សហភាពអឺរ៉ុបនឹងយកពន្ធគយលើទំនិញសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះនៅក្នុងការសងសឹកដែលអាមេរិកយកពន្ធគយលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមនៅដើមខែនេះ។នេះតាមការបញ្ជាក់របស់គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ។
សហភាពអឺរ៉ុបបានធ្វើបញ្ជីឈ្មោះផលិតផលសហរដ្ឋអាមេរិកដែលខ្លួននឹងចាប់ផ្តើមយកពន្ធគយចំនួន២៥ភាគរយ។ ជាចំណាត់ការមួយដែលអាចធ្វើឲ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មយ៉ាងខ្លាំង ជាពិសេស ប្រសិនបើ ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើទៅតាមការគំរាមកំហែងរបស់លោកដោយយកពន្ធគយលើរថយន្តដែលផលិតនៅអឺរ៉ុបនោះ។
លោកស្រី Cecilia Malmstrom អគ្គស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងមិនចង់ស្ថិតនៅក្នុងគោលជំហរនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកដើម្បីយកពន្ធគយលើដែលថែបនិងអាលុយមីញ៉ូមលើសហភាពអឺរ៉ុបមានន័យថា យើងមិនមានជម្រើសទេ»។
គណៈកម្មការដែលរៀបចំចាត់ចែងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជារៀងរាល់ថ្ងៃ បានអនុម័តច្បាប់ដែលយកពន្ធគយចំនួន៣ពាន់២រយលានលើទំនិញរបស់សហរដ្ឋអាមេរិក រួមមានផលិតផលអាលុយមីញ៉ូមនិងដែកថែប ផលិតផលកសិកម្ម ស្រាវីស្គី និងម៉ូតូ។
លោកស្រី Malmstrom បាននិយាយថា ការឆ្លើយតបរបស់សហភាពអឺរ៉ុបស្របទៅតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកហើយលោកស្រីនិយាយទៀតថា ពន្ធគយនឹងត្រូវបានលុបចោល ប្រសិនបើ សហរដ្ឋអាមេរិកទុកជាមោឃៈភាពនូវការយកពន្ធគយលោហៈធាតុរបស់ខ្លួនដែលមានតម្លៃ៧,៤១ពាន់លានដុល្លារ៕