រដ្ឋាភិបាលចិនសន្យានាំចូលអង្ករខ្មែរចំនួន៤០ម៉ឺនតោនពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជាចិនឱ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងផ្តល់ជំនួយឥតសំណងចំនួនជិត៦០០លានដុល្លារដល់កម្ពុជា។ នេះបើយោងតាមព័ត៌មានដែលផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន។
ការសន្យារបស់ប្រទេសចិនកុម្មុយនីស្តធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃចន្ទ ទី២១ កន្លងទៅនេះ ដែលជាថ្ងៃទី៣នៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកហ៊ុន សែនទៅកាន់ក្រុងប៉េកាំង ប្រទេសចិន។
ព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនក៏បានឱ្យដឹងផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់លោកក្នុងជំនួបទ្វេភាគីថា ចិននឹងនៅតែបន្តពង្រឹងចំណងទាក់ទងទ្វេភាគីជាមួយកម្ពុជាឱ្យដល់«កម្រិតមួយដែលខ្ពស់បំផុត»ដែលខុសពីប្រទេសផ្សេងៗ ហើយចិននឹងជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍនៅកម្ពុជា។ លោកហ៊ុន សែនបានន្ថែមថា លោក ស៊ី ជីនពីង បានសន្យាថា នឹងជួយទិញអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោន ជួយជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ និងផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារសម្រាប់អភិវឌ្ឍកម្ពុជារយៈពេលបីឆ្នាំ ដែលចាប់ពីឆ្នាំ២០១៩នេះតទៅ។
លោកហ៊ុន សែនបានស្រង់សម្តីរបស់លោកស៊ី ជីងពីងនៅក្នុងកិច្ចប្រជុំទ្វេភាគីយ៉ាងដូច្នេះ៖
«ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ បើទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជាគឺពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះ ចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរឹងមាំទ្វេឡើងថែមទៀត»។
ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងចិនកើតឡើងស្របពេលដែលសហភាពអឺរ៉ុបប្រកាសយកពន្ធអង្ករនាំចូលពីកម្ពុជារយៈពេលបីឆ្នាំ និងកំពុងពិនិត្យមើលលទ្ធភាពនៃការដកកម្ពុជាចេញឋានៈអនុគ្រោះពន្ធលើអ្វីៗគ្រប់យ៉ាងលើកឡើងតែអាវុធ ឬEBA។
ការយកពន្ធលើការនាំអង្ករកម្ពុជាចូលទៅទីផ្សារអឺរ៉ុបត្រូវបានប្រកាសឡើងភ្លាមៗកាលពីចុងសប្តាហ៍កន្លងទៅ ហើយការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាខកចិត្តយ៉ាងខ្លាំង និងប្រកាសថា កម្ពុជាខាតបង់ប្រាក់ប្រមាណ៥០លានដុល្លារក្នុង១ឆ្នាំៗពីការដាក់ពន្ធថ្មីនេះ។
លោកគី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានចាត់ទុកការអនុញ្ញាតរបស់ចិនឲ្យកម្ពុជានាំអង្ករចូលទៅក្នុងទីផ្សាររបស់ខ្លួនចំនួន៤០ម៉ឺនតោននោះគឺជាការផ្តល់អំណាចដល់កសិករនៅកម្ពុជានិងបង្កើនជម្រើសនាំចេញរបស់កម្ពុជា។ កាលពីពេលកន្លងមក ទីផ្សារនាំចេញរបស់កម្ពុជាមានតែបីធំៗប៉ុណ្ណោះរួមមានថៃ វៀតណាម និងអឺរ៉ុប។
លោកសេរីវឌ្ឍន៍បាននិយាយថា៖
«ចិនផ្តល់ឱកាសឲ្យកម្ពុជានាំអង្ករចេញ៤០ម៉ឺនតោននេះគឺជាការបើកទំព័រមួយថ្មី មានន័យថា គឺជាការបើកឥទ្ធិពល ឬក៏អំណាចនៃប្រទេសនាំចេញហ្នឹងមានអំណាចនៅក្នុងការកំណត់ថ្លៃច្រើនជាងមុន មានន័យថា មានជម្រើស»។
ទាក់ទិននឹងការផ្តល់ជំនួយឥតសំណង លោកគី សេរីសេរីវឌ្ឍន៍បានលើកឡើងថា គឺមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ចំពោះផលវិជ្ជមាន លោកសេរីវឌ្ឍន៍បានសង្កត់ធ្ងន់ពីលទ្ធភាពនៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ប៉ុន្តែផលអវិជ្ជមានគឺការនាំយកជនជាតិចិនមកធ្វើការសាងសង់ និងគុណភាពនៃសំណង់។
លោកបាននិយាយថា៖
«ធម្មតាកាលណា គេផ្តល់ជំនួយឥតសំណង វាជាចំណុចមួយល្អសម្រាប់កម្ពុជា យកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ។ ហេដ្ឋារចនាសម្ព័ន្ធចិនហ្នឹង យើងបានជំនួយគេមែន តែការផលិតផ្លូវអស់ហ្នឹងគឺប្រើប្រាស់កម្មកររបស់ចិន ប្រើប្រាស់ក្រុមហ៊ុនរបស់ចិន។ ហើយគុណភាពនៃផ្លូវនេះគឺធ្វើឲ្យមានការពិបាកទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ ដែលយើងឃើញបទពិសោធន៍កន្លងមក។ ជាបន្តទៅទៀតនេះ យើងមិនដឹងថា តើគុណភាពនៃការធ្វើផ្លូវហ្នឹង វាបានធ្វើការវិវត្តទៅកម្រិតណាទេ»។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងថាប្រធានាធិបតីចិន លោក ស៊ី ជីងពីង បាននិយាយពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌផ្លូវក្រវ៉ាត់ពាណិជ្ជកម្មចិនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។
លោក គី សេរីវឌ្ឍន៍ ចាត់ទុកការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិនជាការបង្កើនឥទ្ធិពលមួយសម្រាប់កម្ពុជានៅលើពិភពលោកស្របពេលដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។ លោកបានបន្ថែមថា កម្ពុជាត្រូវការចិនជាជន្ទល់ដើម្បីការពារការគំរាមកំហែងផ្នែកសេដ្ឋកិច្ចផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញមានលំហូរចូលនៃការវិនិយោគចិនយ៉ាងច្រើននៅក្នុងវិស័យសំណង់ និងអាជីវកម្មផ្សេងៗ ជាពិសេសនៅខេត្តព្រះសីហនុ ដែលបានបង្កឲ្យមានការបារម្ភអំពីអស្ថិរភាពតម្លៃអចលនទ្រព្យ និងភាពអនាធិបតេយ្យនានាពីលំហូរចូលនៃជនជាតិចិន៕