ប្រទេសអេត្យូពី (Ethiopia) បានបញ្ជាក់ថា ជនជាតិខ្លួន៣០នាក់ត្រូវបានសម្លាប់ដោយពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសលីប៊ី។
ការបញ្ជាក់អះអាងថាពិតនេះ មានឡើងកាលពីថ្ងៃច័ន្ទ មួយថ្ងៃក្រោយពីពួករដ្ឋអ៊ីស្លាមបានចេញផ្សាយវីដេអូមួយបង្ហាញជនអេត្យូពីកាន់គ្រឹស្តសាសនាត្រូវបានកាត់ក្បាលឬត្រូវបានបាញ់សម្លាប់នៅផ្នែកខាងក្រោយក្បាល។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអេត្យូពី បានថ្កោលទោសអ្វីដែលរដ្ឋាភិបាលនេះហៅថា«ការសម្លាប់រង្គាលពួកពលរដ្ឋខ្លួនដោយអមនុស្សធម៌»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា សភានឹងបើកការប្រជុំនៅថ្ងៃអង្គារនេះដើម្បីប្រកាសរយៈពេលកាន់មរណទុក្ខជាតិនិងប្រកាសអំពីវិធានការដែលរដ្ឋាភិបាលនឹងចាត់ជាការឆ្លើយតបនឹងការសម្លាប់ជនជាតិអេត្យូពីទាំងនេះ៕