ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Donald Tusk បានសរសេរនៅលើ Twitter នៅថ្ងៃអាទិត្យនេះថា នៅឯកិច្ចប្រជុំមួយនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក មេដឹកនាំនៃប្រទេសជាសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប «បានគាំទ្រកិច្ចព្រមព្រៀងចាកចេញ និងសេចក្ដីថ្លែងការណ៍នយោបាយអំពីអនាគតនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស»។
កិច្ចព្រមព្រៀងកម្រាស់ជិត ៦ រយទំព័រនេះចែងពីលក្ខខណ្ឌនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងកំណត់នូវគម្រោងមួយសម្រាប់ទំនាក់ទំនងនៅពេលអនាគតរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
ឥឡូវនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ប្រឈមនឹងការណ៍ដែលកិច្ចព្រមព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភារបស់អង់គ្លេស។
កិច្ចព្រមព្រៀងនេះអាចចូលជាធរមានបាន ដរាបណារដ្ឋសភាអង់គ្លេសអនុម័តគាំទ្រ។ បើមិនដូច្នេះទេ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំក្រោយនេះ ដោយគ្មានកិច្ចព្រមព្រៀងណាមួយដើម្បីសម្រាលបញ្ហារំខានផ្នែកសេដ្ឋកិច្ចនោះឡើយ។
នៅក្នុងលិខិតចំហមួយដែលបានផ្សព្វផ្សាយនៅក្នុងកាសែតនានារបស់អង់គ្លេសនៅថ្ងៃអាទិត្យនេះ លោកស្រី Theresa May បានអំពាវនាវដោយផ្ទាល់ដល់ពលរដ្ឋអង់គ្លេសឲ្យជួយគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបនេះ ទោះបីជាគេនៅមិនទាន់ច្បាស់ថាតើលោកស្រីនឹងទទួលបានការគាំទ្រពីគណបក្សអភិរក្សនិយមរបស់លោកស្រីផ្ទាល់ដែរឬក៏យ៉ាងណាក៏ដោយ៕