មេដឹកនាំអឺរ៉ុបបានបញ្ចប់សន្និសីទកំពូលមួយនៅក្នុងក្រុង Bruxelles ដោយបានយល់ស្របគ្នាថាប្រទេសអង់គ្លេសបានចាត់វិធានការគ្រប់គ្រាន់ដើម្បីចូលទៅក្នុងដំណាក់កាលទីពីរនៃកិច្ចចរចាដើម្បីចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែដោយគ្មានសញ្ញាអំពីការព្រមព្រៀងគ្នាស្តីពីបញ្ហាអន្តោប្រវេសន៍ទេ។
លោក Donald Tusk មេដឹកនាំក្រុមប្រឹក្សាអឺរ៉ុបបានដាក់អន្តោប្រវេសន៍នៅក្នុងកម្រិតខ្ពស់នៃរបៀបវារៈសម្រាប់ការប្រជុំសន្និសីទកំពូលពីរថ្ងៃនេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រថាពួកមេដឹកនាំសហភាពអឺរ៉ុបនឹងមាន «ការពិបាកណាស់» ក្នុងការសម្រេចការសម្របសម្រួលគ្នាមួយនៅក្នុងកិច្ចចរចាអំពីគោលនយោបាយថ្មីមួយដើម្បីទទួលយកពួកជនភៀសខ្លួននៅមុនថ្ងៃកំណត់ចុងក្រោយបង្អស់មួយក្នុងខែមិថុនា។
លោក Tusk បានមានប្រសាសន៍ប្រាប់សន្និសីទកាសែតមួយនៅពេលបញ្ចប់សន្និសីទកំពូលនេះថា «ចំនួនកម្រិតជាចាំបាច់នៅតែជាបញ្ហានាំឱ្យមានការ ពិភាក្សាគ្នាច្រើនទោះណាបរិយាកាសតឹងតែងបានថមថយច្រើនគួរសមហើយក៏ដោយ»។
លោកបាននិយាយថា «តើអាចមានការសម្របសម្រួលគ្នាមួយឬទេ? វាហាក់ដូចជាពិបាកណាស់»។
ពួកមន្ត្រីបាននិយាយថាពួកមេដឹកនាំសហភាពអឺរ៉ុបបានបន្តការពិភាក្សាគ្នាអំពីអន្តោប្រវេសន៍កាលពីថ្ងៃសុក្រនៅក្រោយមានការជជែកដេញដោលគ្នាក្តៅគគុកមួយចំនួនជាងពីរម៉ោងអំពីអន្តោប្រវេសន៍កាលពីយប់ថ្ងៃព្រហស្បតិ៍មកនោះ៕