ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បស្ចិម​ប្រទេស​ប្រតិកម្ម​តប​ទៅ​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់


រូបភាព​ដកស្រង់ពីទូរទស្សន៍ផ្សព្វផ្សាយ​សាធារណ​រដ្ឋ​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៣ កញ្ញា ២០១៧ បង្ហាញ​កាំជ្រួច​ផ្លោង​ Khoramshahr ត្រូវ​បាន​បាញ់​សាកល្បង​នៅ​ក្នុង​ទីតាំង​កំបាំង​មួយ​។
រូបភាព​ដកស្រង់ពីទូរទស្សន៍ផ្សព្វផ្សាយ​សាធារណ​រដ្ឋ​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៣ កញ្ញា ២០១៧ បង្ហាញ​កាំជ្រួច​ផ្លោង​ Khoramshahr ត្រូវ​បាន​បាញ់​សាកល្បង​នៅ​ក្នុង​ទីតាំង​កំបាំង​មួយ​។

មេដឹកនាំ​នៃ​បណ្ដា​បស្ចិម​ប្រទេស​នានា​បាន​មាន​ប្រតិកម្ម​យ៉ាង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែល​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​ផ្លោង​មីស៊ីល​ចម្ងាយ​មធ្យម​ថ្មី​មួយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «ប្រទេស​អ៊ីរ៉ង់​ទើបតែ​បាន​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​មួយ​ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​ប្រទេស​អ៊ីស្រាអែល។ អ៊ីរ៉ង់​ក៏​កំពុងតែ​ធ្វើ​ការ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ដែរ។ យើង​មិន​ឃើញ​អ៊ីរ៉ង់​ធ្វើ​តាម​ការ​ព្រមព្រៀង​ភាគ​ច្រើន​នោះ​ទេ»។

លោក Trump ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​កិច្ច​ព្រមព្រៀង​កំណត់​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ជា​ថ្នូរ​ឲ្យ​អ៊ីរ៉ង់​លះបង់​ចោល​នូវ​សកម្មភាព​នុយក្លែអ៊ែរ​របស់​ខ្លួន​មួយ​ចំនួន។

ចំណែក​ឯ​ប្រទេស​បារាំង​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ មាន​ប្រតិកម្ម​តាម​រយៈ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​ថា៖ «រដ្ឋាភិបាល​បារាំង​ទាមទារ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បញ្ឈប់​នូវ​រាល់​សកម្មភាព​បំផ្លិចបំផ្លាញ​ទាំង​អស់​នៅ​ក្នុង​តំបន់ និង​គោរព​ទៅ​តាម​ចំណុច​ទាំង​អស់​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​សម្រេច​លេខ ២២៣១ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​ចំណុច​ដែល​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​សកម្មភាព​គ្រាប់​ផ្លោង​មីស៊ីល​បែប​នេះ​ទៀត​ផង»។

រី​ឯ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​វិញ បាន​ហៅ​ការ​សាកល្បង​មីស៊ីល​របស់​អ៊ីរ៉ង់​នេះ​ថា​ជា «ការ​បង្កហេតុ» ដែល​មាន​គោល​បំណង​សំដៅ​លើ​សហរដ្ឋ​អាមេរិក ប្រទេស​អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ទាំង​ពីរ​នេះ៕

XS
SM
MD
LG