ប្រទេសវៀតណាមអាចសម្លឹងទៅកាន់សហរដ្ឋអាមេរិកសម្រាប់រឿងគ្រប់យ៉ាង រាប់តាំងវិស័យបច្ចេកវិទ្យារហូតដល់ការអប់រំក្រៅប្រទេសរបស់ខ្លួន។ ប៉ុន្តែសម្រាប់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩វិញ ដែលបានសម្លាប់ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ប្រមាណជិត១សែន៤ម៉ឺន៧ពាន់នាក់ (១៤៧០០០) មកដល់ថ្ងៃទី២៧ ខែកក្កដានេះ ដោយឡែកប្រទេសវៀតណាមវិញ ពុំមានអ្នកស្លាប់ដោយសារជំងឺនេះទេ សហរដ្ឋអាមេរិកយកគំរូតាមប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins ។
បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅក្នុងប្រទេសវៀតណាមបានឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងធ្វើការងារបានល្អទាក់ទងរឿងទប់ស្កាត់ជំងឺកូវីដ១៩ ប្រសិនបើខ្លួនអនុវត្តតាមប្រទេសវៀតណាម។
ក្រោយការវិនិយោគលើវិស័យសុខភាពសារធារណៈរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ វៀតណាមបានចាប់ផ្តើមទប់ស្កាត់ជំងឺកូវីដ១៩កាលពីដើមឆ្នាំនេះ ដោយការធ្វើតេស្ត ការព្យាបាល និងការដាក់ឲ្យនៅដោយឡែកភ្លាមៗចំពោះអ្នកជំងឺកូវីដ១៩។ អគ្គកុងស៊ុលអាមេរិកប្រចាំក្រុងហូជីមិញ លោកស្រី Marie Damour បានលើកឡើងពីការប្រយុទ្ធប្រឆាំងរបស់វៀតណាមជាមួយជំងឺកូវីដថាជា គំរូមួយល្អ។ អ្នកស្រីមានប្រសាសន៍ដូចនេះ ក្នុងពិធីរំឭកខួប២៥ឆ្នាំនៃការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសដែលធ្លាប់ជាគូសត្រូវក្នុងសម័យសង្គ្រាមកន្លងមក។
លោកស្រីបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ក្នុងសម្ដីដើមថា ៖ «ប្រទេសវៀតណាម ប្រហែលក្លាយជាប្រទេសដែលមានភាពជោគជ័យធំជាងគេបំផុត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការតាមរកអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនេះ និងការធ្វើឲ្យប្រាកដថាសង្គមទាំងមូលចូលរួមពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងនឹងជំងឹនេះ។ នេះជាឧទាហរណ៍មួយដែលខ្ញុំចង់ឃើញសហរដ្ឋអាមេរិកយកគំរូតាមប្រទេសវៀតណាមក្នុងរឿងនេះ»។
អត្ថាធិប្បាយនេះបានធ្វើឡើងមុនពេលដែលប្រទេសវៀតណាមមានដំណើរថយក្រោយ ទាក់ទងនឹងរឿងជំងឺកូវីដ១៩ ព្រោះដោយសារនៅចុងសប្តាហ៍នេះ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងស្រុកថ្មីម្នាក់ ដែលនេះជាករណីឆ្លងថ្មីលើកទីមួយរបស់វៀតណាមក្នុងរយៈពេល១០០ថ្ងៃកន្លងមក។ លោកស្រីលើកឡើងថា វៀតណាមមានអ្នកឆ្លងជំងឺកូវីដតែ៤២៤ករណីប៉ុណ្ណោះ ហើយប្រទេសរបស់លោកស្រីគឺសហរដ្ឋអាមេរិក គួរធ្វើសកម្មភាពខ្លាំងថែមទៀតក្នុងការទប់ស្កាត់នឹងជំងឺឆ្លងរាតត្បាតនេះ។ មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក មានជំហរខុសៗគ្នាទាក់ទងនឹងជំងឺកូវីដ១៩នេះ ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា វីរុសកូរ៉ូណានឹងរលាយបាត់ដោយខ្លួនឯង។ ចំណែកឯអភិបាលរដ្ឋជាច្រើន បានចាត់ទុកថាជំងឺកូវីដ១៩ ជាវិបត្តិមួយដែលកំពុងតែកើតឡើង។
វៀតណាមទទួលផលប្រយោជន៍ពីអាមេរិក
សេចក្តីថ្លែងរបស់អគ្គកុងស៊ុលសហរដ្ឋអាមេរិកលោកស្រី Damour ធ្វើឡើងក្នុងន័យបញ្ជាក់ពីអ្វីដែលសហរដ្ឋអាមេរិកទទួលបានពីទំនាក់ទំនងជាមួយប្រទេសវៀតណាម។ ទោះបីជាប្រទេសវៀតណាមមានធនធានក្នុងកម្រិតកំណត់និងមិនត្រូវបានពិភពលោកមើលឃើញច្រើនដូចអាមេរិកក្តី តែប្រទេសវៀតណាមបានផ្តល់នូវការរួមចំណែកផ្សេងៗក្នុងទំនាក់ទំនងនេះដូចជា មេរៀននៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម។
ការឆ្លើយតបរបស់ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ គឺមានលក្ខណៈផ្ទុយគ្នាស្រឡះ។ ប្រទេសវៀតណាមនិងអាមេរិកបានរកឃើញនូវករណីដំបូងនៃវីរុសកូរ៉ូណាក្នុងសប្តាហ៍តែមួយក្នុងខែមករា។ ដោយមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺ SARS និងជំងឺផ្សេងៗទៀតក្នុងអាកាសធាតុតំបន់ត្រូពិក ប្រទេសវៀតណាមបានចាត់វិធានការជាបន្ទាន់ក្នុងការដាក់អ្នកជំងឺឲ្យនៅដោយឡែក និងតាមរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងវីរុសកូរ៉ូណា ក៍ដូចជាការកំណត់ការធ្វើដំណើររបស់ពលរដ្ឋជាដើម។ វៀតណាមពេលនេះ ក្លាយជាប្រទេសមួយ ដែលមានពលរដ្ឋច្រើនប្រមាណជាជិត១០០លាននាក់ ដែលគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងតិចជាង៥រយករណី (៥០០) តែប៉ុណ្ណោះ។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពវិលវល់មិនច្បាស់លាស់ ថាតើពលរដ្ឋត្រូវពាក់ម៉ាសឬអត់ និងត្រូវបិទក្រុងមួយចំនួន ដោយសារតែការខ្វះខាតឧបករណ៍ធ្វើតេស្តនិងសមត្ថភាពផ្ទុកអ្នកជំងឺរបស់មន្ទីរពេទ្យឬយ៉ាងណា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ក្រោយការរាតត្បាតជំងឺនេះអស់៦ខែ ស្ថានភាពប្រហែល«ធ្ងន់ធ្ងរជាងនេះ មុននឹងល្អប្រសើរឡើងវិញ»។
សហរដ្ឋអាមេរិកបានងាកទៅរកប្រទេសផ្សេងៗដូចជាវៀតណាមជាដើម ដើម្បីសុំជំនួយនិងទិញឧបករណ៍ការពារខ្លួន។
មុខមាត់ថ្មីនៃសកម្មភាពការទូត
ឆ្នាំ២០២០ គួរជាឆ្នាំសំរាប់ប្រារព្ធភាពជោគជ័យយ៉ាងធំធេងរវាងប្រទេសវៀតណាមនិងអាមេរិក។ ប្រទេសទាំងពីរមានសកម្មភាពការទូតជាច្រើន បើទោះបីជាប្រទេសទាំងពីរធ្លាប់ជាអតីតគូសត្រូវប្រយុទ្ធគ្នាក្នុងសង្គ្រាមមួយដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៧៥ ដែលពេលនោះអាមេរិកបានបង្ខំចិត្តបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដែលមានឈ្មោះថា សាយហ្គន នាពេលនោះក៏ដោយ។ ទីតាំងស្ថានទូតនេះត្រូវបានបើកឡើងវិញ ជាស្ថានកុងស៊ុលអាមេរិកក្នុងទសវត្ស១៩៩០ នៅពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញ។
ឥឡូវនេះរយៈពេល២៥ឆ្នាំ បានកន្លងផុតទៅ ប្រទេសទាំងពីរ កំពុងប្រារព្ធខួបទី២៥ឆ្នាំ នៃទំនាក់ទំនងការទូតក្នុងលក្ខណៈស្ងប់ស្ងាត់ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។ ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងខ្ពស់ ជាមួយនឹងកំណើននៃការផ្លាស់ប្តូរទេសចរនិងនិស្សិត ហើយអារម្មណ៍ខឹងសម្បារដោយសារភ្លើងសង្គ្រាម មានការថយចុះ។ ការផ្លាស់ប្តូរនេះបានផ្តល់មិត្តម្នាក់ឲ្យអាមេរិកក្នុងតំបន់អាស៊ី ខណៈពេលភាពតានតឹងក្នុងតំបន់ជាមួយប្រទេសចិន កំពុងតែកើតមានឡើង។
ក្នុងទីក្រុងហូជីមិញ ផ្ទាំងរូបភាពមន្ត្រីវៀតណាមនិងអាមេរិកត្រូវបានដាក់តាំងនៅតាមជញ្ជាំងរបងរបស់ស្ថានកុងស៊ុលអាមេរិក។ នៅជាន់ខាងលើនៃស្ថានកុងស៊ុល គេឃើញមានពិធីរំឭកខួបនៃទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក ដោយមានវាគ្មិននៃប្រទេសទាំងពីរចូលរួមផងដែរ។
លោកបណ្ឌិត Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសំរាប់ការសិក្សាអន្តរជាតិនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សជាតិនៃសាកលវិទ្យាល័យជាតិវៀតណាម បាននិយាយថា៖ «ខ្ញុំគិតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម កំពុងស្ថិតនៅលើទិសដៅមួយ ហើយជាការពិបាកណាស់ក្នុងការផ្លាស់ប្តូរទិសដៅនោះ។ ខ្ញុំគិតថា វាមិនអាស្រ័យលើការសម្រេចចិត្តរបស់បុគ្គលណាម្នាក់នោះទេ គឺព្រោះដោយសារយើងបានបង្កើតនូវរឿងរ៉ាវជាច្រើនជាមួយគ្នា» ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ