សកម្មជនបរិស្ថានមួយចំនួនរិះគន់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានមួយរូបដែលថាការប្រែប្រួលអាកាសធាតុនៅកម្ពុជាមិនមែនមកពីការកាប់បំផ្លាញព្រៃឈើ ថាជាលេស ដោយសារក្រសួងអសមត្ថភាពក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។
ការរិះគន់នេះ កើតឡើងបន្ទាប់មានការចែករំលែកឃ្លីបវីដេអូលើបណ្តាញសង្គមអំពីបទសម្ភាស៍របស់លោក ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលានៅខេត្តសៀមរាបកាលពីថ្ងៃទី៩ ខែមេសា នេះថា៖ «ប្រទេសកម្ពុជាយើងតូច បើមើលក្នុងផែនទីពិភពលោក យើងតូច។ ហើយព្រៃឈើយើងក៏តូចដែរ ប៉ុន្តែព្រៃឈើយើងតូចតែច្រឡឹង តូចតែស្អាត ប៉ុន្តែយើងតូចណាស់។ អ្នកដែលនាំឱ្យបញ្ហាការប្រែប្រួលអាកាសធាតុនេះ មិនមែនមកពីយើងកាប់ឈើហ្នឹងទេបាទ។ ការប្រែប្រួលអាកាសធាតុនេះបណ្តាលមកពីការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ឬឧស្ម័នកាបូនិចនៅក្នុងភពផែនដីយើង ដែលបណ្តាលមកពីការដុតផូស៊ីលចេញមកពីប្រទេសអ្នកមានប្រទេសឧស្សាហកម្មធំអ៊ីចឹងទេ អ៊ីចឹងអាការកាប់ឈើនេះមិនទេ»។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោក សាន់ ម៉ាឡា ប្រាប់វីអូអេថ្ងៃពុធនេះថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះគ្រាន់តែជាលេសតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការលើកឡើងមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន វាគ្រាន់តែជាលេសមួយដើម្បីគេចចេញពីបន្ទុក ដោយសារស្ថាប័នមួយនេះកំពុងតែទទួលរងការទិទៀនពីសំណាក់សាធារណមតិយ៉ាងខ្លាំងក្លា ដោយសារភាពអសមត្ថភាព មិនអាចការពារឬក៏បញ្ឈប់នូវបទល្មើសព្រៃឈើទាំងស្រុងនៅក្នុងប្រទេសកម្ពុជា»។
ចំណែកប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅឡើយនេះ។ លោកថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាក៏ជាការចូលរួមចំណែកធ្វើឱ្យប្រែប្រួលអាកាសធាតុដែរ។
លោកថ្លែងថា៖«ការធ្លាក់ចុះយ៉ាងគំហុកនៃព្រៃឈើនៅកម្ពុជាហ្នឹងក៏ជាចំណែកមួយធ្វើឱ្យប៉ះពាល់វិបត្តិបម្រែបម្រួលអាកាសធាតុដែលជាការរួមចំណែកមួយដែរ ដោយសារយើងធ្លាប់ជាព្រៃឈើដែលរួមចំណែកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ហើយ២ទសវត្សចុងក្រោយយើងកាប់អស់ជាង១៤% ជាចំនួនដែលច្រើន»។
លោកបន្ត៖«បើទោះបីយើងមិនមែនជាប្រទេសបំពុលបរិយាកាសដោយសារយើងមិនមែនជាប្រទេសឧស្សាហកម្មជឿនលឿនក៏ដោយ ប៉ុន្តែយើងបានចូលរួមបំផ្លាញទៅដល់ប្រព័ន្ធស្រូបយកកាបូនអន្តរជាតិគឺ ព្រៃឈើ ដែលវាជាចំណែកធ្វើឱ្យស្ថានភាពនៃវិបត្តិបម្រែបម្រួលអាកាសធាតុហ្នឹងមានភាពធ្ងន់ធ្ងរទៅៗសម្រាប់ពិភពលោកក៏ដូចជាប្រទេសកម្ពុជា»។
សម្រាប់សកម្មជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ព្រៃឈើគឺជាកត្តាសំខាន់ក្នុងការចូលរួមទប់ស្កាត់កាត់បន្ថយការកើនឡើងកម្តៅ ប៉ុន្តែកញ្ញាថា បើក្រសួងនៅតែមិនអើពើគិតគូរយកចិត្តទុកក្នុងការការពារព្រៃឈើនៅកម្ពុជាទេ នោះការប្រែប្រួលអាកាសធាតុនឹងកាន់តែជះឥទ្ធិពលមិនល្អមកលើកម្ពុជា។
កញ្ញាបញ្ជាក់ថា៖ «ក្នុងប្រទេសកម្ពុជាយើងមើលេពីកំណើនការបាត់បង់ព្រៃឈើពី១ឆ្នាំ ទៅ១ឆ្នាំមានការកើនឡើងពិតប្រាកដមែន ដែលវាជាកត្តាគួបផ្សំមួយធ្វើឱ្យមានការកើនឡើងកម្តៅខ្លាំងក្នុងប្រទេសកម្ពុជា ក្រៅពីការកើនឡើងឧស្ម័នផ្ទះកញ្ចក់ ឬក៏បញ្ហាដែលពិភពលោកគេខ្វល់ខ្វាយ គឺយើងមានបញ្ហាមួយទៀតគឺការបាត់បង់ព្រៃឈើ។ វាមិនមែនតែកត្តាធ្វើឱ្យកម្តៅកើនឡើងទេ វាជាកត្តាផ្សេងៗទៀតដែលធ្វើឱ្យយើងបាត់បង់ទ្រព្យសម្បត្តិដែលសល់ពីកេរ្តិ៍ដូនតាយើង»។
កញ្ញាបន្ថែមថា ដើម្បីកាត់បន្ថយការកើនឡើងកម្តៅដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ក្រសួងគួរតែចាត់វិធានការដាំដើមឈើឡើងវិញទាំងតាមខេត្ត និងរាជធានីភ្នំពេញ ព្រមទាំងធានាឱ្យបាននូវការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្តទៀត។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថានបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការលើកឡើងរបស់សកម្មជនបរិស្ថាននោះទេ ប៉ុន្តែលោកបានឆ្លើយតាមសារតេឡេក្រាមថា ការប្រែប្រួលអាកាសធាតុគឺជា បញ្ហា សកលហើយក្រសួង ក៏បានរៀបចំកម្មវិធីផ្សេងៗ ក្នុងការចូលរួមបន្សំទៅការប្រែប្រួលអាកាសធាតុនេះផងដែរ។
បើតាមអង្គការសហប្រជាជាតិ ការកើនឡើងកម្តៅផែនដីបណ្តាលមកពីកត្តាជាច្រើន ហើយការកាប់បំផ្លាញព្រៃឈើគឺជាមូលហេតុចម្បងមួយ ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ របាយការណ៍ដដែលបន្ថែមថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នជាតិពុល។ ដូចនេះបើមិនមានព្រៃឈើគ្រប់គ្រាន់ក្នុងការស្រូបឧស្ម័នទាំងនោះទេ វានឹងបង្កឱ្យកើតមានកំហាប់ឧស្ម័នផ្ទះកញ្ចក់កាន់តែកើនឡើងខ្លាំង ហើយសីតុណ្ហភាពផ្ទៃផែនដីក៏កាន់តែកើនកម្តៅផងដែរ។
ក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២ លាន ៥ សែនហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុប។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យព្រៃឈើលើកទី១ ចេញនៅដើមឆ្នាំ២០២២ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។ ការបាត់បង់នេះធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ការអភិរក្សធនធានជីវៈចម្រុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើ៕
វេទិកាបញ្ចេញមតិ