គណបក្សនយោបាយចំនួន ១១ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើញត្តិមួយ ដែលបង្ហាញការគាំទ្រលើការដំឡើងពន្ធស្រាបៀ និងសុរា ហើយជំរុញឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលជាប់គាំងរាប់ឆ្នាំមកហើយ។
ញត្តិដែលគណបក្សនយោបាយចុះហត្ថលេខាគាំទ្រនោះ គឺបានរៀបចំឡើងដោយអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center) ដែលអង្គការនេះកំពុងធ្វើយុទ្ធនាការជំរុញឱ្យមានគោលនយោបាយដំឡើងពន្ធអាករពិសេសលើស្រាបៀ និងសុរា ព្រមទាំងពន្លឿនការអនុម័តច្បាប់ស្តីពីត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។
ក្នុងពិធីជួបជុំមួយ នាថ្ងៃព្រហស្បតិ៍នេះ គណបក្សចំនួន ១១ បានចុះហត្ថលេខាលើញត្តិនោះ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរឈប់ក្រ គណបក្សយុវជនកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សបំណងពលរដ្ឋ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរអភិរក្ស គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សជនជាតិដើមភាគតិច និងគណបក្សមហាសាមគ្គីជាតិខ្មែរ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនមិនមានវត្តមាន ដើម្បីចុះហត្ថលេខាលើញត្តិនោះឡើយ បើទោះត្រូវបានអញ្ជើញឱ្យចូលរួមពីអង្គការសង្គមស៊ីវិលក្តី។
នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា គ្រឿងស្រវឹងជាភេសជ្ជៈដ៏គ្រោះថ្នាក់ ប៉ុន្តែប្រទេសកម្ពុជាពុំទាន់មានច្បាប់សម្រាប់ត្រួតពិនិត្យ និងមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ផលប៉ះពាល់ឡើយ។ លោកចាត់ទុកការដំឡើងពន្ធអាករនេះ ជាយុទ្ធសាស្រ្តមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយការសេពគ្រឿងស្រវឹង។
លោកថ្លែងថា៖« ការប្រើពន្ធសម្រាប់គ្រឿងស្រវឹងនៅប្រទេសកម្ពុជា នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់។ ឧទាហរណ៍ជាក់ស្តែង នៅកម្ពុជាយើងបច្ចុប្បន្ននេះ គឺមានត្រឹមតែ ៣០% សម្រាប់ស្រាបៀ ហើយនិង ៣៥%សម្រាប់សុរា។ បើធៀបនឹងប្រទេសថៃ គឺថៃ ទាំងស្រា ទាំងស្រាបៀហ្នឹង គឺមានរហូតដល់ ៦០%។ បញ្ហាពន្ធត្រូវបានកំណត់ដូចគ្នាចំពោះស្រាបៀ និងសុរា»។
បើតាមញត្តិបេ្តជ្ញាចិត្តដែលគណបក្សចុះហត្ថលេខាគាំទ្រ គ្រឿងស្រវឹងបង្កឱ្យមានជំងឺ ២០០ មុខ ដូចជាជំងឺថ្លើម ជំងឺទឹកនោមផ្អែម ជំងឺមហារីក លើសសម្ពាធឈាម ជាពិសេសជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក គ្រឿងស្រវឹងបង្កឱ្យមនុស្សប្រមាណ ៣ លាននាក់នៅលើពិភពលោក ស្លាប់ជារៀងរាល់ឆ្នាំ ជារួមក្នុង ១០ វិនាទី មានមនុស្សម្នាក់ស្លាប់។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ លើកឡើងថា គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជា។ លោកបន្ថែមថា ការដំឡើងពន្ធអាករជាវិធានការដែលអាចចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។
លោក យ៉េង វីរៈ ដែលចូលរួមពិធីនោះដែរ ថ្លែងបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចដោះស្រាយបញ្ហានេះបាននាពេលនេះ ដោយសារជាគណបក្សគ្រប់គ្រងរដ្ឋសភា។
លោកបញ្ជាក់ថា៖ ««សូមឱ្យអង្គការសង្គមស៊ីវិលយើងជាពិសេសគឺថា ធ្វើមេ៉ចឱ្យចូលរួមជួយមើលដំណើរការបោះឆ្នោតយើងផងបាទ បើសិនជាដំណើរការបោះឆ្នោតយើងហ្នឹងពួកយើងគ្មានឱកាសទទួលបានសំឡេងឬអាសនៈទេ ការស៊ីញ៉េក្នុងថ្ងៃនេះក៏អត់ប្រយោជន៍ដែរ គឺទល់តែមានសំឡេង បានយើងអាចជំរុញទៅសភាបាន។ សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់បានឱ្យប្រជាធិបតេយ្យសេរីពហុបក្សនៅសភាគឺរស់រវើកឡើង»។
អគ្គលេខាធិការរងរបស់គណបក្សខែ្មររួបរួមជាតិ លោក ទិប ទាវ ដែលចូលរួមក្នុងពិធីនោះ ថ្លែងថា គណបក្សរបស់លោកប្តេជ្ញាចិត្តលុបបំបាត់បញ្ហាគ្រឿងស្រវឹង និងមិនគាំទ្រលើការផ្សព្វផ្សាយស្រាបៀឡើយ។ លោកបន្ថែមថា គោលនយោបាយរបស់គណបក្សលោក ក៏មានចំណុចលើកឡើងអំពីគ្រឿងស្រវឹង និងគ្រឿងញៀនផងដែរ។
លោកថ្លែងថា៖ «សព្វថ្ងៃនេះ យកមុខមាត់តែរឿងស្រាតាមដងផ្លូវព្រោងព្រាត មិនថាBanner [បដា] តូច Bannerធំ...ហាក់បីដូចប្រព័ន្ធព័ត៌មានលើកកម្ពស់ឱ្យមានផ្សព្វផ្សាយ»។
លោកបន្ថែមថា លោកមិនគាំទ្រចំពោះការដាក់រង្វាន់សម្រាប់គ្រឿងស្រវឹងឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជាមិនបានចូលរួមពិធីនោះ ដោយសារតែគណបក្សប្រជាជនកម្ពុជាយល់ថា នេះជាកាតព្វកិច្ចរបស់រដ្ឋសភា និងរដ្ឋាភិបាលដែលជាអ្នកដឹកនាំប្រទេស មិនមែនអង្គការសង្គមស៊ីវិលឡើយ។ លោកបន្ថែមថា អង្គការសង្គមស៊ីវិលគួរតែធ្វើលិខិតស្នើសុំទៅក្រុមប្រឹក្សាច្បាប់របស់រដ្ឋាភិបាលដើម្បីត្រួតពិនិត្យ ជាជាងយកស្នាមមេដៃរបស់គណបក្សនយោបាយផ្សេងៗ។
លោកប្រាប់វីអូអេថា៖ «គួរតែអស់លោកសង្គមស៊ីវិលហ្នឹង ធ្វើលិខិតទៅក្រុមប្រឹក្សាអ្នកច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីឱ្យលើកបញ្ហានេះឡើង ក៏ប៉ុន្តែមិនត្រូវយកស្នាមមេដៃគណបក្សផ្សេងៗយកទៅ ដើម្បីធ្វើជាទ្រនាប់មកបំពេញសេចក្តីត្រូវការរបស់ខ្លួនទេបាទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
កាលពីឆ្នាំ ២០១៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ឱ្យដឹងថាក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងទៅរដ្ឋាភិបាល ដើម្បីអនុម័តឱ្យបានឆាប់។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីមិនទាន់មានការអនុម័តច្បាប់នេះរហូតមកដល់ពេលនេះ។
លោក យង់ គិមអេង អះអាងថា អាចមានការបញ្ចុះបញ្ចូលរដ្ឋាភិបាលមិនទាន់ឱ្យអនុម័តច្បាប់នេះពីសំណាក់ម្ចាស់ក្រុមហ៊ុនផលិតស្រាបៀក្នុងប្រទេសកម្ពុជា៕