ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​​​​​​អឺរ៉ុប​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ដោះលែង​លោក​ ម៉ម សុណង់ដូ


កាល​​​ពី​​​ថ្ងៃ​​​ទី​​​០១ ខែ​​​តុលា សកម្មជន​ប្រជាធិបតេយ្យ​ លោក ម៉ម សុណង់ដូ ​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទា​​​ទោស​ឲ្យ​ជាប់​​​ពន្ធនាគារ​ចំនួន​​​២០​​​ឆ្នាំ​ ពី​​​បទ​អ្វី​​​មួយ​ដែល​រដ្ឋាភិបាល​ហៅ​​​ថា​បង្កើត​តំបន់​​​អប្បគមន៍​ក្នុង​​​ស្រុក​ឆ្លូង​ខេត្ត​​​ក្រចេះ។
កាល​​​ពី​​​ថ្ងៃ​​​ទី​​​០១ ខែ​​​តុលា សកម្មជន​ប្រជាធិបតេយ្យ​ លោក ម៉ម សុណង់ដូ ​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទា​​​ទោស​ឲ្យ​ជាប់​​​ពន្ធនាគារ​ចំនួន​​​២០​​​ឆ្នាំ​ ពី​​​បទ​អ្វី​​​មួយ​ដែល​រដ្ឋាភិបាល​ហៅ​​​ថា​បង្កើត​តំបន់​​​អប្បគមន៍​ក្នុង​​​ស្រុក​ឆ្លូង​ខេត្ត​​​ក្រចេះ។
ភ្នំពេញ៖ សភា​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និង​ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស​ព្រមទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

នៅ​ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​សភា​អឺរ៉ុប​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក​ ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក​ម៉ម សុណង់ដូ «ដោយ​គ្មាន​លក្ខខណ្ឌ​និង​ជា​បន្ទាន់»។ សកម្មជន​ប្រជាធិបតេយ្យ​រូប​នេះ​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ពី​បទ​អ្វី​មួយ​ដែល​រដ្ឋាភិបាល​ហៅ​ថា​បង្កើត​តំបន់​អប្បគមន៍​ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ។

នៅ​ក្នុង​ដំណោះស្រាយ​ដដែល​នោះ​ សភា​អឺរ៉ុប​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ​អំពី​ស្ថានភាព​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី​ ដែល​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ ​ហើយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន។

សមាជិក​សភា​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា​ ខ្លួន​ផ្កោ​ល​ទោស​ការ​ផ្តន្ទា​ទោស​ទាំងឡាយ​ណា​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អ្នក​រិះគន់​នយោបាយ​ ប្រឆាំង​នឹង​តំណាងរាស្ដ្រ​ជំទាស់​ដូច​ជា​ លោក​ សម រង្ស៊ី​ជា​ដើម។ ហើយ​សភា​អឺរ៉ុប​ថ្កោល​ទោស​ការ​ផ្តន្ទាទោស​សកម្មជន​សិទ្ធិមនុស្ស​និង​សកម្មជន​ដីធ្លី។

សភា​អឺរ៉ុប​ក៏​បាន​លើក​ពី​ករណី​បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី សកម្មជន​ការពារ​បរិដ្ឋាន​កម្ពុជា​ដ៏​សកម្ម ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ដែល​បាន​កើន​ដល់​៤០០.០០០​នាក់​រហូត​មក​ទល់​ពេល​នេះ។ សភា​ដដែល​បាន​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​រំលោភបំពាន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​តាម​ការ​ស្នើសុំ​ឲ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ។

ប្រតិកម្ម​តប​ទៅ​នឹង​សេចក្ដី​សម្រេច​នេះ​ លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​មាន​ចរិត​នយោបាយ។

«សេចក្តី​សម្រេច(resolution) គ្រាន់តែ​ជា​ការ​ចាប់​អារម្មណ៍​មួយ​តែ​មិនមែន​ជា​ច្បាប់​ទេ។ ទី​ពីរ​សេចក្ដី​សម្រេច​នេះ​គ្រាន់តែ​ស្ថិត​ក្នុង​ទិដ្ឋភាព​នយោបាយ​មិនមែន​ស្ថិត​ក្នុង​ភាព​និតិរដ្ឋ។ ដូច្នេះ​ការ​ដាក់​គំនាប​ឬ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ភាសា​មួយ​ហួស​សម័យ​ហើយ​កម្ពុជា​មិន​ស្ថិត​ក្រោម​អាណានិគម​របស់​ពួក​អឺរ៉ុប​ទេ»។

ទោះ​ជា​យ៉ាងណា ​លោក​ អំ សំអាត ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​លោក​ យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ដូច​គ្នា​ថា ​សេចក្ដីសម្រេច​របស់​សភា​អឺរ៉ុប​បាន​បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា។

លោក​ អំ សំអាត ៖ «រាជរដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ ជាពិសេស​ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​រឹតត្បិត។ មួយ​ទៀត​យើង​សុំ​ឲ្យ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ទៅ​ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ពិត​ប្រាកដ។ បើ​មិន​អញ្ចឹង​ទេ​បាន​ន័យ​ថា​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រឹត​បន្តឹង​សេរីភាព»។

ជាមួយ​គ្នា​នេះ​លោក​ យឹម សុវណ្ណ អះអាង​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បង្ក​ជា​កង្វល់​ជាសកល។

«គឺ​ជា​ការណ៍​ពិត​មាន​អង្គការ​សហប្រជាជាតិ​ សហគមន៍​អឺរ៉ុប សហភាព​អន្តរសភា ប្រទេស​ជា​មិត្ត ប្រទេស​នៅ​ក្នុង​តំបន់​ គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា អំពី​ការ​បោះឆ្នោត​ដែល​មិន​សេរី​និង​យុត្តិធម៌។ បញ្ហា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សង្គម​មាន​បញ្ហា​ដែល​ថ្នាក់​ដឹកនាំ​មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​ឆន្ទៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ»។

ទោះ​ជា​យ៉ាង​ណា​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី​បាន​លើក​ជា​ថ្មី​ម្តង​ទៀត​ថា ​កម្ពុជា​កំពុង​ធ្វើ​ការ​កែទម្រង់​ផ្សេងៗ​ដោយ​មិន​ចាំបាច់​មាន​ការ​ដាស់​តឿន​ពី​សភា​អឺរ៉ុប​នោះ​ទេ៕
XS
SM
MD
LG