រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសក្នុងសហភាពអឺរ៉ុប កំពុងធ្វើសន្និសីទរួមគ្នាមួយនៅក្នុងប្រទេសលុចសំបួ (Luxembourg) ដើម្បីពិភាក្សាអំពីមហន្តរាយជនអន្តោប្រវេសន៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
ជំនួបនៅថ្ងៃច័ន្ទនេះ កើតមានឡើងនៅពេលដែលប្រទេសអ៊ីតាលីបន្តការស្វែងរកដ៏ធំមួយនិងកិច្ចប្រតិបត្តិការជួយសង្គ្រោះទូកដែលបានក្រឡាប់នៅសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅផ្ទៃទឹកនៃប្រទេសលីប៊ី។ ទូកនោះបានដឹកជនចំណាកស្រុករាប់រយនាក់ ខណៈពេលដូចគ្នាជួយសង្គ្រោះជនអន្តោប្រវេសន៍ស៊ីរីពីកប៉ាល់មួយទៀតនៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រកោះ Sicily។
កូនក្មេង១៣នាក់ស្ថិតនៅក្នុងចំណោមជនចំណាកស្រុកស៊ីរី៩៨នាក់ ដែលទូករបស់ពួកគេមានប្រភពដើមចាកចេញពីប្រទេសតួគី ធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅកាន់ទ្វីបអឺរ៉ុប។
លោកស្រី Federica Mogherina ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃច័ន្ទនេះថា ទ្វីបនេះមានកាត្វកិច្ចខាងសីលធម៌ដើម្បីផ្តោតលើការទទួលខុសត្រូវ នៅពេលដែលក្រុមប្រទេសអឺរ៉ុបការពារប្រភេទនៃសោធនាដកម្មទាំងនេះកុំឲ្យកើតមានឡើងម្តងហើយម្តងទៀត។
លោកស្រី Carlotta Sami អ្នកនាំពាក្យស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនចំណាកស្រុកដែលកំពុងស្វះស្វែងរកជីវភាពប្រសើរឡើងនៅអឺរ៉ុប កំពុងធ្វើដំណើរតាមផ្លូវនានាដើម្បីឲ្យបានទៅដល់ទិសដៅរបស់ខ្លួន៕