សហភាពអឺរ៉ុបបានយល់ស្របគ្នាថា សំណើរបស់ចក្រភពអង់គ្លេសសុំពន្យារពេលថ្ងៃកំណត់ចុងក្រោយសម្រាប់ការដកខ្លួនចេញពីសហភាពនេះដែលមានប្រទេស២៨ជាសមាជិកនោះជាការចាំបាច់ ក៏ប៉ុន្តែសហភាពអឺរ៉ុបមិនទាន់បានកំណត់រយៈពេលនៃការពន្យារពេលនេះនៅឡើយទេ។
មន្ត្រីសហភាពអឺរ៉ុបម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីរដ្ឋឯទៀតៗចំនួន២៧នៃសហភាពអឺរ៉ុបបានប្រជុំគ្នាកាលពីថ្ងៃសុក្រនៅក្នុងក្រុងប៊្រុចសែល ក៏មានកិច្ចព្រមព្រៀងគ្នាទាំងស្រុងអំពីសេចក្តីត្រូវការឱ្យមានការពន្យារពេលនេះ។
ការប្រជុំគ្នានេះបានធ្វើឡើងតិចជាងមួយសប្តាហ៍មុនពេលកំណត់ចុងក្រោយបង្អស់សម្រាប់ការចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលា។
ពួកប្រេសិតនៃសហភាពអឺរ៉ុបបានប្រជុំគ្នាដើម្បីពិភាក្សាអំពីរយៈពេលនៃការពន្យារពេលលើកទីបី ក៏ប៉ុន្តែពួកអ្នកការទូតបាននិយាយថា ពួកគេមានការប្រុងប្រយ័ត្នអំពីការកំណត់ថ្ងៃខែមួយពីព្រោះវាអាចមានឥទ្ធិពលលើព្រឹត្តិការណ៍នយោបាយក្នុងប្រទេសអង់គ្លេស។
មន្ត្រីរូបនេះបានថ្លែងថា ពួកប្រេសិត EU នឹងបន្តធ្វើការតទៅទៀតនៅដំណាច់សប្តាហ៍នេះហើយនឹងជួបប្រជុំគ្នាទៀតនៅក្នុងក្រុងប្រ៊ុចសែល នៅដើមសប្តាហ៍ក្រោយ។ ចក្រភពអង់គ្លេសបានសុំពន្យារពេលបីខែហួសពីថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃទី៣១ ខែតុលានៅពេលដែលលោកនាយករដ្ឋមន្ត្រី Boris Johnson ខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលពួកសមាជិកសភាឱ្យយល់ព្រមដល់កិច្ចព្រមព្រៀង Brexit៕