ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំ APEC លោកប្រធានាធិបតី អូបាម៉ា បានយកផលប្រយោជន៍សេដ្ឋកិច្ចដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលក្នុងតំបន់គាំទ្រដល់កិច្ចព្រមព្រៀងយ៉ាងរឹងមាំជាសកល នាពេលខាងមុខ ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងប៉ារីសដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈកាបូន ដែលបានរួមចំណែកដល់ការឡើងកម្ដៅជាសកល។
លោកអូបាម៉ាបានថ្លែងថា៖ «ប្រសិនបើយើងអាចទទួលបានកិច្ចព្រមព្រៀងមួយ វាអាចជំរុញមានការងារថ្មីនិងឱកាស និងការវិនិយោគនៅក្នុងសេដ្ឋកិច្ចសកលដែលត្រូវការការកើនឡើងនាពេលឥឡូវនេះ»។
ប្រធានាធិបតីអាមេរិកបានកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុបានគំរាមកំហែងដល់សេដ្ឋកិច្ចនៃប្រទេសទាំង២១របស់ APEC ដែលស្មើនឹង៦០ភាគរយនៃទិន្នផលសកលនិងជាងពាក់កណ្ដាលនៃពាណិជ្ជកម្មពិភពលោក។
កោះទាបៗនៅក្នុងមហាប៉ាស៊ីហ្វិកកាន់តែងាយរងគ្រោះ ដោយសារការលិចលង់ ដោយទឹកជំនន់និងការបាត់បង់ដី ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ ហើយប្រទេសជាម្ចាស់ផ្ទះរបស់ APEC គឺប្រទេសហ្វីលីពីនបានបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងបានចំណាយរាប់ពាន់លានដុល្លារដើម្បីជួសជុលការខូចខាត បន្ទាប់ពីប្រទេសនេះត្រូវបានរងគ្រោះដោយខ្យល់ព្យុះ កាលពីពីរឆ្នាំមុន។
លោកអូបាម៉ាបានថ្លែងថា៖ «យើងដឹងថា បើមានព្រឹត្តិការណ៍អាកាសធាតុតែមួយលើក មិនប្រាកដបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុនោះទេ។ ប៉ុន្តែលំនាំដែលកើតឡើងនិងវិទ្យាសាស្ត្រមិនកុហកឡើយ សីតុណ្ហភាពនិងកម្រិតទឹកសមុទ្របានកើនឡើង ទឹកកកបានរលាយ ព្យុះមានកម្លាំងកាន់តែខ្លាំង»។
នៅសហរដ្ឋអាមេរិក ការគាំទ្រដ៏យូរអង្វែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដើម្បីកំណើនសេដ្ឋកិច្ចលូតលាស់ បានប្រឈមមុខនឹងការប្រឆាំងពីអ្នករិះគន់ខាងគណបក្សសាធារណរដ្ឋ។ បទបញ្ជាតឹងតែងដែលបានដាក់ដោយរដ្ឋបាលលោកអូបាម៉ា ត្រូវបានពួកគេតវ៉ាថា នឹងបង្កើនចំណាយលើការផលិតនិងធ្វើឱ្យក្រុមហ៊ុនអាមេរិកមិនអាចប្រកួតប្រជែងបាន។
ផ្ទុយទៅនឹងការអំពាវនាវរបស់លោកអូបាម៉ាសម្រាប់ការបង្កើនការវិនិយោគក្នុងវិស័យថាមពលស្អាត នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានថ្លែងត្រង់ៗ ក្នុងសុន្ទរកថារបស់លោកលើការលក់ប្រេងនិងឧស្ម័នជាច្រើនទៀតដល់តំបន់នេះ។
លោក Medvedev បានឱ្យដឹងថា៖ « ប្រទេសរុស្ស៊ីមានធនធានយ៉ាងច្រើន ហើយវាជាទីតាំងភូមិសាស្រ្តជិតមួយ ។ នេះជាមូលហេតុដែលយើងអាចផ្ដល់ការចែកចាយក្នុងរយៈពេលយូរ ក្នុងតម្លៃប្រកួតប្រជែងបាន»។
នាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសជាសមាជិក APEC អាចទាញយកប្រយោជន៍ពីតម្លៃប្រេងនិងឧស្ម័នទាបនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ជឿនលឿននិងតម្លៃរូបិយប័ណ្ណរុស្ស៊ីធ្លាក់ចុះ បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយការចំណាយលើការផលិតភ្លាម។
លោក Medvedev បាននិយាយថា នៅពេលដែលតម្លៃរូបិយប័ណ្ណរុស្ស៊ីចុះថោក វានឹងធ្វើឱ្យមានការកើនឡើងការនាំចេញគ្រាប់ធញ្ញជាតិក្នុងតម្លៃថោករបស់ប្រទេសរុស្ស៊ី។លោកថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្ស៊ីនឹងកើនឡើងដល់៣៥ទៅ៤០ លានតោន នៅត្រឹមឆ្នាំ២០២០។
លោកប្រធានាធិបតីចិន Xi Jinping បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសុន្ទរកថារបស់លោកនៅឯការប្រជុំ APEC។ ប៉ុន្តែដើម្បីជំរុញកំណើនសេដ្ឋកិច្ចលោកប្រមុខ Xi បានគាំទ្រការធ្វើកំណែទម្រង់ និងការបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងការកសាងទំនាក់ទំនងជិតស្និទ្ធរួមទាំងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក (FTAAP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីមួយ ដែលត្រូវបានគេមើលឃើញថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដឹកនាំដោយប្រទេសចិន ប្រឆាំងនឹងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ មាន ឥស្សរាយស