បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបាននិយាយថាប្រទេសអ៊ីរ៉ង់បានបាញ់ពិសោធដោយជោគជ័យនូវកាំជ្រួចមីស៊ីល ផ្លោងថ្មីមួយមានវង់ប្រតិបត្តិការមធ្យមដែលបានត្រូវបង្ហាញនៅក្នុងក្បួនព្យុហយាត្រាកាលពីថ្ងៃសុក្រ។
ទូរទស្សន៍រដ្ឋបានផ្សាយរូបនិងវីដេអូនៃការបាញ់ពិសោធនេះនៅថ្ងៃសៅរ៍នេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គេដឹងមិនច្បាស់លាស់ទេថាតើកាំជ្រួចធុន Khorramshahr បានត្រូវបាញ់បង្ហោះពិសោធនៅពេលណានិងនៅទីណាទេ។
កាំជ្រួចមីស៊ីល នេះមានវង់ប្រតិបត្តិការ២ពាន់គ.ម.ហើយមានសមត្ថភាពផ្ទុកគ្រាប់បែកមួយចំនួនដែរ។
លោកប្រធានាធិបតី Hassan Rouhani បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងការដង្ហែក្បួនព្យុហយាត្រាយោធាកាលពីថ្ងៃសុក្រថាប្រទេសអ៊ីរ៉ង់នឹងពង្រឹងកម្មវិធីកាំជ្រួចមីស៊ីល របស់ខ្លួនដោយមិនចាំបាច់សុំការអនុញ្ញាតពីប្រទេសណាមួយទេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនទំនងជានឹងពេញចិត្តជាមួយការបាញ់បង្ហោះពិសោធកាំជ្រួចមីស៊ីល ថ្មីណាមួយទេ។
ប្រទេសអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយប្រទេសមហាអំណាចពិភពលោក៦គឺប្រទេសរុស្សី ចិន បារាំង អាល្លឺម៉ង់ អង់គ្លេសនិងស.រ.អា.ដើម្បីកម្រិតកម្មវិធីបរមាណូរបស់ផងខ្លួន។
កាលពីពេលថ្មីៗនេះលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានមានប្រសាសន៍ថាជាការច្បាស់លាស់ប្រទេសអ៊ីរ៉ង់ «មិនប្រកាន់តាមកិច្ចសន្យា» នៃការរំពឹងទុកតាមរយៈកិច្ចព្រមព្រៀងបរមាណូរបស់ខ្លួនកាលពីឆ្នាំ២០១៥ទេ។
នៅពេលដែលពួកអធិការអន្តរជាតិបានរកឃើញថាប្រទេសអ៊ីរ៉ង់បានធ្វើតាមការតម្រូវដើម្បីកម្រិតកម្មវិធីបរមាណូរបស់ខ្លួនក៏ដោយ ក៏លោក Tillerson បាននិយាយថាប្រទេសអ៊ីរ៉ង់បានរំលោភលើពាក្យពេចន៍អំពីសន្តិភាពនិងសន្តិសុខក្នុងតំបន់ដោយលោកនិយាយយោងដល់កម្មវិធីកាំជ្រួចមីស៊ីល ផ្លោងនៃប្រទេសអ៊ីរ៉ង់និងការគាទ្ររបស់អ៊ីរ៉ង់ដល់ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី៕