កំណត់និពន្ធ៖ លោក ឈឹម សុធី គឺជាវិចិត្រករ ដែលមានបទពិសោធន៍យូរឆ្នាំម្នាក់នៅក្នុងប្រទេសកម្ពុជាហើយស្នាដៃសិល្បៈរបស់លោកជាច្រើនត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័ណ៌ទាំងក្នុងនិងក្រៅប្រទេស។ «Consuming Passion» គឺជាពិព័ណ៌ថ្មីមួយរបស់លោក ក្នុងគោលបំណងឲ្យមានការថែរក្សាបរិស្ថានធម្មជាតិជុំវិញខ្លួននៅក្នុងប្រទេសកម្ពុជា។ នាង នូវ ពៅលក្ខិណា នៃវីអូអេបានជួបសម្ភាសន៍លោក ឈឹម សុធី នៅក្នុង Studio នៃ VOA ក្នុងរាជធានីភ្នំពេញ៖
VOA ៖ មុនដំបូង នាងខ្ញុំសូមអរគុណលោក សុធី យ៉ាងខ្លាំងក្នុងការផ្តល់បទសម្ភាសន៍ផ្ទាល់នៅក្នុង studio VOA ក្នុងរាជធានីភ្នំពេញ។ ចាស សូមស្វាគមន៍លោក សុធី។
លោក ឈឹម សុធី ៖ បាទ សូមសួស្តី!
VOA ៖ ថ្មីៗនេះ រូបគំនូរបស់លោកត្រូវបានដាក់តាំងបង្ហាញក្នុងពិព័ណ៌មួយដែលមានឈ្មោះថា Consuming Passion ។ តើលោកអាចពន្យល់បានទេថា គំនូរទាំងនេះមានអត្ថន័យយ៉ាងដូចម្តេចដែរ?
លោក ឈឹម សុធី ៖ បាទ ខ្ញុំសូមជម្រាបជូនទៅអ្នកស្តាប់ទាំងអស់ដែលកំពុងតែតាមដានស្តាប់គឺ កាលពីថ្ងៃទី២៥ (មិថុនា) កន្លងផុតទៅនេះ ខ្ញុំបានធ្វើការតាំងពិព័ណ៌ផ្ទាំងស្នាដៃគំនូរបស់ខ្ញុំនៅសណ្ឋាគារ Plantation នៅមិនឆ្ងាយពីក្រោយព្រះបរមរាជវាំងប៉ុន្មានទេ។ ស្នាដៃផ្ទាំងគំនូរទាំងអស់មានចំនួន២០ផ្ទាំង រៀបដាក់តាំងសម្ពោធជាសាធារណៈ ដែលមានមហាជន មនុស្សទាំងអស់គ្នាបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាទរពិធីសម្ពោធរបស់ពិព័ណ៌របស់ខ្ញុំហ្នឹង។
ចំណងជើងនៃពិព័ណ៌ ជាភាសាអង់គ្លេសហៅថា «Consuming Passion» អាចបកប្រែភាសាខ្មែរយើងឲ្យសមរម្យថា «ការបំពេញនូវបំណង» គឺខ្លឹមសារដែលចង់យកមកបកស្រាយនៅក្នុងពិព័ណ៌ហ្នឹងគឺថា យើងចង់បង្ហាញអារម្មណ៍របស់មនុស្សទូទៅ គឺថាតណ្ហារបស់មនុស្សនៅក្នុងធម៌របស់ព្រះពុទ្ធគឺមានមិនចេះចប់ មិនចេះហើយទេ គឺ បំណងឬសេចក្តីត្រូវការហ្នឹងមានចាប់តាំងពីយើងចាប់បដិសន្ធិ ចាប់កំណើត រហូតដល់យើងចាស់ស្លាប់តែម្តង។ គឺថាស្លាប់ហើយហ្នឹង វិញ្ញាណនៅតែមិនអស់ចិត្តទៀត បំណងទៅរកភពនេះ ភពនោះទៅតាមកម្ម ទៅតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែនៅក្នុងផ្ទាំងគំនូរយើងបកស្រាយ ទាក់ទងទៅនឹងបញ្ហាសង្គម បញ្ហាបរិស្ថាន ហើយនឹងទាក់ទងទៅនឹងសេចក្តីស្នេហាដែរ។ ហើយតាមរយៈផ្ទាំងគំនូរហ្នឹងខ្ញុំបានបង្ហាញច្រើនទាក់ទងទៅនឹងធនធានធម្មជាតិ និងបរិស្ថាន ដូចថា ស្រុកយើងគឺជាស្រុកដែលសំបូរទៅដោយធនធានធម្មជាតិ សម្បត្តិវប្បធម៌ជាដើមហ្នឹង។ «Consuming Passion» ទាក់ទងទៅនឹងផលវិជ្ជមាន ចង់ចូលរួមជាមួយរដ្ឋាភិបាល ចង់ទប់ស្កាត់នូវបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងបរិស្ថាន បញ្ហាជីវភាពរស់នៅរបស់ប្រជាជនហ្នឹង ជួយសម្រួលឲ្យគាត់តាមចំណង់ដែលពួកគាត់ទាមទារ ធ្វើម៉េចឲ្យគាត់រស់នៅជាមួយសង្គមជាតិយើងឲ្យបានសមរម្យ មានភាពថ្លៃថ្នូរ។ នោះគឺជាបញ្ហាទីមួយ ។ ហើយបញ្ហាមួយទៀត ក្នុងនាមជាសិល្បករដូចជាខ្ញុំអញ្ចឹង ដូចថាចង់មានអារម្មណ៍ទាក់ទងទៅនឹងជំនាញសិល្បៈ កាលណាចង់ អត់ប្រពឹត្ត អត់បានអនុវត្តជំនាញហ្នឹងទេ គឺវាមិនស្ងប់អារម្មណ៍។ ខ្ញុំចង់គូរ ខ្ញុំត្រូវតែបំពេញអារម្មណ៍របស់ខ្ញុំ ដូច្នេះខ្ញុំត្រូវគូរ ខ្ញុំត្រូវតែធ្វើយ៉ាងណាឲ្យសម្រេចស្នាដៃសិល្បៈរបស់ខ្ញុំ ទើបខ្ញុំស្ងប់អារម្មណ៍។ អញ្ចឹងគ្រប់គ្នាត្រូវមានការច្នៃប្រឌិត មានការបង្កើត ដើម្បីឲ្យអារម្មណ៍របស់យើងហ្នឹង គឺថាឲ្យបានជោគជ័យ ។ កាលណាអារម្មណ៍យើងស្ងប់ ស្នាដៃយើងល្អ អាហ្នឹងយើងបានជោគជ័យហើយ បានសម្រេចបំណងហើយ។
VOA ៖ ក្នុងចំណោមស្នាដៃដាក់តាំងទាំងអស់ តើរូបគំនូរណាដែលលោកស្រឡាញ់ជាងគេ?
ហើយតើវាមានលក្ខណៈពិសេសត្រង់ណាដែរ?
លោក ឈឹម សុធី ៖ រូបទាំង២០ផ្ទាំងខ្ញុំស្រឡាញ់សឹងទាំងអស់ ប៉ុន្តែលក្ខណៈពិសេសនៃរូប ខ្ញុំចាប់អារម្មណ៍ផ្តោតខ្លាំងទៅលើផ្ទាំងរូបបី។ ចំណងជើងមួយហៅថា Cosmo ទាក់ទងទៅនឹងលោកធាតុ។ ធាតុទាំងបួន ទឹក ដី ភ្លើង ខ្យល់ ជាបណ្តុំធាតុ ដែលមិនអាចបាត់បង់ធាតុណាមួយបាន ធាតុទាំងអស់គឺធាតុទ្រលំនឹងផែនដី លំនឹងទាំងធម្មជាតិ បរិស្ថាន។ កាលណាបាត់បង់ធាតុណាមួយ ធ្វើឲ្យមនុស្ស សត្វ នៅលើផែនដីមានការពិបាកធន់ទ្រាន់ទៅនឹងធម្មជាតិ។
មានរូបមួយទៀតហៅថា Reflect ទាក់ទងទៅនឹងការឆ្លុះបញ្ចាំង ការបង្ហាញពីទិដ្ឋភាពរវាងព្រះអាទិត្យទៅនឹងភពផែនដី។ ព្រះអាទិត្យគឺបញ្ចេញកម្តៅ កាលណាបញ្ចេញកម្តៅខ្លាំង ភពផែនដីយើងមានស្រទាប់បរិស្ថានបៃតង អញ្ចឹងធ្វើឲ្យជីវិតសត្វមនុស្សលោកមានការលំបាកក្នុងការរស់នៅ។ អញ្ចឹងបើយើងមើលរូប ធ្វើការវិភាគទៅនឹងរូបទៅ វាសាកសមដែរ ព្រោះយើងប្រើលក្ខណៈបច្ចេកទេសដ៏ខ្ពស់។ គំនូរនោះគឺជាគំនូរសហស្សសម័យ ដែលចំនឹងពេលវេលា បរិយាកាសនៃសង្គមមនុស្សលោក ក៏ដូចជាសង្គមកម្ពុជាដែរ យើងកំពុងតែទាមទារឲ្យមានការជួយថែរក្សា ឲ្យមានភាពចិរកាលនៃធនធានធម្មជាតិ ធ្វើម៉េចឲ្យមនុស្សរស់នៅធ្វើម៉េចឲ្យរស់នៅប្រកបដោយសមធម៌ ទាំងអស់គ្នាទៅលើភពផែនដី។
រូបមួយទៀតមានចំណងជើងថា Harmony និយាយពីអ្វីដែលសុខដុមភាព ភាពដែលអាចរួមរស់នៅជាមួយគ្នាបាន ។ អ្វីទាំងអស់ដែលអាចនៅសមប្រកប នៅជាមួយគ្នាបាន ប្រកបទៅដោយធម៌ មិនមានជម្លោះ រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។ រូបហ្នឹងគឺថា ទស្សនិកជនមានការចាប់អារម្មណ៍ច្រើន ហើយកាសែត Cambodia Daily ក៏បានយករូបហ្នឹងទៅធ្វើក្របមុខ។ មានគេប្រាប់ខ្ញុំច្រើនថាគេស្រឡាញ់រូបហ្នឹង តែតម្លៃវារាងខ្ពស់ អញ្ចឹងគេគិតមើលសិន។ Harmony បើយើងសម្លឹងមើលទៅមួយភ្លែត វាហាក់បីដូចជាផែនដីរាងមូលមួយ ខ្ញុំបានគូរក្បាច់ខ្មែរយើង ក្បាច់ភ្ញីទេស រត់ព័ទ្ធទៅរកប្រឡោះកណ្តាលហ្នឹង ហើយបញ្ចេញជាផ្កាឈូក តំណាងឲ្យសិល្បៈផង វប្បធម៌ សាសនា នៅក្នុងរូបហ្នឹងទាំងអស់រួមគ្នា។ ហើយនៅគៀនៗ យើងមានផ្កាឈូក យើងមានធាតុមួយចំនួនទាក់ទងទៅនឹងធាតុដែលទ្រទ្រង់លោក ទឹក ដី ភ្លើង ខ្យល់ ជាដើម។ យើងបានលម្អផ្ទៃនៃផ្ទាំងគំនូរហ្នឹង បង្កើតជារូបភាពមួយប្រកបដោយសោភ័ណភាពនិងខ្លឹមសារ។
VOA ៖ ខ្ញុំសង្កេតឃើញថា រូបគំនូររបស់លោកភាគច្រើនទាក់ទងទៅនឹងបរិស្ថានជុំវិញខ្លួន តើលោកអាចពន្យល់បានទេថា ហេតុអ្វីបានជាលោកជ្រើសរើសយកប្រធានបទបែបនេះ មកធ្វើការគូសរួបបង្ហាញ?
លោក ឈឹម សុធី៖ បាទប្រធានបទបែបនេះ គឺជាប្រធានបទក្តៅផង និងជាប្រធានបទដែលមនុស្សយើងគ្រប់គ្នា គ្រប់ស្រទាប់ មិនថាតែជនជាតិខ្មែរទេ សូម្បីតែពិភពលោកទាំងមូល ក៏គេមានការយកចិត្តទុកដាក់ ហើយពួកគេមានការភ័យព្រួយ។ យើងទាំងអស់គ្នារស់នៅក្នុងភពផែនដី ជាវត្ថុមូលមួយកំពុងអណ្តែតនៅក្នុងចក្រវាឡ។ ដូច្នេះយើងទាំងអស់មានតួនាទីក្នុងការជួយជ្រោមជ្រែង ចាប់តាំងពីកោសិកាតូចទៅកោសិកាធំក្នុងការឲ្យផែនដីយើងមានលំនឹងបរិស្ថានល្អ មានភាពបរិសុទ្ធ បំបាត់ភាពពុលទាំងអស់គ្នា។ យើងមិនមែនរស់តែមួយថ្ងៃ ១០ឆ្នាំឬ២០ឆ្នាំទេ យើងត្រូវគិតដល់មនុស្សជំនាន់ក្រោយៗទៀត ដើម្បីឲ្យគ្នាបានសុខ បានសប្បាយ ជានិរន្តន៍តរៀងទៅ។
អញ្ចឹងក្នុងនាមជាសិល្បករម្នាក់គឺថាត្រូវតែមានគោលបំណង ឆន្ទៈ ដើម្បីជាសារ តាមរយៈជំនាញរបស់យើងដែលបានរៀនមក ចេះអ្វីយើងអាចប្រើអាហ្នឹងទៅលើបច្ចេកទេសយើង ដើម្បីទៅដល់មហាជន។ អញ្ចឹងគ្រប់ៗគ្នា អ្នកណាចេះដឹងអ្វី គឺត្រូវផ្សព្វផ្សាយតាមរយៈចំណេះរៀងៗខ្លួនទៅដើម្បីឲ្យអ្នកផ្សេងគេបានជ្រួតជ្រាបបានខ្លះ។ កាលណាមានម្នាក់ទៅម្នាក់ គេថាអូ៎! វាប៉ះពាល់មែន វាអាចធ្វើឲ្យស្លាប់ទៅថ្ងៃក្រោយ ឬក៏រយៈពេលយូរវាអាចស្លាប់ ។ អញ្ចឹងទៅការកាត់បន្ថយ ការថែរក្សាគ្រប់គ្នាទៅអាច អញ្ចឹងអាលុយកាក់ដែលបានមកដោយសារការបំផ្លាញហ្នឹង គេលែងចង់បានវា។ អាហ្នឹងគេថាបានមកចាយតែមួយភ្លែត ប៉ុន្តែវាផលប៉ះពាល់វែងឆ្ងាយ អាហ្នឹងក៏ធ្វើឲ្យគេកាត់បន្ថយ ឬក៏គេអាចឈប់ ហើយធ្វើឲ្យប្រព័ន្ធបរិស្ថានវាកើនឡើង យើងក៏រស់នៅស្រួល ដកដង្ហើមស្រួលទាំងអស់គ្នា ដេកស្ងប់ស្រួល។
VOA៖ ចា៎ សូមអរគុណលោកសុធីយ៉ាងខ្លាំង ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្តល់បទសម្ភាសន៍នេះ។
លោកឈឹម សុធី ៖ បាទ សូមអរគុណ។