ធនាគារពិភពលោក (World Bank) បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានរថយន្តអគ្គិសនីដែលអាចធ្វើចរាចរលើដងផ្លូវ តិចជាង ១០០០គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដាក់យុទ្ធសាស្ត្រជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន ៤០ភាគរយនៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ហើយ ៧០ភាគរយនៃម៉ូតូ ក៏ជាម៉ូតូដែលប្រើប្រាស់ថាមពលអគ្គិសនីនៅត្រឹមឆ្នាំ ២០៥០។ នេះជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនដោយគ្មានកាបូន។
របាយការណ៍ដែលមានចំណងជើងថា៖ «អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី» បានបង្ហាញថា ទីផ្សារយានយន្តនៅកម្ពុជា សម្បូរដោយយានយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) ប្រភេទមួយទឹកនាំចូលពីក្រៅប្រទេសជាពិសេសរថយន្តអ្នកដំណើរ និងរថយន្តដឹកទំនិញ។
របាយការណ៍សង្កត់ធ្ងន់ថា៖ «ប្រសិនបើទំរង់នេះមិនមានការផ្លាស់ប្តូរទេ ការជ្រៀតចូលនៃយានយន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំ នឹងត្រូវការទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ឬមិនអាចទៅរួចតែម្តង»។
អ្នកជំនាញខាងដឹកជញ្ជូនរបស់ធានាគារពិភពលោក លើកឡើងថា រដ្ឋាភិបាលប្រទេសកម្ពុជាគួរមានគោលនយោបាយដោះស្រាយបញ្ហាតម្លៃខុសគ្នារវាងរថយន្តប្រើថាមពលអគ្គិសនី (EV) និងរថយន្តមួយទឹកនាំចូលទាំងនោះឱ្យបានសមស្រប ដើម្បីអាចឱ្យអ្នកប្រើប្រាស់រថយន្តមួយទឹកនាពេលបច្ចុប្បន្នងាកមកប្រើប្រាស់រថយន្ត EV ថ្មី។
លោក Bowen Wang ប្រាប់វីអូអេថា បញ្ហាហិរញ្ញវត្ថុគឺស្ថិតនៅជាចំណុចកណ្តាលរបស់អ្នកប្រើប្រាស់ បើសិនបើពួកគេចង់ផ្លាស់ប្តូរយានយន្តពីរថយន្តដើរដោយថាមពលចំហេះ មកយានយន្តអគ្គិសនី។
លោកថ្លែងថា៖ «ដូច្នេះ សម្រាប់តម្រូវការរថយន្ត EV គឺថ្ងៃណាមួយ ដើម្បីឱ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរពីឡានដែលពួកគេកំពុងប្រើប្រាស់សព្វថ្ងៃនេះ មកយានយន្តអគ្គិសនី គឺវាភាគច្រើនជាជម្រើសហិរញ្ញវត្ថុ។ ជាការពិតការប្រើប្រាស់រថយន្ត EV គឺមិនសូវគគ្រេច និងមិនសូវមានសំឡេងរំខាន អ្នកប្រើប្រាស់នឹងចូលចិត្តវា។ ប៉ុន្តែពួកគេត្រូវចំណាយច្រើនមែនទែនដើម្បីបានរថយន្តប្រភេទនោះ អីចឹងអតិថិជននឹងមិនសម្រេចចិត្តទៅប្រើវាទេ»។
បើតាមលោក Bowen Wang អ្នកប្រើប្រាស់រថយន្តមួយទឹកនាំចូលក្នុងប្រទេសកម្ពុជា អាចឈានទៅប្រើយានយន្តអគ្គិសនី ប្រភេទមួយទឹកដែលអាចយកពីប្រទេសអាមេរិក ឬប្រទេសចិននាពេលខាងមុខផងដែរ ប្រសិនបើមានទីផ្សារជាសាកលសម្រាប់លក់ដូរប្រភេទរថយន្ត EV មួយទឹកនេះ។
មន្ត្រីកម្ពុជាមួយចំនួនដែលបានចូលរួមក្នុងសិក្ខាសាលាប្រកាសផ្សព្វផ្សាយរបាយការណ៍របស់ធនាគារពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានកត់សម្គាល់លើសារៈសខាន់នៃអនុសាសន៍ស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ធនាគារពិភពលោក ដែលនឹងរួមចំណែកដល់ការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន និងការសម្រេចបាននូវមហិច្ឆតារបស់កម្ពុជាជាប្រទេសដែលសេដ្ឋកិច្ចរបស់ខ្លួនមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រស់ សីលវ៉ា ថ្លែងថារដ្ឋាភិបាលកម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់គោលនយោបាយជាតិពាក់ព័ន្ធនឹងរថយន្ត EV និងធ្វើកិច្ចការផ្សេងទៀតដើម្បីជំរុញឱ្យមានការប្រើប្រាស់រថយន្ត EV នៅប្រទេសកម្ពុជាដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានលើកឡើងថា ដើម្បីធានាថាយានយន្តអគ្គិសនីមានវត្តមានធ្វើចរាចរលើដងផ្លូវ ច្រើនជាងយានយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្ត្ររឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។
តាមការប៉ាន់ស្មាន ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ អាចនឹងកើនឡើងពី ៦លានគ្រឿង នាពេលបច្ចុប្បន្នទៅដល់ ៨.១លានគ្រឿងនៅឆ្នាំ ២០៣០ និង ១៤,២លានគ្រឿងនៅឆ្នាំ ២០៥០។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក៕
វេទិកាបញ្ចេញមតិ