ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ជាពិសេសប្រទេសសមាជិកអាស៊ាន ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយរលកថ្មីនៃជំងឺនេះពុំមានសន្ទុះកើនខ្ពស់ដូចអ្វីដែលគេបានឃើញកំពុងតែកើតមានក្នុងសហរដ្ឋអាមេរិកនោះទេ។
ដូចប្រទេសជាច្រើនផ្សេងៗទៀតនៅលើពិភពលោកផងដែរ ការឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសម៉ាឡេស៊ីមានសន្ទុះកើនឡើងខ្ពស់កាលពីដើមខែមីនា ហើយក្រោយៗមកទៀត មានអ្នកឆ្លងដល់ចំនួន៨៨០០នាក់។ មកដល់ដើមខែមិថុនា ការឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃ មានចំនួនចន្លោះតែពី១០ទៅ២០នាក់ប៉ុណ្ណោះ ហើយពុំមានការកើនឡើងខ្ពស់ជាថ្មីនោះទេ។
ចំណែកក្នុងសហរដ្ឋអាមេរិកវិញ ការឆ្លងវីរុសកូរ៉ូណាចាប់ផ្តើមកើតមានឡើងខ្លាំង ក្នុងដើមខែមីនា ប៉ុន្តែករណីឆ្លងថ្មីៗមិនបានធ្លាក់ចុះនោះទេក្នុងខែមិថុនា ផ្ទុយទៅវិញ បានកើនឡើងខ្លាំងជាថ្មី ដល់ចំណុចមួយដ៏អាក្រក់ដែលប្រទេសអាមេរិកមិនធ្លាប់មានក្នុងពេលកន្លងមក។
អ្នកវិភាគបានលើកឡើងថា ការទប់ស្កាត់ការធ្លាក់ចុះនៃការឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសម៉ាឡេស៊ី ជារឿងរ៉ាវជោគជ័យថ្មីៗបំផុតមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសជិតខាងរបស់ម៉ាឡេស៊ីជាច្រើន បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារកត្តាមួយចំនួន ដែលមិនត្រូវបានគេអនុវត្តនៅក្នុងសហរដ្ឋអាមេរិក។ ជនជាតិអាស៊ី ប្រកាន់យកជំហររឹងមាំ ក្នុងការការពារគ្នាទៅវិញទៅមកពីការឆ្លងនៃជំងឺនេះ ហើយមានជំនឿទុកចិត្តលើមន្ត្រីរដ្ឋាភិបាល ដែលបានប្រឹងប្រែងប្រឈមជាខ្លាំងក្នុងការទប់ស្កាត់ជំងឺផ្លូវដង្ហើមដែលមានប្រភពពីប្រទេសចិននេះ។
លោក Alan Chong សាស្ត្រាចារ្យនៃមហាវិទ្យាល័យ S. Rajaratnam សម្រាប់មុខវិជ្ជាសិក្សាអន្តរជាតិបានលើកឡើងថា៖ «ខ្ញុំគិតថា វាជាវប្បធម៌»។
លោក Chong បន្ថែមទៀតថា ៖ «ពលរដ្ឋនៅទីនេះមានទស្សនៈរួមគ្នា ដែលមានន័យថា បើទោះបីគេមិនចូលចិត្តរដ្ឋាភិបាលក្តី ពលរដ្ឋនៅតែស្តាប់នូវការណែនាំផ្សេងៗជាពិសេសបើការណែនាំនោះសមហេតុផល។ ពលរដ្ឋគោរពតាមការណែនាំឲ្យពួកគេស្ថិតក្នុងផ្ទះកុំចេញទៅណា ព្រោះរដ្ឋាភិបាលបានពន្យល់ពួកគេយ៉ាងច្បាស់លាស់អំពីផលប្រយោជន៍សម្រាប់សង្គមទាំងមូល»។
ភាគីទាំងពីរដែលបែងចែកដោយមហាសមុទ្រប៉ាស៊ីហ្វិក តាមធម្មតាអាចមានទស្សនៈខុសគ្នា ប៉ុន្តែកាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Michael Pompeo បានហៅប្រទេសទំាង១០របស់អាស៊ានថា «ជាដៃគូយុទ្ធសាស្រ្ត» ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយបានអំពាវនាវឲ្យមានកិច្ចសហប្រតិបតិ្តការ។
កាលពីពាក់កណ្តាលខែកក្កដា អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានថ្លែងអំណរគុណដល់ប្លុកអាស៊ានដែលបានចែករំលែកនូវ «មេរៀននិងបទពិសោធន៍» ក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ ហើយសារព័ត៌មានក្នុងប្រទេសអាស៊ីបានផ្សព្វផ្សាយផងដែរថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីខែឧសភា ក៏បានអរគុណនាយករដ្ឋមន្ត្រីវៀតណាម ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ ម៉ាស់ការពារដល់សហរដ្ឋអាមេរិកផងដែរ។
ពលរដ្ឋអាមេរិកកាំងបានប្រឆាំងនឹងបទបញ្ជាឲ្យស្ថិតក្នុងផ្ទះនិងជំរុញឲ្យដកចោលនូវបទបញ្ជាទាំងនោះ ដែលប្រការនេះបានធ្វើឲ្យមានការឆ្លងឡើងវិញជាថ្មីចាប់តាំងពីខែមិថុនាកន្លងមក។
ពលរដ្ឋអាមេរិកាំងមួយចំនួន នៅតែមិនព្រមពាក់ម៉ាស់ការពារ។ ចំណែកលោក Trump វិញទើបតែបាននិយាយនៅសប្តាហ៍នេះថា ការពាក់ម៉ាសការពារជា «ការស្នេហាជាតិ» បន្ទាប់ពីមិនព្រមពាក់ម៉ាសអស់ពេលរាប់ខែកន្លងមក។
ការប្រកាន់យកទ្រឹស្តីខុងជឺជាកម្លាំងចលករនៃវប្បធម៌មួយក្នុងអាស៊ីបូព៌ា ដែលចាត់ទុកថា ភារកិច្ចសង្គមមានសារៈសំខាន់ជាងសេចក្តីត្រូវការរបស់បុគ្គលនោះ ត្រូវបានគេលើកយកមកពន្យល់ ពីការឆ្លើយតបរបស់ប្រទេសអាស៊ី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការខ្វះនូវការឯកភាពគ្នាទាក់ទងនឹងរឿងនេះ នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការបង្ហោះក្នុងប្លុកកាលពីថ្ងៃទី៣១ ខែមីនា ដោយមជ្ឈមណ្ឌលវេទិកានយោបាយ Wilson។
ក្នុងទីក្រុងហុងកុង អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលមានភាពសកម្មក្នុងឆ្នាំកន្លងទៅ បានផ្អាកសកម្មភាពរបស់ពួកគេ នៅពេលករណីនៃការឆ្លងវីរុសបានកើនឡើងកាលពីខែមុន។
ពលរដ្ឋតៃវ៉ាន់ បានពាក់ម៉ាស់ដោយជាប់លាប់ក្នុងទីសធារណៈ បើទោះបីជាជំងឺកូវីដ១៩ មិនបានបង្ហាញពីសញ្ញានៃការឆ្លងក្នុងសហគមយ៉ាងណាក្តី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់លោក Chen Shih-chung ត្រូវបានពលរដ្ឋតៃវ៉ាន់គោរពយ៉ាងខ្លាំង ដោយសារតែចំណាត់ការរបស់លោក ក្នុងការទប់ស្កាត់វីរុសកូរ៉ូណាក្នុងឆ្នាំនេះ ដោយពលរដ្ឋតៃវ៉ាន់ បានគូររូបថ្លុក និងរូបគំនូររបស់គាត់ទៀតផង។
វប្បធម៌ជនជាតិម៉ាឡេក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី លើកកម្ពស់ការរួមគ្នាប្រឆាំងការគំរាមកំហែងជាទូទៅ នេះបើតាមការលើកឡើងរបស់លោក Chong ។
ត្រឹមរយៈពេលមួយសប្តាហ៍នៃការប្រកាសបិទប្រទេសរបស់ខ្លួន ពលរដ្ឋម៉ាឡេស៊ីប្រមាណ៩៥ភាគរយបានអនុវត្តតាមបទបញ្ជានោះ នេះបើយោងតាមលោក Ibrahim Suffian នាយកកម្មវិធីនៃក្រុមស្ទង់មតិនៃមជ្ឈមណ្ឌល Merdeka ក្នុងទីក្រុងកូឡាឡំពួ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាពលរដ្ឋម៉ាឡេស៊ីជាច្រើន មិនអាចយល់ពីអ្វីដែលពលរដ្ឋអាមេរិកកាំងជាច្រើនបានគិតនោះទេ ព្រោះខ្ញុំគិតថា ករណីររបស់ប្រទេសម៉ាឡេស៊ី ការជឿទុកចិត្តទៅលើមន្ត្រីជំនាញនិងរដ្ឋភិបាល នៅតែមានកម្រិតខ្ពស់នៅឡើយ ចំណែកនៅអាមេរិកវិញ ការជឿទុកចិត្តលើករដ្ឋាភិបាល ប្រហែលនៅមានបញ្ហានៅឡើយ។
លោកបន្ថែមទៀតថា៖ «ពលរដ្ឋភាគច្រើន មិនសួរដេញដោលរដ្ឋាភិបាលនោះទេ ហើយការពិត គេគិតថា រដ្ឋាភិបាលបើកប្រទេសឡើងវិញឆាប់រហ័សពេកទៀតផង»។
ដោយឡែកលោក Frederick Burke នៃក្រុមហ៊ុនច្បាប់ Baker McKenzie ដែលមានក្រុមហ៊ុនដៃគូរក្នុងក្រុងហូជីមិញលើកឡើងថា៖ «វាមិនមែនគ្រាន់តែជាបទបញ្ជារបស់អគ្គមេបញ្ជាការដែលថាពលរដ្ឋគ្រប់រូបត្រូវពាក់ម៉ាស់នោះទេ»។
លោកបន្តថា ក្នុងប្រទេសវៀតណាម «វាជាផ្នត់គំនិតមួយ។ ពលរដ្ឋត្រូវតែការពារគ្នាទៅវិញទៅមក។ វាមិនមែនគ្រាន់តែជាការការពារខ្លួនឯងនោះទេ ហើយការពាក់ម៉ាស់ គឺដើម្បីការពារអ្នកដទៃផងដែរ ក្នុងករណីដែលអ្នកមានមេរោគនេះក្នុងខ្លួន»។
ប្រទេសវៀតណាមត្រូវគេរាយការណ៍មកថា មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៤០១ករណី ហើយមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Rand Corp បានឲ្យដឹងថា៖ «ប្រហែលជាពួកគេ កំពុងលាក់បាំង ប៉ុន្តែជាទូទៅតួលេខទាំងនោះត្រូវបានបង្ហាញថាត្រឹមត្រូវ»។ ពលរដ្ឋអាមេរិកសង្ស័យថា ប្រទេសវៀតណាម ដែលជារដ្ឋកុម្មុយនីស្តមួយនោះ គាបសង្កត់សេរីភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងលាក់បំបាំងទិន្នន័យនៃការឆ្លងជំងឺនេះ។
ដូចជាប្រទេសផ្សេងៗទៀតដែរក្នុងតំបន់អាស៊ីខាងកើត ពីដើមឆ្នាំ២០២០ មន្ត្រីវៀតណាមសម្រេចកាត់បន្ថយចំនួនទេសចរនិងតាមដានអ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ។ ប្រទេសចិន ដែលជាទីកន្លែងដែលគេរកឃើញវីរុសកូរ៉ូណាដំបូងនោះ បានស្ថិតក្នុងការត្រួតពិនិត្យជាពិសេស ក្នុងចំណោមប្រទេសដែលមានព្រំដែនជាប់គ្នា។
លោក Suffian និយាយថា អាជ្ញាធរប្រទេសម៉ាឡេស៊ីបានសិក្សាពីបទពិសោធន៍នៃការទប់ស្កាត់ការផ្ទុះឡើងជំងឺ SARS ក្នុងឆ្នាំ២០០៣ និងក្រោយមកទៀតគឺជំងឺផ្តាសាយបក្សី H1N1។ ប្រទេសចិនត្រូវបានគេដឹងថា ជាប្រភពនៃការឆ្លងជំងឺទាំងពីរនេះមុនដំបូងគេផងដែរ។ កោះតៃវ៉ាន់ សិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង ក៏ធ្លាប់ទទួលបានមេរៀននៃការទប់ស្កាត់ជំងឺទាំងពីរប្រភេទនេះដែរ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរកឃើញករណីជំងឺកូវីដ១៩ នៅមុនពេលដែលវាផ្ទុះរាលដាលឡើងនៅទូទាំងប្រទេស ប៉ុន្តែមិនបានចាត់វិធានការទប់ស្កាត់វាភ្លាមៗនោះទេ នេះបើតាមការបង្ហោះក្នុងប្លុករបស់មជ្ឈមណ្ឌល Wilson ។ សារបង្ហោះនេះក៏បានលើកឡើងផងដែរថា មានទីភ្នាក់ងារសុខភាពមួយរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានគេផ្តាច់ថវិកា និងមួយទៀតត្រូវបានគេរំសាយចោល។ សារបង្ហោះនោះ ក៏បានបន្ថែមទៀតថា ដោយឡែក ក្នុងប្រទេសអាស៊ីវិញ អ្នកជំនាញបានព្យាយាមបញ្ចុះបញ្ជូលរដ្ឋាភិបាលរបស់គេ ឲ្យចាត់វិធានការក្រោយពីការកើតជំងឺ SARS ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ