សមាជិកសភាប្រទេសអេត្យូពីកាលពីថ្ងៃអង្គារបានអនុម័តលើសេចក្តីសម្រេច ហាមប្រាមមិនឲ្យជនបរទេសសុំកូនជនជាតិអេត្យូពីយកទៅចិញ្ចឹម ខណៈមានការបារម្ភពីការធ្វើបាបក្មេងទាំងនោះនៅក្រៅប្រទេស។
និតិវិធីថ្មីនេះត្រូវបានអនុម័តបន្ទាប់ពីមានការពិភាក្សាគ្នាដ៏តឹងតែងមួយ ដោយក្រុមអ្នករិះគន់ភ័យខ្លាចថាប្រទេសជាតិនឹងបាត់បង់ធនធានមនុស្ស ហើយក្នុងនោះមជ្ឈមណ្ឌលថែទាំទារកផ្សេងៗក៏បានចូលរួមគាំទ្រលើការដាក់បម្រាមនេះផងដែរ។
ប្រទេសអេត្យូពីគឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀត ដែលមានការសុំយកកូនមកចិញ្ចឹមជាច្រើននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមស្ថិតិរបស់ក្រសួងការបរទេស ក៏ប៉ុន្តែដោយសារតែកុមារអេត្យូពីម្នាក់ដែលបានស្លាប់នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងដៃម្តាយចិញ្ចឹមរបស់នាងកាលពីឆ្នាំ២០១១ និងការស្លាប់របស់កុមារអេត្យូពីម្នាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែឪពុកម្តាយចិញ្ចឹមរបស់នាងកាលពីឆ្នាំ២០១៣មក ប្រទេសអេត្យូពីបានកាត់បន្ថយការសុំយកកូនទៅចិញ្ចឹមដោយជនបរទេស និងបានបង្កើនការពិភាក្សាជុំវិញបញ្ហានេះ។
គោលនយោបាយជាតិថ្មីស្តីពីកុមាររបស់អេត្យូពី ចែងថាកុមារកំព្រាគួរតែធំដឹងក្តីក្នុងទឹកដីកំណើតរបស់ពួកគេ រៀនសូត្រពីប្រពៃណី និងវប្បធម៌របស់ប្រទេសពួកគេ។
ច្បាប់នោះបានចែងថា៖ «កុមារទាំងនោះគួរតែត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងប្រទេស ឬក៏ត្រូវគេជួយឧបត្ថម្ភដោយគ្រួសារជាអាណាព្យាបាល ជួយបង្រៀន ឬជួយពួកគេដើម្បីឲ្យពួកគេបានជួបជុំឳពុកម្តាយបង្កើត ឬសាច់ញាត្តិរបស់ពួកគេ»៕