញរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាក្រសួងសាមីរៀបចំតាក់តែងច្បាប់អង្គការដ៏ចម្រូងចម្រាសនេះ។ អ្នកចូលរួមមានពេល៣០នាទីដើម្បីសួរនិងឆ្លើយ។
រីឯក្រុមអង្គការសង្គមស៊ីវិលបានប្រកាសថា ពួកគេនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និយាយពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះដែរនៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០១៥។
អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ សហគមន៍ផ្តល់ជំនួយនិងអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថាសេចក្តីព្រាងច្បាប់នេះនឹងមានផលប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលមានតិចតួចនិងការអភិវឌ្ឍដែលកំពុងមានក្នុងប្រទេសកម្ពុជា៕