ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អឺរ៉ុប​ចាត់​ទុក​ប្រទេស​រុស្ស៊ី ​ចិន ​និង​លោក​ត្រាំ​ជា​ការ​គំរាម​កំហែង


លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​តាលិន ប្រទេស​អេស្តូនី កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​តាលិន ប្រទេស​អេស្តូនី កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាព​អឺរ៉ុប​និយាយ​ថា ​ប្រទេស​ចិន ​រុស្ស៊ី​និង​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ស្ថិត​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​ដែល​សហភាព​អឺរ៉ុប​កំពុង​ប្រឈម។

កំណត់​សម្គាល់​របស់​លោក​បាន​កើត​មាន​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ជូន​ប្រមុខ​មេដឹកនាំ​សហភាព​អឺរ៉ុប​២៧​រូប​មុន​ពេល​សន្និសីទ​កំពូល​នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ម៉ាល់ត៍។

លោក Tusk ប្រធាន​សហភាពអឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា «ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ដាក់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ​ ដោយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក​ហាក់​ដូច​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៧០​ឆ្នាំ​ចុងក្រោយ​នេះ‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទទូច​ពី​គោល​នយោបាយ​ដែល​គិតគូរ​ប្រ​ទេស​អាមេរិក​មុន​គេ ​ហើយ​បាន​ចោទ​សួរ​ថា​តើ​សមាជិក​របស់​អង្គការ​អូតង់​រួម​វិភាគ​ទាន​ចំណែក​ត្រឹមត្រូវ​របស់​ខ្លួន​ដល់​អង្គការ​នោះ​ដែរ​ឬ​ទេ។

លោក Tusk បាន​លាត​ត្រដាង​ការ​ការពារ​ប្រទេស​របស់​សហភាព​អឺរ៉ុប ​ដោយ​លោក​និយាយ​ថា សហភាព​អឺរ៉ុប​មិន​ដែល​បាន​ប្រឈមភាព​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​ទេ​ហើយ​ថា​ សហភាព​អឺរ៉ុប​ត្រូវ​តែ​ក្លាហាន រ៉ឹងប៉ឹង​ និង​មាន​ការ​សាមគ្គីភាព​ខាង​នយោបាយ។

លោក Tusk ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​សហភាព​អឺរ៉ុប ​ត្រូវ​តែ​ងើប​ឈរ​ឡើង​ដើម្បី​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ​រុស្ស៊ី ​ចិន ឬ​ប្រទេស​តួកគី ​ហើយ​មិន​ត្រូវ​ចុះ​ចាញ់​មនោសញ្ចេតនា​ខាង​ប្រជានិយម​ និង​ការ​ស្អប់​ជនបរទេស​ដែល​ប្រឆាំង​នឹង​សមាហរណកម្ម​អឺរ៉ុប​នោះ​ទេ។

ដោយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឡើង​វិញ​ដែល​ជា​ការ​ល្អ​សម្រាប់​សហរដ្ឋ​អាមេរិក​នោះ ​លោក Tusk បាន​គាំទ្រ​សហភាព​អឺរ៉ុប​ដើម្បី​ការពារ​ពលរដ្ឋ​ និង​ពាណិជ្ជកម្ម​របស់​ខ្លួននិង​ចងចាំ​ថា ពាណិជ្ជកម្ម​សេរី​មាន​ន័យ​ថា ​ពាណិជ្ជកម្ម​ត្រឹមត្រូវ៕

XS
SM
MD
LG