ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រុង​ប្រៀប​ទន្ទឹង​រង់​ចាំ​លទ្ធផល​ EBA


រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M មួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M មួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

បើ​មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ ​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​ខាង​មុខ​នេះ ​សហភាព​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន ​លើ​វាសនា​អនាគត​នៃ​វត្តមាន​របស់​កម្ពុជា ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញទៅ​កាន់​ទីផ្សារ​រួមមួយ​នេះ ក្នុង​ក្រប​ខណ្ឌ​ពាណិជ្ជកម្ម​ «គ្រប់ទំនិញទាំងអស់​លើក​លែង​តែ​សព្វាវុធ» ឬហៅថា​ Everything But Arms ​(EBA)។​

បណ្ដាញ​សារ​ព័ត៌មាន ​Bloomberg ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ បាន​ដក​ស្រង់​ប្រភព​ក្រៅ​ផ្លូវ​ការ ​ដែល​បានបញ្ជាក់ថា ​សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​ដក​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។​

ការ​សម្រេច​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ​ធ្វើឡើង​មួយ​ឆ្នាំ​បន្ទាប់​ពី​ប្លុក​ដែល​បច្ចុប្បន្ន​មាន​រដ្ឋ​សមាជិក​ចំនួន​២៧​មួយ​នេះ ​បាន​ប្រកាស​សើរើ​ឡើង​វិញ​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់កម្ពុជា ​ក្នុង​ការ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ EBA ​ដែល​កម្ពុជា​អាច​នាំ​ទំនិញ​ច្រើន​ពាន់​លាន​ដុល្លារ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​មួយឆ្នាំៗ ​ដោយ​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​គយ​អ្វី​ទាំង​អស់។​

ការណ៍​ដែល​រុញ​ឱ្យ​មាន​ការ​សើរើ​នេះ​ ទីក្រុង​ព្រុចសែល​បាន​លើក​ហេតុ​ផល ​អំពី​ស្ថាន​ភាព​អាប់​អួរ​នៃ​លំហរ​នយោបាយ ​និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ដែល​រួម​មាន​ការ​រំលាយ​បក្ស​ជំទាស់​ដ៏​ធំបំផុត​ក្នុង​ប្រទេស ​ការ​គាបសង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​តស៊ូ​មតិ ​និង​ការ​អនុវត្ត​វិធាន​ការ​ច្បាប់​លើ​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​នឹង​រដ្ឋ ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​២០១៨ ​ដែល​បក្ស​ប្រជាជន​កម្ពុជា​ប្រមូល​អាសនៈ​ទាំង​អស់​នៅ​សភា​ជាន់​ទាប ​និង​ឈ្នះ​ឆ្នោត​ជា​ថ្មី។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកែក​មិន​ព្រម​តម្រូវ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ឡើយ ​ហើយ​ថា​ការ​ចាត់​ការ​ដ៏​ចម្រូង​ចម្រាស​ទាំង​ឡាយ​ទាំង​ពួង​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ ​គឺជា​វិធាន​ការ​ចាំបាច់​ក្នុង​ការ​អនុវត្ត​ច្បាប់ ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ ​សន្តិភាព ​ស្ថិរភាព ​និងនីតិរដ្ឋ ​តែ​អ្នក​រិះ​គន់​ថា ​នេះ​ជា​ហេតុ​ផល​ដើម្បី​ផាត់​ចេញ​ក្រុម​ប្រឆាំង​តែ​ប៉ុណ្ណោះ។​

យ៉ាង​ណា​ក៏​ដោយ ​ក្រុម​អ្នក​តាម​ដាន ​និង​អ្នក​ពាក់​ព័ន្ធ ​បាន​បរិយាយ​ការ​សម្រេច​នា​ថ្ងៃទី១២​ខែកុម្ភៈ​ខាង​មុខ​នេះ​ថា ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ ​ដែល​អញ្ញត្តិ​ឫស​របស់​វា​ អាច​នឹង​រាល​ដាល​ដល់​ស្ថាន​ការណ៍​អនាគត​នៃ​វិស័យ​សេដ្ឋកិច្ច​ នយោបាយ​ជាតិ ​និង​ចរន្ត​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​ថែម​ទៀត​ផង។​

ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ​ដែល​ត្រូវ​ឆ្លង​កាត់​ការ​រួច​ពន្ធ​គយ​ក្នុង​ក្រប​ខណ្ឌ ​EBA ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​មាន​ទំហំ​ជិត​៦ពាន់​លាន​ដុល្លារ ​កាល​ពីឆ្នាំ២០១៨ ​ដែល​ភាគ​ច្រើន​ជា​ទំនិញ​វាយនភណ្ឌ ​ស្បែកជើង ​ដែល​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជិត១លាននាក់។​

រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុបត្រូវបានដាក់នៅមុខទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុបត្រូវបានដាក់នៅមុខទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

អ្នកជំនាញនិង​អ្នក​ពាក់​ព័ន្ធ​បាន​លើក​ឡើង​ថា ​អវត្តមាន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នឹង​នាំ​នូវ​ផល​លំបាក​ដល់​សេដ្ឋ​កិច្ច​ជាតិ ​ដែល​បរិយាកាស​វិនិយោគ​នៅ​តែ​មាន​ភាព​ទាក់​ទាញ​និង​ភាព​ប្រកួត​ប្រជែង​មាន​កម្រិត ​ដ្បិត​បាន​ការ​អនុគ្រោះពន្ធ​នេះ​ហើយ ​បាន​មក​បូក​ផ្សំ​ជា​កត្តា​ឃុំ​គ្រង​រក្សា​វត្តមាន​វិនិយោគិន​ជា​ច្រើន​មក​បណ្ដាក់​ទុន​នៅ​ប្រទេស​មួយ​នេះ។​

ចាប់​តាំង​ពី​ខែមីនា ​ឆ្នាំ​២០១៩​មក រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធាន​ការ​សម្រួល​បរិយាកាស​វិនិយោគ ​រួមមានការកាត់បន្ថយ​ការិយាធិបតេយ្យ ​និង​ចំណាយ​ថ្លៃ​ដើម ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​ការ​រៀប​ជើង​ព្រួល​ដើម្បី​ផ្ដល់​ឱ្យ​វិនិយោគិន​នូវ​ភាព​ប្រកួត​ប្រជែង​បន្ថែមទៀត ​ក្នុង​ការ​បន្ត​វិនិយោគ ​និង​បន្ថែម​ការ​វិនិយោគ ​ទោះ​គ្មាន EBA ​ក៏​ដោយ។​

យ៉ាង​ណា​ក៏​ដោយ ​ការ​កើន​ឡើង​លឿន​នៃ​តម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា ​និង​ការ​បន្ថែម​បទប្បញ្ញត្តិ​គាំពារ​ការងារ​ជា​ច្រើន​ដង ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​នាំ​ឱ្យ​ភាព​ទាក់​ទាញ​ដែល​មាន​ស្រាប់​ផ្សេង​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ហាក់​មាន​ភាព​ថម​ថយ។ ​នេះ​បើ​យោង​តាម​លោក ​Casey ​Barnett​ ប្រធាន​សាលាពាណិជ្ជកម្ម ​CamED ​នៅ​ទីក្រុង​ភ្នំពេញ។​

លោក ​Casey ​Barnett ​បាន​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិក ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​ «ក្នុង​រយៈពេល​វែង ​រដ្ឋាភិបាល​អាច​ជួយ​បន្ទាប​តម្លៃ​ដើម ​ដោយ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​វិស័យ​ថាមពល ​និង​ដឹកជញ្ជូន»។​

ក្នុង​សិក្ខាសាលា​មួយ​កាល​ពី​សប្ដាហ៍​មុន ​លោក ​វង្សី ​វិសុទ្ធ ​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ ​បាន​ព្យាករណ៍​ថា ​សហភាព​អឺរ៉ុប​នឹង​តម្រូវ​ឱ្យ​បង់​ពន្ធ​គយ​លើ​ប្រមាណ​ចន្លោះ​ពី២០%​ ទៅ៣០% ​លើ​ទំនិញ​កម្ពុជា ​ដែល​នឹង​នាំ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ប្រមាណ៥០០លាន​ដុល្លារ ​ខណៈ​កម្មករ​កម្មការនី​៣ម៉ឺន៥ពាន់​នាក់​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ។​

យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​សាលា​ពាណិជ្ជកម្ម ​CamED ​លោក ​Casey ​Barnett​ បាន​លើក​ឡើង​ថា ​ក្រុម​ថៅកែ​រោង​ចក្រក្នុង​វិស័យ​កាត់​ដេរ​ដែល​មាន​វត្តមាន​ស្រាប់​នៅ​កម្ពុជា​ មាន​ថ្លៃ​ដើម​វិនិយោគ​ជាប់​ឫស​នឹង​ទីតាំង​នេះ​ ​ដូចជាទី​តាំង​អចលន​ទ្រព្យ ​រួម​មាន​ដី​និងអគារ​រោង​ចក្រ ​សម្ភារៈ​ឧបក្ខារ​ផលិត ​និង​ការ​វិនិយោគ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​ដែល​នាំ​ឱ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​ប្ដូរ​ផ្លាស់​រើ​ទីតាំង។​

«ការ​បាត់​បង់​ពិត​ជាក់ស្ដែង​នៃ​ការងារ​ (បណ្ដាល​ពី​ការ​បាត់បង់ ​EBA) ​មិន​មែន​ស្ថិត​នៅ​ជាមួយ​នឹង​កម្លាំង​ការងារ​ដែលមានស្រាប់​ទេ ​តែ​ជា​ការ​ពង្រីក​ការងារ​ជួល​មនុស្ស​បន្ថែម​ទៅ​ថ្ងៃ​អនាគត។ ​ឆ្ពោះ​ទៅ​មុខ ​អវត្តមាន​នៃ​បុព្វសិទ្ធិ​ពាណិជ្ជ​កម្ម ​[EBA] ​អាច​នឹង​រារាំង​អ្នក​វិនិយោគ​ថ្មី​[បន្ថែម​មិន​ឱ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា]»។​

ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល ​បើ​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ដែល​ជា​ចំណុច​ទាក់​ទាញ​និង​ជា​កត្តា​ប្រកួត​ប្រជែង​ដ៏​សំខាន់​នៃ​ការ​វិនិយោគ​របស់​កម្ពុជា ​ប្រទេស​មួយ​នេះ​នឹង​ត្រូវ​បង់​តម្លៃ​បន្ថែម​ពន្ធ​គយ​ប្រមាណ​៧០០លានដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​សហភាព​អឺរ៉ុប​ ដែល​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ​ជា​ការ​ទម្លាក់​ការ​លើក​ទឹក​ចិត្ត​ការ​វិនិយោគ​ជា​ខ្លាំង​នៅ​កម្ពុជា​ ជា​ពិសេស​ក្នុង​វិស័យ​កាត់ដេរ​ដែល​ប្រើ​កម្មករ​ជិត​១​លាន​នាក់។​

អ្នក​បញ្ជា​ទិញ​ធំៗ​លំដាប់​សកល​លោក ​ដូចជា​ក្រុមហ៊ុន ​H&M ​បាន​លើក​ឡើង​ថា ​ឋានៈ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ ​EBA ​ជា​កត្តា​ទាក់​ទាញ​ដ៏​«សំខាន់»​ សម្រាប់​ការ​បោះ​ទុន​វិនិយោគ​លើ​វិស័យ​វាយន​ភណ្ឌ​របស់​កម្ពុជា។ ​នេះ​បើ​យោង​តាម​អ្នក​ស្រី ​Ulrika ​Isaksson ​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន ​H&M។​

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា៖ ​«ការ​ដក​ហូត​បុព្ធសិទ្ធិ​ EBA ​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរទីតាំង​វិនិយោគ​ដោយ​អន្លើ​ពី​សំណាក់​ក្រុមហ៊ុនH&M។ ​ប៉ុន្តែ​វា​លឿន​ពេក​ពេល​នេះ ​ដែល​យើង​មិន​ទាន់​អាច​ផ្តល់​សេចក្តី​លម្អិត​អំពី​រឿង​នេះ​នៅ​ឡើយ»។ ​

អ្នកស្រី ​Ulrika ​Isaksson ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​អ្នកស្រី​រក្សា​ជំហរ​ស្រប​ជាមួយ​នឹង​សហភាព​អឺរ៉ុប ​ចង់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​«ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​ដ៏​ធ្ងន់​ធ្ងរ​លើ​លំហរ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ប្រទេស»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជជែកគ្នា ខណៈពេលចូលរួមពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជជែកគ្នា ខណៈពេលចូលរួមពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថា​តើ​រដ្ឋាភិបាលក្រុង​ភ្នំពេញ​នឹង​សម្បទាន​ឬ​អត់​នោះ​ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចំណុច​កូន​សោរ​មួយ។​

ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស ​កាល​ពី​ថ្ងៃទី៣១ ​ខែមករា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​ដែល​ពី​ដើម​មក​បាន​ទន្ទេញ​ថា ​«មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ​និង​ការ​អនុគ្រោះ»​ ពី​បរទេស​នោះ ​បាន​លើក​ឡើង ​អំពី​ភ័យន្តរាយ​ដែល​កើត​ចេញ​ពី​ការ​ដាក់ទណ្ឌកម្ម និង​ផ្លែផ្កា​ចោទ​សួរ​អំពី​អនាគត​សហភាព​អឺរ៉ុប​ខ្លួន​ឯ​ង ​នៅ​ចំ​ពេល​មាន​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស។​

«នយោបាយ​ដាក់​ទណ្ឌកម្ម ​ដែល​ការ​ពិត​ជា​នយោបាយ​ប្រទេស​ធំ​សង្កត់​ទៅ​លើ​ប្រទេស​តូច​ជាង ​មិន​មែន​ជា​នយោបាយ​ត្រឹម​ត្រូវ​ទេ ​ជា​ពិសេស​នៅ​ពេល​ពួក​គេ​អនុវត្ត​នយោបាយ​នេះ ​ក្នុង​នាម​គុណ​តម្លៃ ​និង​គោលការណ៍​ដែល​គេ​ប្រើ ​ឬ​មិន​ប្រើ​ស្រប​តាមកាលៈ​ទេសៈ ​និង​ផល​ប្រយោជន៍​ណា​ដែលអំណោយ​ផល​ឱ្យ​គេ»។​

នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​បាន​៣៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀតថា៖ ​«ចំពោះ​កម្ពុជា​វិញ ​សហគមន៍​អន្តរជាតិ ​គប្បី​ជួយ​យើង​ឱ្យ​បាន​ខ្លាំង​ឡើង ​ឯកភាព​រឹង​មាំ​ឡើង ​ជា​ជាង​បំបែក​បំបាក់ ​បន្ទុច​បង្អាក់​ឱ្យ​ចុះ​ខ្សោយ​តាម​វិធានការ​ ដែល​នឹង​អាច​ក្លាយ​ជា​កំហុស​លើក​ទី៣របស់ខ្លួន»។​

សម្រាប់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​ស្គាល់​នូវ​ការ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ​នា​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ ​និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧​ នៅ​ចំពោះ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចេះ​តែ​កើន​ឡើង​សំឡេង​គាំទ្រ ​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ប្ដូរ​សេចក្ដី​សម្រេច ​បើក​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ​ជា​រឿង​មិន​អាច​ទៅ​រួច។​

យ៉ាង​ណា​ក្ដី​កន្លង​មក ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ ​សម្បទាន​មួយ​ចំនួន​ពី​ទីក្រុង​ភ្នំពេញ​ រួម​មាន​ការ​លើក​លែង​ទោស ​ឬ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ​នូវ​សមាជិក​សកម្មជន​បក្សជំទាស់ ​អ្នក​រិះ​គន់​រដ្ឋាភិបាល​និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ដែល​ត្រូវបាត់​បង់​សេរីភាព​ ដោយ​សារ​តែ​«ការ​អនុវត្ត​ច្បាប់»​របស់រដ្ឋាភិបាល ​និង​ដែល​ត្រូវបាន​អ្នក​ជំទាស់​បរិហារ​ថា​«មាន​ចរឹតនយោបាយ»។​

លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួនទៅ​ទទួល​ការ​ឃុំឃាំង​ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ អស់​មួយ​ឆ្នាំ ​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ​ក្នុង​ខណ្ឌ​ទួល​គោក​ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ២០១៨ ​មុន​នឹង​ត្រូវ​បាន​ដោះ​លែង​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​មុន។​

សវនាការ​ដែល​អូស​បន្លាយ​មិនងាយ​នឹង​ចាប់​ផ្ដើម​ លើ​សំណុំ​រឿង​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស» ​លើលោក​ កឹម ​សុខា ​នៅ​ទី​បំផុត​ទៅ​បាន​បើក​ដំណើរ​ការ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា កន្លង​ទៅ ​ហើយ​ការណ៍​នេះ ​ត្រូវ​បាន​តុលាការ​បង្ហើប​ថា ​អាចនឹង​អូស​បន្លាយ​ពេល​ដល់​ទៅ​បី​ខែ ​ពោល​គឺ​ហួស​ក្រោយ​លទ្ធផល​ EBA។​

លោក ​ហ៊ុន ​សែន ​ធ្លាប់​បាន​ព្រមាន​កាល​ពី​ពេល​កន្លង​មក​ថា «ការ​ដក​ EBA ​គឺ​មាន​តម្លៃ​ស្មើ​នឹង​សម្លាប់​បក្សប្រឆាំង»​ ហើយ​សហភាព​អឺរ៉ុប​នឹងពុំ​មាន​គន្លឹះ​ឬ​ចំណុច​ខ្ទាស់​អ្វី ​មក​និយាយ​ចរចា​ឬ​ដាក់​សម្ពាធ​ទីក្រុង​ភ្នំពេញ​ទៀត​ឡើយ។​

ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​ VOA​ ក្នុងស​ប្ដាហ៍​នេះ​ថា ​គណៈកម្មការ​អឺរ៉ុប ​ដែល​ជា​អង្គការ​នីតិ​ប្រតិបត្តិ​របស់ខ្លួន ​បាន​និង​កំពុង​មមាញឹកធ្វើ​សំណើ​នៃ​សេចក្ដី​សម្រេច​ចិត្ត​លើ​អនាគត​កម្ពុជា ​ក្នុង​ក្របខណ្ឌ​ EBA​ ជាមួយ​នឹង«ការ​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ដិត» ​ជាមួយ​សភា​អឺរ៉ុប ​និង​បណ្ដា​រដ្ឋ​ជា​សមាជិក។​

ការិយាល័យ​អ្នក​នាំពាក្យ​ដដែល​បាន​ឱ្យ​ដឹង​ដោយ​ខ្លី​យ៉ាង​ដូច្នេះ​ថា៖ «ជម្រើស​វិធាន​ការ​នានា​ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​ចេញ ​ពិត​ណាស់ ​នឹង​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យការ​រវាង​ការ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​ដែល​រុញ​បញ្ឆេះ​ឱ្យ​មាន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​នីតិវិធី​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​ព្រម​ពេល​ជាមួយ​នឹង​ការ​ថែ​រក្សា​ឱ្យ​គង់​វង្ស​នូវ​កម្មវត្ថុ​នៃ​ការ​អភិវឌ្ឍ​របស់​គម្រោង​ [EBA] ​នេះ​តែ​ម្ដង»។​

ក្នុង​ច្បាប់​ចម្លង​នៃ​របាយការណ៍​ព្រាង​មួយ​ចុះ​ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១៩ ​និង​មាន​កម្រាស់​៧០ទំព័រ ​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា ​ជា​របក​គំហើញ​នៃ​រង្វាយ​តម្លៃ​របស់​សហភាព​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ ​របាយការណ៍​នេះ បាន​គូស​ឱ្យ​ឃើញ​នូវ​«ការ​រំលោភ​បំពាន​ដ៏​ធ្ងន់​ធ្ងរ​និង​ជា​ប្រព័ន្ធ»​លើ​លំហរ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​និង​«ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ»​លើ​បញ្ហា​សិទ្ធិ​ការងារ។​

ថ្លែងនៅចំពោះមុខអ្នកសារ​ព័ត៌មានមុនចេញទៅចូលរួមសវនាការលើសំណុំក្ដីរូបលោក កាលពី​ថ្ងៃទី​០៦​ខែកុម្ភៈ ​លោក​ កឹម​ សុខា ​បាន​និយាយ​ថា លោក​រំពឹង​ថា​សេចក្ដី​សម្រេច​នានា​របស់​សហភាព​អឺរ៉ុប​នឹង​មិន​មាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ក្ដី​ប្រឆាំង​នឹង​រូប​លោក​ឡើយ។ ​

យ៉ាង​ណា​ក្ដី​លោក​បាន​លើកឡើ​ង​ថា៖ «ខ្ញុំ​សង្ឃឹម​ច្រើន ​[ថា​នឹង​រួច​ពី​ការ​ចោទ​ប្រកាន់]​ ពី​ព្រោះ​អី? ​រដ្ឋាភិបាល​ ថ្នាក់​ដឹក​នាំ​សព្វ​ថ្ងៃ​ហ្នឹង ​គាត់​មិន​ចង់​ដើរ​ចេញ​ពី​សហគមន៍​អន្តរជាតិ​ទេ»។​

អ្នក​ដែល​គាំទ្រ​ដ៏​ចម្បង​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ធ្លាប់​បាន​សន្យា​ជួយ​កម្ពុជា​លើ​បញ្ហា​ EBA។ ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ដើម​សប្ដាហ៍​នេះ ​លោក​ប្រធាន​រដ្ឋ​ចិន ​Xi ​Jinping ​បាន​លើក​ឡើងថា ​កម្ពុជា​មិន​ត្រូវ​«ឱនក្បាល»​ធ្វើ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។​

ក្នុង​ជំនួបដដែល​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ស្នើ​លោក​ប្រធាន​រដ្ឋ​ចិន ​ឱ្យ​ជួយ​គាំទ្រ​វិនិយោគិន​ចិន​ឱ្យ​បន្ត​បណ្ដាក់​ទុន​រក្សា​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វិនិយោគិន​បន្ថែម​ទៀត ​នៅ​ចំពោះ​មុខ​នៃ​លទ្ធភាព​នៃ​ការ​បាត់​បង់​បុព្វ​សិទ្ធិ​ពាណិជ្ជកម្ម​នេះ។ ​កម្ពុជា​ក៏​កំពុង​ចរចា​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ផង​ដែរ។​

លោក​បណ្ឌិត ​រ៉ូ ​វណ្ណៈ ​អ្នក​ជំនាញ​ភូមិ​សាស្ត្រ​នយោបាយ ​បាន​លើក​ឡើង​ថា​កាលៈទេសៈ​នេះ ​នឹង​បង្កើន​ការ​ពឹង​ពាក់​របស់​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន ​ហើយ​កម្ពុជា​ក៏​ខាត​ប្រយោជន៍​ បាត់​មុខ​មាត់​ រី​ឯ​អឺរ៉ុប​ខ្លួន​ឯង​ក៏​លែង​ទឹក​មាត់​ប្រៃ។​

«អ៊ីចឹង​បើ​សិន​ជា​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ចិន ​អ៊ីចឹង​បាន​ន័យ​ថា ​អាស៊ាន​វា ​វា​ វា​អាច​ហែក​ជា​សំឡេង​ហើយ ​វាធ្វើ​ឱ្យប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​ នៅ​ពេល​ដែល​អារិភាព​រវាង​ចិន​និង​អាមេរិក​ ឬក៏អារិភាព​រវាង​ចិន​និង​អឺរ៉ុប​ ផ្ទុះ​ឡើង​ក្នុង​ពេល​អនាគត អាស៊ាន​លែង​ជា​សំឡេង​ឯកច្ឆន្ទ​រួម ​តែ​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​អំណាច​ជាមួយ​នឹង​ចិន​ឬ​អឺរ៉ុប​ហើយ»។​

ការណ៍​នេះ​នឹង​បើក​លទ្ធភាព​ឱ្យ​កម្ពុជា​មាន​ភាព​តាន​តឹង​ជាមួយ​ប្រទេសក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​កាន់​តែ​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​ចិន ​លើ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ​ឆ្លង​ចូល​ឆ្នាំថ្មី​ឆ្នាំ​២០២០​នេះ ​ដែល​ទាម​ទារ​ឱ្យ​អ្នក​សម្រេច​ចិត្ត​នៅ​ភ្នំពេញ​ ពិចារណា​ឱ្យ​បាន​ដិត​ដល់​លើ​ការ​«ពឹង​អាស្រ័យ​ដាច់​ណាត់»​ទៅ​លើ​ប្រទេស​ចិន។​ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​លោក​បណ្ឌិត​ រ៉ូ ​វណ្ណៈ៕

XS
SM
MD
LG