គណៈកម្មការអឺរ៉ុបបាននិយាយកាលថ្ងៃសុក្រថាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាអាទិភាពខ្ពស់មួយនៅក្នុង «របៀបដោះស្រាយពេញលេញមួយចំពោះបញ្ហាទេសន្តប្រវេសក៍» ក្នុងឆ្នាំ២០១៥នេះ។
គណៈកម្មការនេះបានកត់សម្គាល់ថាអ្នកជួញដូរមនុស្សបានរកឃើញផ្លូវថ្មីទៅកាន់ទ្វីបអឺរ៉ុបហើយកំពុងប្រើវិធីថ្មីទាំងនេះដើម្បីទាញយកប្រយោជន៍ពីមនុស្សអស់សង្ឃឹមដែលខិតខំព្យាយាមរត់គេចខ្លួនចេញពីជម្លោះនិងសង្គ្រាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ សេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មការនេះបាននិយាយថា «យើងមិនត្រូវអនុញ្ញាតឱ្យអ្នកជួញដូរមនុស្សធ្វើឱ្យអន្តរាយដល់ជីវិតមនុស្សនៅក្នុងនាវាចាស់ៗនិងត្រូវបោះបង់ចោលនៅក្នុងផ្ទៃសមុទ្រដែលមានគ្រោះថ្នាក់នោះទេ»។
ជាលើកទីពីរក្នុងសប្តាហ៍នេះ អាជ្ញាធរអ៊ីតាលីបានត្រួតត្រានាវាដឹកទំនិញមួយគ្រឿងទៀតដែលមានដឹកទេសន្តប្រវេសក៍រាប់រយនាក់ដែលបានត្រូវបោះបង់ដោយក្រុមនាវិកក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលីប៉ែកខាងត្បូង។
កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីនៃកងឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបានសម្រូតខ្លួនចុះពីឧទ្ធម្ភាគចក្រទៅលើផ្នែកខាងលើនៃនាវាឈ្មោះ Ezadeen ដែលបានបើកមកពីប្រទេសទួរគី។
កប៉ាល់នេះដែលមានដោតទង់ជាតិប្រទេសសៀរ៉ាឡេអូន (Sierra Leone) គ្មាននាវិកនៅលើនោះទេហើយបានរលត់ម៉ាស៊ីននៅក្នុងសមុទ្រមានរលកធំៗនៅពេលវាអណ្តែតក្នុងចម្ងាយប្រមាណ៤០គ.ម.នៅទល់មុខនឹងក្រុង Crotone នៃប្រទេសអ៊ីតាលី។ អាជ្ញាធរស្ទង់ប្រមាណថាមានមនុស្សប្រមាណ៤៥០នាក់នៅលើកប៉ាល់នោះដោយមានរួមបញ្ចូលទាំងស្ត្រីនិងកុមារផងដែរ។ គេយល់ថាមនុស្សភាគច្រើនក្នុងចំណោមអ្នកទាំងនោះជាជនជាតិស៊ីរី។
កាលពីពេលមុននេះ អ្នកដំណើរម្នាក់ដែលអាចប្រើប្រាស់វិទ្យុនៃនាវានោះបាននិយាយប្រាប់អាជ្ញាធរថានាវិកបានលោតចុះពីនាវានោះ៕