ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនក្នុងរដ្ឋធានីប៉េកាំងនៅខែក្រោយនេះ គឺដើម្បីសម្រេចបាននូវភាពស្មើគ្នាក្នុងវិស័យពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍ទីផ្សារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រី Von der Leyen បានលើកឡើងដោយទាញឧទាហរណ៍មួយមកបញ្ជាក់ថា ការបញ្ចេញសមត្ថភាពហួសហេតុរបស់ចិន លើវិស័យបច្ចេកវិជ្ជា មានកំណត់ថានឹងធ្លាក់កាន់តែអាក្រក់ជាងមុនជាមួយនឹងការនាំចេញរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចរបស់ចិនកំពុងមានការធ្លាក់ចុះ ដែលការណ៍នេះធ្វើឱ្យទីផ្សារអឺរ៉ុបមានភាពច្របូកច្របល់ខ្លាំង ដែលតំបន់អឺរ៉ុបមិនអាចទទួលយកបាន។
អ្នកស្រីនិយាយថា ទំហំពាណិជ្ជកម្មដែលលើសចំនួនកំណត់របស់ចិនជាមួយសហភាពអឺរ៉ុប មានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំទៅ គឺប្រមាណក្រោម៤០០ពាន់លានអឺរ៉ូបន្តិច ឬប្រមាណ ៤៣៦,៩៦ពាន់លានដុល្លារអាមេរិក។
អ្នកស្រីបានប្រាប់សន្និសីទសារព័ត៌មានស្តីពីប្រទេសចិនក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ថា៖
«យើងមិនទទួលយកអន្តរាគមន៍ទីផ្សារពីខាងក្នុង ហើយក៏មិនទទួលយកពីក្រៅដែរ»។ អ្នកស្រីកត់សម្គាល់ថា ដូច្នេះហើយ បានជាសហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតមួយ លើការនាំចូលរថយន្តប្រើអគ្គិសនីរបស់ចិន ដោយ អ្នកស្រីបន្ថែមថា៖ «អឺរ៉ុបបើកចំហការប្រកួតប្រជែង ប៉ុន្តែមិនមែនដើម្បីខ្លួនធ្លាក់ចុះទេ»។
អ្នកស្រី Von der Leyen ក៏បានលើកឡើងផងដែរថា បើទោះបីជាសហភាពអឺរ៉ុបការពារផលប្រយោជន៍របស់ខ្លួនក៏ដោយ ក៏ខ្លួននឹងប្រឹងប្រែងដោះស្រាយការខ្វែងគំនិតគ្នាជាមួយប្រទេសចិន តាមរយៈការសន្ទនាគ្នា ឧទាហរណ៍ក្នុងជំនួបកំពូលរបស់ខ្លួនជាមួយចិន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ដល់ថ្ងៃទី៨ ខែធ្នូខាងមុខនេះ ដែលព្រឹត្តិការណ៍នេះនឹងកើតមានឡើងក្រោយកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ក្នុងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ៕