ដោយមានទីតាំងស្ថិតនៅចន្លោះប្រទេសរុស្ស៊ី ចក្រភពអូតូម៉ាន (Ottoman) និងចក្រភពពែក (Persian empires) ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ មានប្រវត្តិសាស្ត្រតានតឹងជាមួយគ្នាយ៉ាងយូរអង្វែងមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ នៅពេលដែលអាមេនីបានទាមទារទឹកដីនោះប្រឆាំងនឹងប្រទេសអាស៊ែបៃហ្សង់។ ជាលទ្ធផលនៃសង្គ្រាមដែលកើតមានបន្ទាប់មកនោះ នៅឆ្នាំ១៩៩២ កងម្លាំងប្រដាប់អាវុធអាមេនីបានគ្រប់គ្រងទឹកដីប្រទេសអាស៊ែបៃហ្សង់២០ភាគរយ បូករួមទាំងតំបន់ Nagorno-Karabakh និងស្រុកទាំង៧ដែលនៅជុំវិញនោះ។
នៅដើមខែនេះ ការផ្ទុះឡើងវិញនូវជម្លោះទាក់ទិននឹងដែនដីមួយផ្នែកដែលមានជម្លោះនៅ Nagorno-Karabakh នេះ បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ដោយមានប្រធានាធិបតីតួកគី Erdogan ចេញមុខប្ដេជ្ញាថា នឹងប្រគល់ដែនដីនេះទៅឲ្យប្រទេសអាស៊ែបៃហ្សង់វិញ។
អតីតឯកអគ្គរដ្ឋទូតតួកគីលោក Murat Bilhan ដែលជាអនុប្រធានមជ្ឈមណ្ឌលតួកគី-អាស៊ីសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ា និយាយថា ការអត្ថាធិប្បាយរបស់លោក Erdogan គឺដោយសារការព្រួយបារម្ភអំពីការប្រយុទ្ធគ្នានាពេលថ្មីៗនេះ។
«ជម្លោះនេះបានប៉ះលើខ្សែដែលមានភាពរសើបនៅក្នុងបេះដូងរបស់ប្រជាជនតួកគី ពីព្រោះពួកគេជាបងប្អូននឹងគ្នា ហើយពិតណាស់ពួកគេគាំទ្រប្រទសអាស៊ែបៃហ្សង់ មិនថាពួកគេត្រូវឬខុសទេ។ ពួកគេទទួលបានការគាំទ្រ»។
អាស៊ែបៃហ្សង់និងតួកគីតែងតែនិយាយសំដៅដល់តំបន់នេះនៅក្នុងប្រទេសតួកគីថាជា «ប្រជាជនតែមួយសម្រាប់ប្រទេសពីរ»។ ការគាំទ្រលើប្រទេសអាស៊ែបៃហ្សង់មានភាពពុះកញ្ច្រោលខ្លាំងក្នុងចំណោមអ្នកជាតិនិយមតួកគី និងជនជាតិភាគតិចតួកគី ដែលក្រុមទាំងពីរនេះគឺជាមូលដ្ឋាននៃការគាំទ្រដ៏សំខាន់សម្រាប់ប្រធានាធិបតី។
អ្នកវិទ្យាសាស្ត្រនយោបាយលោក Cengiz Aktar នៃសាកលវិទ្យាល័យ Suleyman Sah ក្នុងក្រុងIstanbul និយាយថា ជាមួយនឹងលោក Erdogan កំពុងធ្វើការជំរុញដើម្បីសម្រេចឲ្យបាននូវអំណាចប្រធានាធិបតីកាន់តែមានខ្លាំងតាមរយៈការបោះឆ្នោតប្រជាមតិ ប្រធានាធិបតីរូបនេះកំពុងតែសម្លឹងទៅរកការពង្រឹងមូលដ្ឋានបោះឆ្នោតរបស់ខ្លួន។
«ប្រធានាធិបតីតួកគីកំពុងប្រើប្រាស់អ្វីមួយ និងគ្រប់មធ្យោបាយទាំងអស់ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតដែលមានចរិកជាតិនិយម ហើយនៅគ្រប់កាលៈទេសៈទាំងអស់ ដែលលោកអាចកេងចំណេញពីមនោសញ្ចេតនារបស់អ្នកជាតិនិយម»។
លោក Erdogan ក៏បានរិះគន់ដល់ប្រទេសអាមេនីដែលនៅជិតខាង ដែលលោកបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះការប៉ះទង្គិចគ្នាចុងក្រោយទៅលើតំបន់ Nagorno-Karabakh។
ប្រទេសអាមេនីគឺជា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយអ្នកវិភាគនិយាយថា តំបន់Caucasus អាចក្លាយជាតំបន់ចុងក្រោយដែលបង្ហាញឲ្យឃើញភាពតានតឹងរវាងទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូ។
លោក Erdogan បានស្តីបន្ទោសចំពោះបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយការកើនឡើងនៃអំពើហិង្សាដែលដឹកនាំដោយរដ្ឋាភិបាលក្រុងមូស្គូ វ៉ាស៊ីនតោន និងប៉ារីស។ ការអធិប្បាយបែបនេះ ត្រូវបានបកស្រាយដោយប្រព័ន្ធផ្សព្វផ្សាយតួកគីថា រដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងបើកទ្វារឲ្យមានដំណោះស្រាយដោយប្រើកម្លាំងយោធាទៅលើជម្លោះនៃដែនដីមួយភាគនោះ។
ប៉ុន្តែលោក Sinan Ulgen ដែលជាសាស្ត្រាចារ្យគោចរនៃវិទ្យាស្ថាន Carnegie និយាយថា ការធ្វើដូច្នោះនឹងបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងគោលនយោបាយរបស់ប្រទេសតួកគី ហើយដំណោះស្រាយដោយយោធានោះនឹងជួបការប្រឆាំងផ្ទៃក្នុង។
«វាបង្ហាញឲ្យឃើញនូវទិសដៅមួយដែលខុសពីមុន ហើយមានភាពសកម្ម ចំពោះអ្វីដែលតួកគីមានឆន្ទៈចង់ធ្វើ។ ប៉ុន្តែវានៅតែមានការពិបាកសម្រាប់លោក Erdogan ខ្លួនឯង ក្នុងការផ្លាស់ប្តូរគោលនយោបាយសម្រាប់ករណីមួយនេះ។ ពីព្រោះនៅទីបញ្ចប់ទៅ ស្ថាប័នរបស់ប្រទេសតួកគីត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ហើយត្រូវយល់ពីផលប៉ះពាល់កម្រិតអន្តរជាតិ»។
លោក Ulgen ចង្អុលបង្ហាញថា លោក Erdogan ធ្លាប់បានគំរាមកំហែងថានឹងធ្វើអន្តរាគមន៍ក្នុងប្រទេសស៊ីរី ប៉ុន្តែត្រូវបានបង្ខំឲ្យដកថយវិញ នៅចំពោះមុខការប្រឆាំងពីសំណាក់ក្រុមឧត្តមសេនីយ៍របស់លោក។ ទោះយ៉ាងណា អ្នកឃ្លាំមើលមួយចំនួននិយាយថា ដោយសារប្រធានាធិបតីនៅតែបន្តព្យាយាមធ្វើឲ្យអំណាចប្រធានាធិបតីមានកាន់តែខ្លាំងជាងមុន និងកំពុងបន្តយកចិត្តទុកដាក់លើមូលដ្ឋានអ្នកបោះឆ្នោតដែលជាតិនិយមនោះ ទំនងជានឹងមានគោលនយោបាយការបរទេសតួកគីមួយដែលមានលក្ខណៈដាច់ខាតជាងមុន៕
ប្រែសម្រួលដោយ នៀម ឆេង