ក្រុមហ៊ុនឱសថអាមេរិកាំងបានប្រកាសកាលពីថ្ងៃចន្ទថា ការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងដែលត្រូវចាក់ចំនួនពីរដូសដែលមានសក្ដានុពលរបស់ខ្លួនបានបង្ហាញលទ្ធផលថាមានប្រសិទ្ធភាព៩០ភាគរយក្នុងការទប់ស្កាត់វីរុសទៅលើអ្នកដែលបានចាក់សាកល្បងដោយគ្មានភស្តុតាងពីការឆ្លងមេរោគពីមុន។
លទ្ធផលនេះត្រូវបានសាទរថាជាព័ត៌មានវិជ្ជមានដ៏កម្រមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលមានមនុស្សឆ្លងជាង៥០លាននាក់ នៅទូទាំងសកលលោកដោយក្នុងនោះបានសម្លាប់មនុស្ស១លាន២សែននាក់ និង៣៣លាននាក់ទៀតបានជាសះស្បើយ។
ក៏ប៉ុន្តែលោកសាស្រ្តាចារ្យ Atta Ur Rahman ប្រធានក្រុមការងារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា៖«វាមិនទាន់ដល់ពេលដែលប្រទេសរបស់លោកនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងអបអរនឹងលទ្ធផលវ៉ាក់សាំង Pfizerនេះទេ»។
លោកសាស្រ្តាចារ្យ Rahmanបានប្រាប់ VOAថា៖ «នេះជាប្រភេទម៉ូលេគុលតែមួយនៃវ៉ាក់សាំង RNA និងត្រូវរក្សាទុកក្នុងសីតុណ្ហភាព-៨០អង្សារសេ ដូច្នេះវ៉ាក់សាំងនេះមិនសាកសមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទេ»។ លោកសាស្រ្តាចារ្យបានពន្យល់បន្ថែមថា៖«កន្លែងស្តុកវ៉ាក់សាំងដែលមានសីតុណ្ហភាពត្រជាក់ និងការដឹកជញ្ជូនវ៉ាក់សាំងពីព្រលានយន្ដហោះទៅកាន់ទីក្រុងនានានិងទៅកាន់ប្រទេសនានានៅមិនទាន់មានទេនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍»។
លោកសាស្រ្តាចារ្យបានបញ្ជាក់ទៀតថាអ្នកជំងឺកូវីដ១៩នឹងតម្រូវឲ្យចាក់វ៉ាក់សាំង Pfizerពីរដូសក្នុងចន្លោះពេល៣សប្តាហ៍ម្តង ហើយការរក្សាទុកវ៉ាក់សាំងនៅក្នុងកន្លែងត្រជាក់គឺជាបញ្ហាពិបាកនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសមានសីតុណ្ហភាពចន្លោះពី៤០អង្សាសេទៅ៥០អង្សាសេនៅតំបន់ភាគខាងត្បូងនិងតំបន់ភាគនិរតី។
ការសាកល្បងវ៉ាក់សាំងនៅប៉ាគីស្ថាន
លោកសាស្រ្តាចារ្យ Rahmanថ្លែងថា ក្នុងកិច្ចសហការជាដៃគូជាមួយចិន ប៉ាគីស្ថានក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងវ៉ាក់សាំងពីរប្រភេទដែលចាក់តែ១ម្តងផលិតដោយប្រទេសចិន។ លោកថាវ៉ាក់សាំងទាំងនេះអាចរក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតាបានមិនដូចវ៉ាក់សាំង Pfizer ទេ។
លោកបាននិយាយថា៖«ការសាកល្បងរបស់យើងកំពុងមានដំណើរការល្អ។ អ្វីដែលខ្ញុំបានដឹងគឺយើងទទួលបានលទ្ធផលវិជ្ជមានមករហូត។ វ៉ាក់សាំងទាំងពីរនេះមិនត្រូវការរក្សាទុកក្នុងសីតុណ្ហភាព-៨០អង្សារសេទេ។ ខ្ញុំរំពឹងថាវាក់សាំងទាំងពីរនេះសក្ដិសមសម្រាប់ប្រទេសប៉ាគីស្ថានជាងវ៉ាក់សាំងPfizer»។
វ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងនានាដែលស្ថិតក្រោមការសាកល្បងក្នុងប្រទេសប៉ាគីស្ថានត្រូវបានផលិតឡើងដោយក្រុមហ៊ុនCanSinoBio របស់ចិន និងកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទី៣ ឬការសាកល្បងទ្រង់ទ្រាយធំទៅលើមនុស្សក្នុងប្រទេសជាច្រើន រួមទាំងចិន រុស្ស៊ី ឈីលី និងអាហ្សង់ទីនផងដែរ។
លោកសាស្រ្តាចារ្យ Rahman បានថ្លែងបន្តថា ការសាកល្បងបែបវេជ្ជសាស្ត្រក្នុងប្រទេសប៉ាគីស្ថានដែលបានចាប់ផ្តើមកាលពីខែកញ្ញា នឹងត្រូវការពេលយ៉ាងហោចណាស់៣ខែ ហើយលទ្ធផលនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសចិនវិញដើម្បីសិក្សាវាយតម្លៃ។
ប៉ាគីស្ថានបានរាយការណ៍ពីចំនួនអ្នកឆ្លងជិត៣៤៧.០០០នាក់ ដែលក្នុងនោះអ្នកស្លាប់មានចំនួន៧ពាន់នាក់ និងមនុស្សជិត៣២០.០០០នាក់ទៀតបានជាសះស្បើយចាប់តាំងពីមានការរាតត្បាតនៅក្នុងប្រទេសដែលមានពលរដ្ឋចំនួនប្រមាណ២២០លាននាក់កាលពីខែកុម្ភៈនេះ។
ករណីឆ្លងក្នុងប្រទេសប៉ាគីស្ថានបានធ្លាក់ចុះនៅត្រឹមពីរបីរយនាក់ក្នុងមួយថ្ងៃចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ដែលកាលពីមុនករណីឆ្លងក្នុងមួយថ្ងៃមានដល់ទៅជាង៦ពាន់ករណី។
ក៏ប៉ុន្តែនៅប៉ុន្មានថ្ងៃថ្មីៗនេះក្រុមមន្រ្តីបានព្រមានថា ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះកំពុងប្រឈមនឹងការឆ្លងនៃរលកទី២ ដែលមានការរាយការណ៍ថាមានការឆ្លងថ្មី១៦៣៧ករណីនិងអ្នកស្លាប់ចំនួន២៣នាក់កាលពីថ្ងៃអង្គារ។
ការរើបឡើងវិញនេះបានជំរុញឲ្យរដ្ឋាភិបាលចេញបម្រាមមួយចំនួនឡើងវិញទៅលើការធ្វើដំណើររបស់សាធារណៈជនដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា