លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលរឹងទទឹងបាននិយាយថា លោកនឹងមិនធ្វើការចរចាឱ្យមានការពន្យាពេលថែមទៀតដល់ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបទេ នៅក្រោយចាញ់ឆ្នោតក្នុងសភាកាលពីថ្ងៃសៅរ៍ដែលមានន័យថា លោកមានកាតព្វកិច្ចសុំការពន្យាពេល។
ចំណាត់ការនេះដោយសភាអង់គ្លេសនៅថ្ងៃមួយដែលលោក Johnson ហៅថាជាពេលវេលាមួយដែលនឹងមានការជូបប្រទះផលវិបាកនៃកំហុសមួយកាលពីពេលមុនសម្រាប់ Brexit បង្កើនឱកាសថា ការចាកចេញនេះនឹងត្រូវពន្យាពេលលើកទៅថ្ងៃក្រោយ។ការណ៍នេះនឹងបង្កើនឱកាសសម្រាប់ពួកអ្នកប្រឆាំងនឹង Brexit ធ្វើឱ្យរសាយចិត្តដល់ការចាកចេញរបស់ចក្រភពអង់គ្លេស។
សភាអង់គ្លេសបានបោះឆ្នោត ៣២២សំឡេងទល់នឹង ៣០៦សំឡេងគាំទ្រវិសោធនកម្មមាន ២៦ពាក្យបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Johnson មានកាតព្វកិច្ចត្រូវសុំសហភាពអឺរ៉ុបឱ្យមានការពន្យាពេលរហូតដល់ដំណាច់ខែមករាឆ្នាំ២០២០។
លោក Johnson បាននិយាយប្រាប់សភាថា «ខ្ញុំនឹងមិនធ្វើការចរចាអំពីការពន្យាពេលជាមួយសហភាពអឺរ៉ុបទេ ហើយច្បាប់ក៏មិនបង្ខំខ្ញុំឱ្យធ្វើដូច្នេះដែរ។ ខ្ញុំនឹងនិយាយប្រាប់ពួកមិត្តភក្តិនិងពួកសហសេវិកយើងនៅក្នុងសហភាពអឺរ៉ុបដូចអ្វីដែលខ្ញុំបាននិយាយប្រាប់មនុស្សគ្រប់គ្នាកាលពី៨៨ថ្ងៃមុននេះថា ខ្ញុំបម្រើការជានាយករដ្ឋមន្ត្រី ថាការពន្យាពេលថែមទៀតជាការណ៍អាក្រក់សម្រាប់ប្រទេសនេះ អាក្រក់សម្រាប់សហភាពអឺរ៉ុបនិងអាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យផងដែរ»។
មានមនុស្សរាប់សែននាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅជិតសភាអង់គ្លេសទាមទារឱ្យមានការបោះឆ្នោតប្រជាមតិមួយលើកទៀតអំពីសមាជិកភាពរបស់អង់គ្លេសក្នុងសហភាពអឺរ៉ុប។
គណៈកម្មការអឺរ៉ុបបាននិយាយថា នៅពេលនេះអង់គ្លេសត្រូវតែប្រាប់មេដឹកនាំប្រតិបត្តិនៃសហភាពអឺរ៉ុបអំពីវិធានការបន្ទាប់របស់ខ្លួន។
ប្រភពការទូតបារាំងម្នាក់បាននិយាយថា ការពន្យាពេលមួយលើកទៀតមិនឋិតក្នុងផលប្រយោជន៍នរណាម្នាក់ទេ ក៏ប៉ុន្តែសហភាពអឺរ៉ុបនឹងមានការរារែកក្នុងការជំរុញចក្រភពអង់គ្លេសឆ្ពោះទៅកាន់ការចាកចេញដោយគ្មានរបៀបរៀបរយដោយប្រកែកមិនឱ្យមានការពន្យាពេល៕