យន្តហោះរបស់ក្រុមហ៊ុនអាកាសចរអេត្យូពី ដែលហោះចេញពីព្រលានយន្តហោះ Addis Ababa បានធ្លាក់ ក្រោយពីបានហោះបានតែបន្តិចកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់១៥៧នាក់នៅលើជើងហោះហើរនោះ។
សាជីវកម្មផ្សព្វផ្សាយរបស់រដ្ឋអេត្យូពី បានរាយការណ៍ថា យន្តហោះនោះ ដែលបានធ្លាក់នៅក្បែរទីក្រុង Bishoftu បានដឹកអ្នកដំណើរមកពីយ៉ាងតិចចំនួន៣៣ប្រទេស។
ពលរដ្ឋកេនយ៉ា៣២នាក់ កាណាដា១៨នាក់ អេត្យូពី៩នាក់ និងពលរដ្ឋអាមេរិកាំង៨នាក់ ព្រមទាំងបុគ្គលិកមួយចំនួនទៀតរបស់អង្គការសហប្រជាជាតិផងដែរ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង១៥៧នាក់នោះដែរ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «លោកអគ្គលេខាធិការសហប្រជាជាតិ មានការសោកសង្រេងយ៉ាងក្រៃលែង ចំពោះការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់ក្នុងគ្រោះធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យក្បែររដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពីនោះ»។
អាកាសចរអេត្យូពី និយាយថាជើងហោះហើរនោះ បានបាត់ទំនាក់ទំនងជាមួយព្រលានយន្តហោះអន្តរជាតិ Bole តែ៦នាទីប៉ុណ្ណោះ បន្ទាប់ពីយន្តហោះនោះ បានហោះឡើងនៅម៉ោង៨:៣៨នាទីព្រឹក ថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក៕