សភាអឺរ៉ុបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានអនុម័តថវិកា៤០ពាន់លានដុល្លារ ដែលជាកញ្ចប់ថវិកាគ្រាអាសន្ន ដើម្បីជួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនិងពលរដ្ឋរបស់ពួកគេដែលត្រូវរងផលប៉ះពាល់ខ្លាំងជាងគេពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ប្រធានសភាអឺរ៉ុបលោក David Sassoli ជាបុគ្គលិកតែម្នាក់គត់ដែលបានចូលទៅអគារសភាសម្រាប់ការប្រជុំពិសេសនេះ ដោយសមាជិកសភាផ្សេងទៀតបានធ្វើការបោះឆ្នោតតាមសារអេឡិកត្រូនិកអ៊ីមែល។
កម្មវិធីថ្មីមួយដែលមានឈ្មោះថា «គំនិតផ្តួចផ្តើមការវិនិយោគឆ្លើយតបនឹងកូរ៉ូណាវីរុស» មានគោលដៅជួយពលរដ្ឋ និងអាជីវកម្មនានាក្នុងពេលមានវិបត្តិនេះ។
កញ្ចប់ថវិកាបន្ទាន់នេះក៏រួមមានការពង្រីកបន្ថែមនូវមូលនិធិសាមគ្គីភាពសហភាពអឺរ៉ុបសម្រាប់គ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈនៅអឺរ៉ុប។
សមាជិកសភាអឺរ៉ុបក៏បានអនុម័តការផ្អាកជាបណ្តោះអាសន្នដល់ខែតុលា នូវច្បាប់មួយរបស់សហភាពអឺរ៉ុបដែលតម្រូវឲ្យអាកាសចរណ៍នានាត្រូវប្រើប្រាស់៨០%នៃផ្លូវហោះហើរដែលខ្លួនមានក្នុងមួយឆ្នាំៗ ដើម្បីអាចរក្សាផ្លូវហោះហើរទាំងនេះបាន៕