Monavale Vlei ជាកន្លែងមួយដែលយើងអាចទៅដល់ដោយត្រូវបើកបរ១០នាទីទៅភាគនិរតីនៃទីប្រជុំជនរបស់ទីក្រុងហារ៉ារ៉េ។ វាជាតំបន់ដីសើមមួយដែលនៅសេសសល់ក្នុងរដ្ឋធានីរបស់ប្រទេសស៊ីមបាវ៉េ។ ដីនៅកន្លែងនេះមួយភាគធំគ្របដណ្តប់ដោយស្មៅបៃតង និងដើមឈើមួយចំនួន មិនដូចជាដីកន្លែងផ្សេងទៀតនៃទីក្រុងនេះទេ។
ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា មានប្រភេទសត្វស្លាបជាង២៥០ប្រភេទនៅទីនេះ ដែលមានមួយចំនួនហើរមកពីកន្លែងផ្សេងៗនៃពិភពលោក។ ការសង់ផ្ទះ ឬហាងទំនើបៗ បានគ្របដណ្តប់លើតំបន់វាលភក់ផ្សេងទៀត។ ចំនួនប្រជាជននៅទីក្រុងនេះបានកើនឡើងជាងទ្វេដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ហើយបច្ចុប្បន្នមានចំនួនប្រមាណជាងពីរលាននាក់។ មួយភាគធំនៃការកើនឡើងនេះគឺដោយសារតែការធ្វើចំណាកស្រុកពីតំបន់ជនបទមកកាន់ទីក្រុង។
ហាងទំនើបធំមួយទៀត ដែលអាចជាហាងធំជាងគេនៅបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកភាគខាងត្បូង ត្រូវបានកំណត់នឹងសាងសង់នៅលើដីសើមនៃតំបន់ជាយក្រុង Borrowdale ភាគខាងកើតនៃទីក្រុងហារ៉ារ៉េ។ លោក Jimmy Muropa មន្រ្តីផ្នែកអភិរក្សមានការព្រួយបារម្ភពីការអភិវឌ្ឍនេះ៖
«យើងមិនមែនប្រឆាំងនឹងទម្រង់នៃការអភិវឌ្ឍណាមួយនោះទេ ប៉ុន្តែអ្វីដែលសំខាន់ដែលយើងកំពុងតវ៉ាគឺថា ហាងធំៗឬផ្ទះទាំងអស់នោះ គួរតែសង់នៅលើដីទួលខ្ពស់ជាងនេះ។ ពួកយើងគាំទ្រការអភិវឌ្ឍ ប៉ុន្តែវាត្រូវអាស្រ័យតាមហេតុផលដែលត្រឹមត្រូវ។ ហើយនេះជាមូលហេតុយ៉ាងសាមញ្ញ»។
អ្នកវិទ្យាសាស្រ្តនិយាយថា តំបន់ដីសើមជាកន្លែងសម្អាតនិងផ្ទុកទឹកដែលបញ្ចេញទៅក្នុងបឹង និងទន្លេជាបន្តបន្ទាប់។ អង្គការ Harare Residents Trust និយាយថា អត្រាកម្រិតថ្លៃទឹក បានកើនឡើងនាពេលបច្ចុប្បន្ននេះ ដោយសារតែការបំផ្លាញតំបន់ដីសើម។
លោក Precious Shumba ដែលជាប្រធាននៃអង្គការនេះបានមានប្រសាសន៍ថា៖ «ក្របខ័ណ្ឌត្រួតពិនិត្យមានលក្ខណៈទន់ខ្សោយខ្លាំងនៅឡើយ។ ភ្នាក់ងារគ្រប់គ្រងបរិស្ថានមិនធ្វើតាមនីតិវិធីដែលបានចែងនោះទេ នៅពេលយល់ព្រមឲ្យគេសាងសង់។ មានការពុករលួយច្រើនណាស់ ហើយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ។ ស្ថានភាពតែមួយគត់ដែលអាចបន្ធូរបន្ថយបានដែលភ្នាក់ងារ EMA (ភ្នាក់ងារគ្រប់គ្រងបរិស្ថាន) និងក្រុមប្រឹក្សាអាចធ្វើបានគឺត្រូវធ្វើការពិន័យចំពោះការបំពានទាំងនេះ។ ប៉ុន្តែ ពួកគេនឹងមិនឈប់ទេ ដែលមានន័យថា តំបន់ដីសើមនឹងបន្តបាត់ទៅៗ»។
ភ្នាក់ងារគ្រប់គ្រងបរិស្ថានគឺជាក្រុមប្រឹក្សារបស់រដ្ឋាភិបាលមួយដែលត្រូវកំណត់ធានាឲ្យបាននូវការប្រើប្រាស់បរិស្ថានប្រកបដោយចីរភាព នៅក្នុងប្រទេសស៊ីមបាវ៉េ។ លោក Steady Kangata អ្នកនាំពាក្យរបស់ភ្នាក់ងារបរិស្ថាន បាននិយាយថា ស្ថាប័នរបស់លោកកំពុងតែព្យាយាមផ្សព្វផ្សាយឲ្យដឹងអំពីសារសំខាន់នៃការមិនសាងសង់នៅលើតំបន់ដីសើម។ លោកក៏បានច្រានចោលការចោទប្រកាន់ដែលថា អាជ្ញាធរទីក្រុងហារ៉ារ៉េ មានភាពធូររលុងចំពោះច្បាប់ដែលត្រូវអនុវត្តនៅតំបន់ដីសើម។
«ច្បាប់របស់ស៊ីមបាវ៉េគឺមានលក្ខណៈពេញលេញណាស់ពាក់ព័ន្ធនឹងតំបន់ដីសើម។ យើងគឺជាផ្នែកមួយនៃអនុសញ្ញា Ramsar (Ramsar Convention) ដែលទាក់ទងទៅនឹងការប្រើប្រាស់តំបន់ដីសើមឲ្យបានត្រឹមត្រូវ។ យើងថែមទាំងបានធ្វើឲ្យបទបញ្ញត្តនៃអនុសញ្ញា Ramsar មានលក្ខណៈសមស្របទៅនឹងបទបញ្ញត្តក្នុងស្រុកទៀតផង។ តំបន់ដីសើមគឺជាតំបន់ការពារ។ ប៉ុន្តែ តំបន់ដីសើមនៅក្នុងទីក្រុងបានរងសម្ពាធពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ»។
លោក Dorothy Wakeling អ្នកអភិរក្សតំបន់ដីសើមនិយាយថា តំបន់ដីសើមគឺជាធនធានដ៏មានតម្លៃ ដែលមិនអាចឲ្យវិនាសបានឡើយ។ លោកបានលើកឡើងថា៖
«តំបន់ដីសើមទាំងនេះគឹជាប្រភពទឹកតែមួយគត់របស់យើង។ ប្រសិនបើយើងលុបដីសើមរបស់ទីក្រុងហារ៉ារ៉េ នោះគឺយើងកំពុងតែកាត់ផ្តាច់ប្រភពទឹករបស់ខ្លួនយើងហើយ។ បើបែបនេះ តើយើងនឹងត្រូវធ្វើដូចម្តេចដើម្បីបំពេញព្រែកអូរ និងទន្លេដែលហូរទៅកាន់ទំនប់នៅក្រោមៗបាន? ដូច្នេះតំបន់ដីសើមគួរតែរក្សាទុកកុំប៉ះពាល់»។
ប៉ុន្តែ ដោយសារតម្រូវការដីសម្រាប់សង់លំនៅដ្ឋាន និងហាងទំនើបធំៗមានការកើនឡើងនោះ ពាក្យទទូចអំពាវនាវរបស់លោក Wakeling ហាក់ដូចជាគ្មានអ្នកណាស្តាប់ឮឡើយ៕
ប្រែសម្រួលដោយ សើ សាយ្យាណា