ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​និង​អ៊ីរ៉ង់​ព្រមព្រៀង​គ្នា​លើ​ការ​បន្ត​​ការ​ត្រួត​ពិនិត្យ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក Rafael Grossi អគ្គនាយក​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​​អន្តរជាតិ (IAEA) ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​​​នៅ​ទី​ស្នាក់ការ​កណ្តាល​​ទី​ភ្នាក់ងារ IAEA នៅ​ទី​ក្រុង​វីយែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។
លោក Rafael Grossi អគ្គនាយក​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​​អន្តរជាតិ (IAEA) ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​​​នៅ​ទី​ស្នាក់ការ​កណ្តាល​​ទី​ភ្នាក់ងារ IAEA នៅ​ទី​ក្រុង​វីយែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។

ក្រុម​អ្នក​ត្រួត​ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​អ៊ីរ៉ង់​បាន​ព្រមព្រៀង​គ្នា​បន្តកិច្ចព្រមព្រៀង​មួយ​ស្តីពីការ​ត្រួត​ពិនិត្យនូវ​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​សម្រាប់​រយៈ​ពេល​មួយ​ខែ​ទៀត។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ឧបករណ៍​និង​ការ​ផ្ទៀងផ្ទាត់​ហើយ​និង​សកម្មភាពត្រួត​ពិនិត្យ​ដែល​យើង​បាន​ព្រមព្រៀង​គ្នា នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​ក្នុង​រយៈ​ពេល​មួយ​ខែ​ខាង​មុខ​ទៀត​ដែល​នឹងត្រូវផុត​កំណត់នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ»។

ការ​បន្តរយៈ​ពេល​មួយ​ខែ​នេះ​កើត​មាន​ឡើង​ស្រប​ពេលដែល​កំពុង​មាន​ការ​ចរចា​គ្នា​ដើម្បី​ស្តារ​ឡើង​វិញនូវ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​បានកម្រិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែររបស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការលើកលែង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ការ​ដក​ចេញ​នូវ​ទណ្ឌកម្ម​អាមេរិកដែលបាន​ដាក់​មក​លើ​អ៊ីរ៉ង់ក្រោម​អតីតរដ្ឋបាល​របស់​ប្រធានាធិបតីអាមេរិក​លោក Donald Trump នោះ​គឺ​ជា «កាតព្វកិច្ច​សីលធម៌​និង​ផ្លូវ​ច្បាប់​មួយ» ហើយ​មិន​មែនជាអ្វី​សម្រាប់​ប្រើ​ប្រាស់ក្នុង​ការ​ដាក់​សម្ពាធទៅ​លើ​ការ​ចរចា​នោះ​ទេ។

ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេសអ៊ីរ៉ង់​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋ​មន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken និយាយ​ថា​វា​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា​តើ​ប្រទេស​អ៊ីរ៉ង់​នឹង​អនុវត្ត​តាម​ជាមួយ​នឹងការរឹត​បន្តឹងនូវកម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​ក្នុង​បំណង​ដើម្បី​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក​នោះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken បាន​ប្រាប់​កម្មវិធី​ប្រចាំ​សប្តាហ៍​របស់បណ្តាញ​ទូរទស្សន៍​«ABC This Week» ថា៖ «ខ្ញុំ​គិត​ថា អ៊ីរ៉ង់ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​អ្វីក្នុង​ការ​វិលត្រឡប់​មក​រកការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​នោះ។ ហើយ​អ្វី​ដែល​យើង​នៅ​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ​នោះ​គឺ​ថា​តើ​អ៊ីរ៉ង់​ មាន​ការ​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ហើយ​មាន​សុឆន្ទៈ​ក្នុង​ការ​សម្រេច​ចិត្តធ្វើ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ​ឬ​យ៉ាង​ណា។ នេះ​ជា​ការសាកល្បង​មួយ​ហើយ​យើង​នៅ​មិន​ទាន់​ឃើញ​មាន​ចម្លើយ​ពី​ខាង​អ៊ីរ៉ង់​នៅ​ឡើយទេ»។

អ៊ីរ៉ង់​បានចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដោយ​ប្រយោល​តាម​រយៈ​អ្នក​ការ​ទូតពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរឆ្នាំ​២០១៥ ដែល​បានទប់​ស្កាត់​នូវ​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែររបស់​អ៊ីរ៉ង់​នោះ។ អ៊ីរ៉ង​ធ្លាប់​បាន​និយាយ​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺសម្រាប់​គោលបំណង​សន្តិភាព​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG