ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ថ្មី​បាន​ផ្ទុះ​ឡើង​នៅ​អ៊ីរ៉ង់​ប្រឆាំង​នឹង​ការណ៍​ដែល​យោធា​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ


មនុស្សម្នា និង​សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ Boeing 737-800 ប្រមូលផ្តុំ​គ្នា​ដើម្បី​បង្ហាញ​ពី​ក្តី​អាណិត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
មនុស្សម្នា និង​សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ Boeing 737-800 ប្រមូលផ្តុំ​គ្នា​ដើម្បី​បង្ហាញ​ពី​ក្តី​អាណិត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​គ្មាន​ចំណាប់​អារម្មណ៍​អំពី​ក្ដី​រំពឹង​នៃ​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ បន្ទាប់ពី​រយៈពេល​ពីរ​សប្ដាហ៍​នៃ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក និង​បន្ទាប់ពី​លោក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​សេដ្ឋកិច្ច​អ៊ីរ៉ង់​មក។

លោក Robert O'Brien ដែល​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ហើយ​មន្ត្រី​អាមេរិកាំង​យល់​ថា នេះ​ជា​ឱកាស​ដើម្បី​បន្ថែម​ការ​ដាក់​សម្ពាធ​ខ្លាំងក្លា​ថែម​ទៀត​លើ​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់ និង​ទុក​ឲ្យ​ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចរចា។

លោក Trump បាន​បញ្ជាក់​នៅ​លើ Twitter កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «តាម​ពិត ខ្ញុំ​មិន​ចាប់​អារម្មណ៍​អ្វី​ទាំង​អស់​ថា​តើ​អ៊ីរ៉ង់​ចង់​ចរចា ​ឬ​ក៏​អត់​នោះ។ វា​អាស្រ័យ​លើ​ពួកគេ​ទាំង​ស្រុង ប៉ុន្តែ​ត្រូវតែ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ និង​កុំ​សម្លាប់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ដែល​ធ្វើ​ការ​តវ៉ា»។

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពួក​យោធា។ ពួក​យោធា​អ៊ីរ៉ង់​ដំបូង​បាន​បដិសេធ ប៉ុន្តែ​ក្រោយ​មក​បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ច្រឡំ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ប្រទេស​អ៊ុយក្រែន​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង ១៧៦ នាក់​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​ស្លាប់។

ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​បាន​ស្រែក​បន្ទោរ​នៅ​ខាង​ក្រៅ​សាកល​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​ទីក្រុង​តេហេរ៉ង់​ថា៖ «ពួកគេ​កុហក​ថា​សត្រូវ​របស់​ពួក​យើង​គឺ​សហរដ្ឋ​អាមេរិក។ តាម​ពិត​សត្រូវ​របស់​ពួក​យើង​គឺ​នៅ​ទី នេះ​ផ្ទាល់​តែ​ម្ដង»៕

XS
SM
MD
LG