ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រៀម​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាង​នេះ​សម្រាប់​ទំនិញ​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម


អ្នកស្រី​អធិការបតីអាល្លឺម៉ង់ Angela Merkel និយាយ​ជាមួយ​ប្រធានាធិបតី​បារាំង​ Emmanuel Macron និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​អ្នកស្រី​ Theresa May បន្ទាប់ពីកិច្ច​ប្រជុំ​កំពូល EU-Western Balkans ក្នុង​ទីក្រុង​ Sofia ប្រទេស​ Bulgaria កាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០១៨។
អ្នកស្រី​អធិការបតីអាល្លឺម៉ង់ Angela Merkel និយាយ​ជាមួយ​ប្រធានាធិបតី​បារាំង​ Emmanuel Macron និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​អ្នកស្រី​ Theresa May បន្ទាប់ពីកិច្ច​ប្រជុំ​កំពូល EU-Western Balkans ក្នុង​ទីក្រុង​ Sofia ប្រទេស​ Bulgaria កាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០១៨។

សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចរចា​អំពី​ការ​បើក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​បាន​ទូលាយ​ជាង​នេះ សម្រាប់​ទំនិញ​ដែល​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​រថយន្ត​ផង​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដាក់​កំហិត​យក​ពន្ធ​គយ​នាំ​ចូល​ថ្មី​ចំនួន ២៥ ភាគរយ លើ​ទំនិញ​ដែក​ថែប និង ១០ ភាគរយ​លើ​ទំនិញ​អាលុយមីញ៉ូម ក្រោម​ហេតុ​ផល​សន្តិសុខ​ជាតិ ប៉ុន្តែ​បាន​ផ្ដល់​ការ​លើកលែង​ដល់​បណ្ដា​ប្រទេស​ជា​អ្នក​ផលិត​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ចរចា​នេះ។

បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​សូហ្វីយ៉ា ប្រទេស​ប៊ុលហ្គារី មាន​គោល​បំណង​ស្វែង​រក​គោល​ជំហរ​រួម​មួយ ដោយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​អាល្លឺម៉ង់​ជា​ដើម ដែល​មាន​បំណង​ចង់​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​កើត​ឡើង និង​សម្រាប់​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ប្រទេស​បារាំង​ជា​ដើម ដែល​តាំង​ចិត្ត​មិន​ឲ្យ​រង​សម្ពាធ​ណា​មួយ​ដើម្បី​ធ្វើ​សម្បទាន​នោះ​ទេ។

អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «យើង​មាន​គោល​ជំហរ​រួម​គ្នា។ យើង​ចង់​ឲ្យ​មាន​ការ​លើកលែង​ជា​អចិន្ត្រៃយ៍ ហើយ​បន្ទាប់​មក យើង​នឹង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម»។

មេដឹកនាំ​នានា​នៃ​សហភាព​អឺរ៉ុប​បាន​ឯកភាព​គ្នា​លើ​ចំណុច ៤ ដែល​សហភាព​អឺរ៉ុប​មាន​ឆន្ទៈ​ក្នុង​ការ​បើក​ការ​ពិភាក្សា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​គឺ​ក្នុង​លក្ខខណ្ឌ​ដែល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្ដល់​ការ​លើកលែង​ពន្ធ​គយ​ជា​អចិន្ត្រៃយ៍​ដល់​ប្រទេស​ផលិត​ដែក​ថែប និង​អាលុយមីញ៉ូម​នៅ​ក្នុង​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG