មន្ត្រីការទូតអ៊ីរ៉ង់បាននិយាយថា ពួកគេគិតថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងលះបង់ចោលនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលជាកិច្ចព្រមព្រៀងដាក់កំហិតដល់សកម្មភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
មន្ត្រីការទូតទាំងនេះកំពុងបង្កើនការបញ្ចុះបញ្ចូលរបស់ពួកគេចំពោះរដ្ឋាភិបាលនានានៅទ្វីបអឺរ៉ុប ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដែលមានដូចជាប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ជាដើម ដោយសង្ឃឹមថាពួកគេអាចបញ្ចុះបញ្ចូលរដ្ឋបាលសហរដ្ឋអាមេរិកកុំឲ្យលះបង់ចោលនូវកិច្ចព្រមព្រៀងនេះបាន។
ហើយក្នុងករណីដែលសហរដ្ឋអាមេរិកលះបង់ចោលនូវកិច្ចព្រមព្រៀងនេះ នោះរដ្ឋាភិបាលអ៊ីរ៉ង់នឹងជំរុញរដ្ឋាភិបាលនានានៅទ្វីបអឺរ៉ុបកុំឲ្យចូលរួមជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងការដាក់ទណ្ឌកម្មដល់ខ្លួនឡើងវិញ។
រដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើអឺរ៉ុប និងប្រទេសរុស្ស៊ី និងចិន ដែលជាប្រទេសហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ មិនលះបង់ចោលនូវកិច្ចព្រមព្រៀងនេះ និងមិនចូលរួមជាមួយនឹងសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើខ្លួនឡើងវិញ នោះខ្លួននឹងបន្តគោរពទៅតាមកិច្ចព្រមព្រៀងនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានលើកឡើងពីការអំពាវនាវនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងសារព័ត៌មានអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ក្រសួងការបរទេសអាមេរិកគ្រោងនឹងផ្ដល់សក្ខីកម្មនៅពីមុខសភាក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ អំពីថាតើអ៊ីរ៉ង់មានបានគោរពតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះ ឬក៏អត់៕