ប្រទេសចិននិងអូស្ត្រាលី បានចុះហត្ថលេខាលើសេចក្ដីប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រមួយបន្ទាប់ពីការចរចាអស់រយៈពេលប្រហែលមួយទសវត្សរ៍។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbot និងប្រធានាធិបតីចិន Xi Jinping ដែលកំពុងបំពេញទស្សនៈកិច្ចប្រទេសអូស្ត្រាលីនោះដែរ បានធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាមួយនៅថ្ងៃចន្ទនេះនៅឯសភាក្នុងរដ្ឋធានីCanberra។
នៅក្រោមកិច្ចព្រមព្រៀងនេះ ចិនត្រូវគេរំពឹងថានឹងបើកទីផ្សារដល់ការនាំចូលទំនិញកសិកម្មនិងផ្នែកសេវាកម្មពីអូស្ត្រាលី ក៏ដូចជាបន្ធូរបន្ថយការរឹតត្បិតលើការវិនិយោគទុនចិនក្នុងប្រទេសអូស្ត្រាលី។ ពន្ធទាំងអស់លើធនធានរបស់អូស្ត្រាលី នឹងត្រូវលុបចោល រួមមានជាមួយពន្ធលើការនាំចេញសាច់គោ សាច់ជាម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក៏នឹងធ្វើឲ្យកាន់តែងាយស្រួលឡើងដល់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រងនិងសាកលវិទ្យាល័យអូស្ត្រាលីលី នៅក្នុងធ្វើពាណិជ្ជកម្មក្នុងប្រទេសចិន។
មុនពេលចុះហត្ថលេខាលោកប្រធានាធិបតីXi បានប្រាប់សភាអូស្ត្រាលីថា គោលបំណងរបស់លោកគឺចង់បង្កើនប្រាក់ចំណូលជាតិទ្វេដងរបស់ចិននៅឆ្នាំ២០២០ហើយបង្កើតប្រទេសសង្គមនិយមគំរូមួយ។ លោកបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងផ្ដោតលើការលើកស្ទួយសន្តិភាព។
ប្រធានាធិបតីចិនបានទទួលការទះដៃអបអរសាទរដោយការងើបឈរនៅពេលបញ្ចប់សុន្ទរកថារបស់លោក។ ក៏ប៉ុន្តែក្រុមអ្នករិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជឿជាក់ថា កិច្ចព្រមព្រៀងនោះអាចបង្កើនតម្លៃម្ហូបអាហារដល់ក្រុមអ្នកប្រើប្រាស់ទំនិញអូស្ត្រាលី៕