នៅព្រឹកថ្ងៃសុក្រនេះអង្គការ ACRA ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរនៅក្នុងផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញបានចាប់ផ្ដើមយុទ្ធនាការបរិស្ថាន«បញ្ចូលទំនិញក្នុងថង់តែមួយ» ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅប្រទេសកម្ពុជា។ គម្រោងនេះមានគោលដៅអប់រំអ្នកប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់ឲ្យដាក់ទំនិញក្នុងថង់តែមួយក្នុងន័យកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ។
សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាសហការជាមួយ ក្រសួងបរិស្ថាន និងអាជ្ញាធរនៅក្នុងផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើម យុទ្ធនាការបរិស្ថាន«បញ្ចូលទំនិញក្នុងថង់តែមួយ» ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
គម្រោងនេះមានគោលដៅអប់រំអ្នកប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់ឲ្យ ដាក់ទំនិញក្នុងថង់តែមួយ ក្នុងន័យកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ។ ហើយក្នុងនោះផ្សារអូរឫស្សី គឺជាផ្សារមួយក្នុងចំណោមផ្សាររដ្ឋទាំងប្រាំដែលស្ថិតក្នុងយុទ្ធនាការនេះដើម្បីលើកទឹកចិត្តដល់អាជីវករឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងអាជីវកម្មរបស់ពួកគេ។
អ្នកស្រី អ៊ុន គីម អាយុ៣៦ឆ្នាំ ប្រកបរបរលក់ផ្លែឈើនៅផ្សារអូរឫស្សីអស់រយៈពេលជិត២០ឆ្នាំមកហើយ។ អ្នកស្រីប្រាប់ VOA ថា ជាប្រចាំថ្ងៃអ្នកស្រីប្រើថង់ប្លាស្ទិកអស់ជិតមួយគីឡូក្រាមដើម្បីខ្ចប់ផ្លែឈើឲ្យអតិថិជនរបស់អ្នកស្រី។ តែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីអ្នកស្រីចូលរួមយុទ្ធនាការ«បញ្ចូលទំនិញក្នុងថង់តែមួយ» អ្នកស្រីបានកាត់បន្ថយការចំណាយថវិកា ដើម្បីទិញថង់ពីមួយគីឡូក្រាមមកកន្លះគីឡូក្រាមវិញ ពោលគឺកាត់បន្ថយការប្រើប្រាស់និងចំណាយរហូតជាងហាសិបភាគរយ។
កំពុងច្រកផ្លែទន្លាប់បណ្ដើរ អ្នកស្រីមានប្រសាសន៍បណ្ដើរថា៖
«ពីមុនខ្ញុំប្រើថង់ក្នុងមួយថ្ងៃចូលជិតមួយគីឡូ តែឥឡូវខ្ញុំប្រើអស់ប្រហែលជាបីខាំ! អាធំបីខាំ អាធុនកណ្ដាលក៏បីខាំដែរ។ វាចុះបានជិតពាក់កណ្ដាល ប៉ុន្តែវាមិនទាន់បានទាំងអស់ទេ បានជិតត្រឹម៧០ភាគរយ យើងចេះតែពន្យល់គេខ្លះទៅ។ តែមួយចំនួនគេតាម មួយចំនួនទៀតគេអត់ទាន់យល់គេអត់ទាន់តាមយើងបានទេ»។
បើតាមការស្ទង់មតិមួយស្ដីអំពីការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាដោយអង្គការ ACRA ដែលធ្វើការប្រឆាំងនឹងភាពក្រីក្រ ក្រោមជំនួយមូលនិធិពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បង្ហាញថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកចំនួន២០០ ថង់ក្នុងមួយខែ ហើយជាង២.០០០ថង់ក្នុងមួយឆ្នាំ។ ហើយការប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាងគេ មានប្រភពមកពីផ្សារលក់អាហារនៅកម្ពុជា។
ខណៈពេលកាន់ថង់ប្លាស្ទិកជាច្រើនក្នុងដៃ នៅឯផ្សារអូរឫស្សី ស្រ្តីម្នាក់ជាអតិថិជន សុំមិនបញ្ចេញឈ្មោះប្រាប់ថាអ្នកស្រីក៏មានបំណងចង់កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកដែរ។
«ចុះបើអ្នកលក់គេច្រកមកហើយធ្វើម៉េច។ បើយើងមិនប្រើធ្វើម៉េច បើសុទ្ធតែឥវ៉ាន់រាយអញ្ចឹង។សុទ្ធតែឥវ៉ាន់កំប៉ិកកំប៉ុក បើអត់ប្រើច្រកថង់ទៅដាក់ម៉េចកើត។ ធ្វើបានតើឲ្យតែអ្នកលក់ច្រកឲ្យ បើទិញច្រើនកន្លែងគេច្រកច្រើនកន្លែង»។
តែយ៉ាងណា អាជីវករលក់ត្រីនៅផ្សារអូរឫស្សីអ្នកស្រី ឆូយ សុខ ត្អូញត្អែរពីការសុំថង់បន្ថែមរបស់អ្នកដែលមកទិញត្រីអ្នកស្រី។
«អូនអើយ! អ្នកខ្លះមកដល់ភ្លាមយកថង់ទ្រាប់ដៃមួយ ទើបរើសត្រី។ ហើយទ្រាប់ដៃដល់រើសប្រឡាក់គាត់អត់យកទេ។ គាត់អត់យកហើយ ដាក់ថង់ក្រៅឲ្យគាត់មួយជាន់ទៀត។ អញ្ចឹងវាអស់បីហើយក្នុងម្នាក់។ បងដឹងថា ថង់វាថ្លៃ ហ្នឹងទីមួយ។ ដូចថាប្រាក់កម្រៃវាចេញច្រើនក្នុងម្នាក់ៗ។ ប៉ុន្តែឲ្យបងធ្វើម៉េចអូន ភ្ញៀវគាត់ចង់អញ្ចឹង។ បងប្រាប់គេឲ្យជួយកាត់បន្ថយព្រោះអីថង់ធ្លាក់កន្លែងណា ដាំអីក៏មិនកើតដែរ។»
រីឯអ្នកស្រី ជា ស៊ីម អាជីវករលក់ផ្លែឈើម្នាក់ទៀត ត្អូញត្អែរថា ជាទូទៅអ្នកទិញមិនចង់ដាក់ទំនិញរួមបញ្ជូនគ្នាក្នុងថង់តែមួយនោះទេ ដោយសារពួកគេបារម្ភខ្លាចប្រឡាក់ជ័រផ្លែឈើ។
«ធ្វើតែបានឲ្យតែម្ចាស់អ្នកទិញព្រម។ មានទៅស្អីចង់ ខ្លាចតែអស់ថង់ផង បើដាក់បីបួនមុខតែមួយថង់រឹតតែអរទៅទៀត។ ខ្លះគេព្រមខ្លះគេអត់ព្រមទៅណាស់ វាអត់ទៀង។ ដូចអំបាញ់មិញស្វាយខ្លះអានេះដាក់ចូលគ្នាឥតកើតទេ។ គេអត់ដាក់ជ័រស្វាយប្រឡាក់ទន្លាប់គេ»។
បើតាមការស្ទង់មតិនៅចុងឆ្នាំ២០១៥របស់អង្គការ ACRA ដែលធ្វើការប្រឆាំងនឹងភាពក្រីក្រឲ្យដឹងថា ថង់ប្លាស្ទិកមួយគីឡូមានតម្លៃជាមធ្យម៨.០០០រៀល ហើយប្រជាជនកម្ពុជាយល់ថា ការប្រើប្រាស់ថង់ប្លាស្ទិក វាមានភាពងាយស្រួល។
ក្នុងការស្ទង់មតិដដែលរកឃើញថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានខាតបង់ថវិកាអស់រាប់រយលានដុល្លារពីកាក់សំណល់ថង់ប្លាស្ទិកនេះ។
លោក ម៉ក់ ប៊ុនធឿន អ្នកស្រាវជ្រាវនៃគម្រោងកាត់បន្ថយថង់ប្លាស្ទិកនេះប្រាប់ VOA ថា ថង់ប្លាស្ទិកបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សុខាភិបាល និងជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
«ដោយសាររឿងថង់ប្លាស្ទិកហ្នឹង ខាតបង់ចូលដល់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈផលប៉ះពាល់ទៅលើបរិស្ថាន បង្កឲ្យមានការស្ទះប្រព័ន្ធលូបង្ហូរទឹក ផលប៉ះពាល់លើសុខភាពដែលប្រជាពលរដ្ឋចំណាយទៅលើសុខភាព។ ប៉ះពាល់ទៅលើវិស័យទេសចរណ៍វាធ្វើឲ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះទៅលេងតំបន់ហ្នឹង»។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធនាការបរិស្ថាន«បញ្ចូលទំនិញក្នុងថង់តែមួយ»នាថ្ងៃសុក្រនេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មឲ្យដឹងថា ក្រសួងបរិស្ថានកំពុងពង្រាងអនុក្រឹត្យណែនាំប្រជាពលរដ្ឋឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងការរស់នៅ។ ក៏ប៉ុន្តែ លោកថា រដ្ឋាភិបាលមិនទាន់មានវិធានការជាក់លាក់ ក្នុងការផាកពិន័យលើការប្រើប្រាស់ថង់ប្លាស្ទិកនៅឡើយទេ។
«អនុក្រឹត្យទាក់ទងនឹងថង់ប្លាស្ទិកនេះ យើងកំពុងតែតាក់តែង។ អញ្ចឹងទេ យើងមិនទាន់មានវិធានការអីទេ ក្រៅពីគ្រប់គ្រងសំណល់រឹងនោះ។ ហើយខ្ញុំសង្ឃឹមថា ដូចខ្ញុំបានជម្រាបជូនកន្លងមកហ្នឹង ថា អនុក្រឹត្យស្ដីអំពីការគ្រប់គ្រងថង់ប្លាស្ទិកនេះនឹងចេញក្នុងពេលឆាប់ៗ»។
យុទ្ធនាការបរិស្ថាន«បញ្ចូលទំនិញក្នុងថង់តែមួយ»នេះ ត្រូវបានគេរំពឹងថា មានអាជីវករចំនួន១.៥០០នាក់នឹងចូលរួមអនុវត្តគម្រោងនេះដោយពន្យល់ណែនាំអតិថិជនរបស់ពួកគេឲ្យចូលរួមក្នុងយុទ្ធនាការនេះដែរ។ យុទ្ធនាការនេះ ក៏នឹងអនុវត្តនៅឯខេត្តសៀមរាម និងខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕