រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទកំពុងបញ្ជុះបញ្ជូលពួកមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក Trump ឲ្យបន្តចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដើម្បីទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី Johnson បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងក្រោយមកបានរៀបចំកិច្ចពិភាក្សាជាមួយអនុប្រធានាធិបតីលោក Mike Pence និងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton នៅប៉ុន្មានថ្ងៃមុននឹងលោកប្រធានាធិបតីត្រូវសម្រេចថាតើត្រូវបោះបង់ចោលកិច្ចព្រមព្រៀងនេះហើយត្រូវដាក់ទណ្ឌកម្មឡើងវិញឬយ៉ាងណានោះ។
នៅមុនទស្សនកិច្ចរបស់លោកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Johnson បាននិយាយថា «ដៃគូរបស់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏កំពុងចូលរួមនៅក្នុងកិច្ចប្រឹងប្រែងរបស់យើងនេះដែរ ដើម្បីទប់ទល់នឹងសកម្មភាពរបស់អ៊ីរ៉ង់ ដែលកំពុងបង្កអសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈសកម្មភាពតាមបណ្តាញអ៊ីនធឺណិតរបស់ពួកគេ ការគាំទ្រចំពោះក្រុមសកម្មប្រយុទ្ធមួយចំនួនដូចជាក្រុម Hezbollah និងកម្មវិធីកាំជ្រួញម៉ីស៊ីលគ្រោះថ្នាក់របស់ពួកគេ ដែលកំពុងគាំទ្រដល់ក្រុមហ៊ូទីប្រដាប់អាវុធនៅក្នុងប្រទេសយ៉េមែន»។
នៅក្នុងសេចក្តីរាយការណ៍របស់កាសែត New York Times លោក Johnson បាននិយាយថានេះមិនមែនជាកិច្ចព្រមព្រៀងល្អឥតខ្ចោះនោះទេ ប៉ុន្តែ «វាជាជម្រើសដែលយើងអាចធានាបានថា អ៊ីរ៉ងគ្មានកម្មវីធីនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនេះមានគុណវិបត្តិតួចតួចបំផុត»៕