នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាកម្ពុជាបានយល់ព្រមលើកិច្ចព្រមព្រៀងវិនិយោគដ៏ទូលំទូលាយ រវាងអាស៊ាន-ចិន និងអាស៊ាន-កូរ៉េខាងត្បូង សំដៅជំរុញ និងការពារវិនិយោគ និងការធ្វើពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ តម្លាភាព និងសេរី សម្រាប់ភាគីទាំងពីរនៅក្នុងកិច្ចព្រមព្រៀង។
កិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីបង្កើនរបបវិនិយោគមួយដែលមានលក្ខណៈសេរី មានកិច្ចសម្រួល មានតម្លាភាព និងមានការប្រកួតប្រជែង សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវបរិស្ថាន ធុរៈកិច្ចមួយប្រកបដោយមិត្តភាព និងផ្តល់កិច្ចការពារដល់អ្នកវិនិយោគនៃភាគីទាំងអស់ រួមទាំងជួយបង្កើនលំហូរទុនវិនិយោគពីផ្នែកឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចនៃបណ្តាលប្រទេសអាស៊ាន-ចិន និងអាស៊ាន-កូរ៉េ ដើម្បីបង្កើនការផលិតការនាំចេញ និងទំហំពាណិជ្ជកម្មរបស់ភាគីនៅក្នុងកិច្ចព្រមព្រៀង។
លោក គឹមសួរ ភិរិទ្ធ សមាជិកសភាគណបក្សសម រង្សី បានបញ្ជាក់ថា ការអនុម័តច្បាប់នេះ នឹងជួយទាក់ទាញអ្នកវិនិយោគបរទេសសំខាន់ៗមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើនការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោក ជាម ច័ន្ទនី សមាជិកសភាគណបក្សសម រង្សី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ លោកថ្លែងថា៖
«យើងសូមគាំទ្រចំពោះច្បាប់នេះ ប៉ុន្តែយើងត្រូវពង្រឹងប្រព័ន្ធតុលាការ អភិបាលកិច្ចល្អ ការបំបាត់អំពើពុករលួយ និងការិយាធិបតេយ្យ ដើម្បីពង្រីកទីផ្សារ និងបង្កើនការវិនិយោគ»។
លោក គង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា លំហូរទុនវិនិយោគរបស់ប្រទេសចិនមកកម្ពុជាមានប្រមាណ ៨.០០០លានដុល្លារអាមេរិក និងប្រទេសកូរ៉េខាងត្បូង ប្រមាណ២.៧០០ លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១០នេះ សម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គីសនី ឧស្សាហកម្ម និងកម្មន្តសាល។ លោកគង់ វិបុលថ្លែងថា៖
«ប្រទេសកម្ពុជាមិនទាន់មានការវិនិយោគនៅប្រទេសចិន។ ដូច្នេះ យើងឃើញថា លំហូរទុនវិនិយោគពីចិនមកកម្ពុជា៨០០០លានដុល្លាអាមេរិកនេះ បានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយភាពក្រីក្របានច្រើន»។
លោក គង់ វិបុល បានបញ្ជាក់ថា ប្រទេសចិនបានផ្តល់ភាពអនុគ្រោះចំនួន ៤១៨ មុខទំនិញ និងប្រទេសកូរ៉េបានផ្តល់ភាពអនុគ្រោះចំនួន៩០ភាគរយនៃទំនិញ ដើម្បីផ្តល់លទ្ធភាពឱ្យកម្ពុជានាំទំនិញទៅលក់នៅប្រទេសចិន និងកូរ៉េ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាពិតជាបានបោះជំហ៊ានថ្មីមួយទៀតក្នុងការទាក់ទាញការ វិនិយោគពីប្រទេសជាមិត្តនៅក្នុងតំបន់ និងនៅលើពិភពលោក ហើយក៏រួមចំណែកដល់ការបង្កើនជំនឿទុកចិត្តជាបន្ថែមទៀតពីសំណាក់ អ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគចិន និងកូរ៉េ។
លោក គង់ វិបុល បានបន្តថា បន្ទាប់ពីការអនុម័តកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាល នឹងបន្តនីតិវិធីដើម្បីជូនដំណឹងទៅបណ្តាប្រទេសអាស៊ាន ចិន និងកូរ៉េ។