ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ចាប់ផ្ដើម​យន្តការ​ដោះស្រាយ​ជម្លោះ ដើម្បី​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព ទោះបីជា​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ក៏​ដោយ។

ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​មក​ពី​ទ្វីប​អឺរ៉ុប​ទាំង ៣ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា​កន្លង​ទៅ​នេះ​ថា ពួកគេ​បាន​ចាប់ផ្ដើម​នូវ​យន្តការ​ដោះស្រាយ​ជម្លោះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា​ជា​ការ​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​ប្រទេស​អ៊ីរ៉ង់​លើ​កិច្ច​ព្រមព្រៀង​នេះ។

ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព ទោះបីជា​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ក៏​ដោយ។

លោក Dominic Raab រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស និយាយ​ថា៖ «សម្រាប់​ចក្រភព​អង់គ្លេស យើង​មាន​ការ​ខក​ចិត្ត​ដែល​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ ហើយ​យើង​បាន​ធ្វើ​ការ​អស់​ពី​ដៃ​ជើង​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ​របស់​យើង ដើម្បី​រក្សា​កិច្ច​ព្រមព្រៀង​នេះ។ យើង​បាន​គោរព​តាម​ការ​ប្ដេជ្ញា​របស់​យើង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ»។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​ថា ប្រទេស​ហត្ថលេខី​មក​ពី​ទ្វីប​អឺរ៉ុប​ទាំង​នេះ​បាន​លំអោន​តាម​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដាក់​កំហិត​ចំពោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ដែល​ការ​ដាក់​កំហិត​នេះ​បាន​បង្ខំ​ឲ្យ​អ៊ីរ៉ង់​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Heiko Maas រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បញ្ជាក់​ដូច្នេះ​ថា៖ «អ៊ីរ៉ង់​បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​មិន​គោរព​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ និង​ក្រោយ​មក​បាន​ធ្វើ​ដូច្នេះ​មែន។ នេះ​គឺ​ជា​ស្ថានការណ៍​មួយ​ដែល​យើង​ជឿ​ថា យើង​មិន​អាច​ទុក​ឲ្យ​រឿង​នេះ​បន្ត​ទៅ​មុខ​ដោយ​គ្មាន​ដំណោះស្រាយ​បាន​ទេ»។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​ហៅ​វិធានការ​របស់​ប្រទេស​ទាំង ៣ នេះ ថា​មិន​បាន​ជួយ​អ្វី​ទាំង​អស់ និង​បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​ឆ្លើយតប «យ៉ាង​ម៉ឺងម៉ាត់ និង​សមរម្យ» ចំពោះ​វិធានការ​ដែល​មិន​បាន​ជួយ​ជា​លទ្ធផល​ណា​មួយ។

បន្ទាប់ពី​យន្តការ​ដោះស្រាយ​ជម្លោះ​នេះ​បាន​ចាប់ផ្ដើម​ឡើង អ៊ីរ៉ង់​មាន​ពេល ១៥ ថ្ងៃ ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​នឹង​ប្រទេស​អឺរ៉ុប​ទាំង ៣។ ប្រសិនបើ​អ៊ីរ៉ង់​មិន​ដោះស្រាយ​ក្នុង​ចន្លោះ​ពេល​នេះ​ទេ អង្គការ​សហប្រជាជាតិ​អាច​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ឡើង​វិញ​លើ​អ៊ីរ៉ង់ ដែល​ទណ្ឌកម្ម​ទាំង​នេះ​ត្រូវ​បាន​ដក​ចេញ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​សម្រេច​ឡើង​កាល​ពី​ឆ្នាំ ២០១៥។

ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell ដែល​ជា​អ្នក​សម្របសម្រួល​កិច្ច​ព្រមព្រៀង​នេះ​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​នានា​នៅ​លើ​ពិភពលោក បាន​និយាយ​ថា គោល​បំណង​នៃ​វិធានការ​របស់​ប្រទេស​ទាំង ៣ នេះ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​មក​គោរព​ឲ្យ​បាន​ពេញលេញ​ឡើង​វិញ​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ មិន​មែន​ដើម្បី​ដាក់​ទណ្ឌកម្ម​នោះ​ទេ។

លោក Josep Borrell ថ្លែង​ដូច្នេះ​ថា៖ «គោល​ជំហរ​របស់​សហភាព​អឺរ៉ុប​គឺ​ច្បាស់​ណាស់​ថា ប្រសិនបើ​គ្មាន​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ យើង​នឹង​បាត់បង់​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​រារាំង​ការ​រីក​សាយភាយ​អាវុធ​អន្តរជាតិ និង​ការ​រួម​ចំណែក​ដ៏​សំខាន់​ចំពោះ​សន្តិសុខ​ក្នុង​តំបន់»។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន BBC ថា ប្រសិនបើ​គេ​មិន​អាច​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​បាន នោះ​ចាំបាច់​ត្រូវ​បង្កើត​កិច្ច​ព្រមព្រៀង​មួយ​ទៀត។

លោក Johnson និយាយ​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​លុប​បំបាត់​កិច្ច​ព្រមព្រៀង​នេះ យើង​ត្រូវតែ​បង្កើត​កិច្ច​ព្រមព្រៀង​ថ្មី ហើយ​យើង​អាច​ប្រើ​កិច្ច​ព្រមព្រៀង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ជំនួស​វិញ»។

លោក Trump ចង់​បាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​បញ្ចប់​នូវ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បញ្ចូល​នូវ​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​អ៊ីរ៉ង់​ប្ដេជ្ញា​ឈប់​គាំទ្រ​ក្រុម​ភេរវកម្ម និង​ឈប់​ជ្រៀតជ្រែក​នៅ​ក្នុង​តំបន់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG