ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ សមាជិរាជវង្សមួយអង្គ បានមានបន្ទូលថាករណីលោកម៉ម សូណង់ដូគឺជារឿងនយោបាយព្រះមហាវីរក្សត្រសម្តេចឪនរោត្តមសីហនុមិនអាចជួយអន្តរាគមន៍រឿងក្តីនេះបានទេ។
ព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានកើតមានឡើងក្រោយពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ កាលពីថ្ងៃច័ន្ទបានដាក់ញត្តិថ្វាយព្រះមហាក្សត្រនរោត្តមសីហមុនី និងសម្តេចឪ សម្តេចម៉ែឲ្យជួយដោះលែងលោកម៉ម សូណង់ដូ។
លោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំ កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល បន្ទាប់ពីតុលាការរកឃើញថា លោកបានជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
តំបន់អបគមន៍ត្រូវតុលាការរកឃើញថា មានគោលបំណងដើម្បីផ្តួលរំលំរបបគ្រប់គ្រងអស់រយៈពេលជិត៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ នៅថ្ងៃអង្គារនេះ បានមានបន្ទូលថា ករណីនេះមានតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនម្នាក់គត់ដែលអាចជួយលោកម៉ម សូណង់ដូឲ្យរួចខ្លួនបាន។ ព្រះអង្គម្ចាស់មិនមានជំនឿថា លោកម៉ម សូណង់ដូទៅបង្កើតតំបន់អបគមន៍ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដូចមានការចោទប្រកាន់របស់តុលាការទេ។
«ខ្ញុំមិនជឿថា ឯកឧត្តមម៉ម សូណង់ដូចង់ធ្វើអបគមន៍ទេ។ ដើម្បីធ្វើអបគមន៍ត្រូវតែមានកងទ័ព កងប្រដាប់អាវុធ។ ដោយឡែក ឯកឧត្តម គាត់គ្មានកងទ័ព កងប្រដាប់អាវុធអីដើម្បីធ្វើអប្បគមន៍ទេ»។
អ្នកស្រីហួន ផាន់ណារី អគ្គលេខាធិការរងនៃសមាគមអ្នកប្រជាធិបតេយ្យ បាននិយាយថា នៅក្នុងប្រទេសកម្ពុជាមានបុគ្គលតែម្នាក់គត់ ដែលអាចសម្រេចរឿងក្តីលោកម៉ម សូណង់ដូ។ អ្នកស្រីទំនងជាសំដៅទៅលើលោកនាយករដុ្ឋមន្ត្រីហ៊ុន សែន។ អ្នកស្រីបាននិយាយទៀតថា អ្នកស្រីគ្មានសង្ឃឹមថា ព្រះមហាក្សត្រនឹងអាចជួយអន្តរាគមន៍ចំពោះរឿងក្តីនេះបានទេ។
«មានតែម្នាក់ទេ ដែលធំជាងគេនៅស្រុកខ្មែរ។ អញ្ចឹងអ្នកណាក៏មិនអាចលូកដៃបានដែរ ព្រោះស្រុកខ្មែរយើងមានព្រះមហាក្សត្រ ហើយយើងតែងតែដាក់លិខិតទៅបាន ឬមិនបាន យើងចាំគិតតទៅទៀត»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិកាទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលមិនអាចលូកដៃចូលក្នុងកិច្ចការរបស់តុលាការបានទេ។
«រដ្ឋាភិបាលយើងនៅតែមិនលូកដៃ លូកជើងចូល។ យើងទុកឲ្យដំណើរការយុត្តិធម៌ដែលគ្មានឧបសគ្គទៅតាមអ្វីដែលយើងហៅថា ឯករាជ្យ ហើយនឹងអធិបតេយ្យភាព»។
បន្ទាប់ពីការកាត់ទោសលោកម៉ម សូណង់ដូឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ មានប្រទេសមហាអំណាចសំខាន់ៗ ដែលរួមមានសហរដ្ឋអាមេរិកផង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ៕