មនុស្សរាប់ពាន់លាននាក់កំពុងប្រើប្រាស់ប្រភេទថាមពលផ្សេងៗគ្នាជារៀងរាល់ថ្ងៃ ហើយឆ្នាំ ២០២៣ គឺជាឆ្នាំបំបែកកំណត់ត្រាប្រភពថាមពលកកើតឡើងវិញ ដែលមិនបញ្ចេញសារធាតុពុលដែលបង្កើនកម្ដៅភពផែនដី ដូចជាកាបូនឌីអុកស៊ីត និងមេតាន។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៨ខែឧសភាដោយ Ember ដែលជាក្រុមអ្នកស្រាវជ្រាវតស៊ូមតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍នៅថ្ងៃទី ៨ ខែឧសភា។
ជាលើកដំបូងហើយដែល៣០%នៃអគ្គិសនីដែលផលិតនៅទូទាំងពិភពលោក បានមកពីប្រភពថាមពលស្អាត ខណៈចំនួនរោងចក្រថាមពលពន្លឺព្រះអាទិត្យ និងខ្យល់បន្តកើនឡើងយ៉ាងឆាប់រហ័ស។
ក្នុងចំណោមប្រភេទថាមពលស្អាត កាលពីឆ្នាំមុន ទំនប់វារីអគ្គិសនីផលិតថាមពលបានច្រើនបំផុត។ តួលេខនេះគឺដូចគ្នានឹងតួលេខនៃឆ្នាំភាគច្រើនដែរ។ ប៉ុន្តែគ្រោះរាំងស្ងួតនៅក្នុងប្រទេសឥណ្ឌា ចិន អាមេរិកខាងជើង និងម៉ិកស៊ិកបានធ្វើឱ្យប្រភពថាមពល ដែលបានពីវារីអគ្គិសនីធ្លាក់ចុះទាបរយៈពេលប្រាំឆ្នាំ។ ការស្រាវជ្រាវបង្ហាញថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យគ្រោះរាំងស្ងួតកើតឡើងកាន់តែលឿន និងកាន់តែធ្ងន់ធ្ងរ។
ប្រជាជនបានប្រើប្រាស់អគ្គិសនីច្រើនជាងឆ្នាំណាៗទាំងអស់ កាលពីឆ្នាំមុន គឺកើនប្រហែល ២% ដែលជាការកើនឡើងច្រើន ស្មើនឹងប្រទេសកាណាដាប្រើប្រាស់ក្នុងមួយឆ្នាំ។ តម្រូវការថ្មីនេះមួយចំនួនគឺសម្រាប់ម៉ាស៊ីនកម្ដៅនិងម៉ាស៊ីនត្រជាក់ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់អគារនិងសម្រាប់រថយន្តអគ្គិសនី។ តម្រូវការថ្មីនេះក៏សម្រាប់ម៉ាស៊ីនអេឡិចត្រូនិក ដែលជាម៉ាស៊ីនពិសេសដែលទាញអ៊ីដ្រូហ្សែនចេញពីទឹកសម្រាប់ថាមពល។ ទាំងនេះគឺជាបច្ចេកវិទ្យាដែលផ្ដល់ដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។
តម្រូវការកើនឡើងផ្សេងទៀតគឺសម្រាប់ថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យថ្មី និងសម្រាប់ម៉ាស៊ីនត្រជាក់ ខណៈដែលកន្លែងនានានៅជុំវិញពិភពលោកកាន់តែក្ដៅ។
ពន្លឺព្រះអាទិត្យរួមចំណែកដ៏ធំបំផុតនៃថាមពលស្អាតថ្មីកាលពីឆ្នាំមុន។ ថាមពលពន្លឺព្រះអាទិត្យច្រើនជាងពីរដងត្រូវបានបន្ថែម បើធៀបនឹងថាមពលធ្យូងថ្ម។ ឆ្នាំមុនជាឆ្នាំទី១៩ជាប់ៗគ្នាដែលពន្លឺព្រះអាទិត្យគឺជាប្រភពថាមពលដែលរីកលូតលាស់លឿនបំផុត។ ការដំឡើងបន្ទះថាមពលព្រះអាទិត្យបានកើនឡើងនៅចុងឆ្នាំ ហើយរបាយការណ៍ព្យាករថា ឆ្នាំ ២០២៤នឹងកើនឡើងកាន់តែខ្លាំង។
ប្រទេសចិនបានបន្ថែមថាមពលកកើតឡើងវិញច្រើនជាងប្រទេសដទៃទៀត កាលពីឆ្នាំមុនពោលគឺ ៥១% នៃថាមពលពន្លឺព្រះអាទិត្យថ្មី និង ៦០% នៃថាមពលខ្យល់ថ្មីនៅទូទាំងពិភពលោក។ ប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល រួមគ្នាមានចំណែក៨១% នៃការបង្កើតថាមពលពន្លឺព្រះអាទិត្យថ្មីនៅឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ប្រទេសចិនបានផលិតថាមពលពីធ្យូងថ្មចំនួន៥៥% នៃថាមពលពីធ្យូងថ្មទូទាំងពិភពលោក ហើយ ៦0%នៃការផលិតអគ្គិសនីរបស់ប្រទេសចិនបានមកពីធ្យូងថ្ម។ ទីភ្នាក់ងារថាមពលអន្តរជាតិនិយាយថា ធ្យូងថ្មគឺជាប្រភពកាបូនច្រើនបំផុតនៃឥន្ធនៈហ្វូស៊ីល។
អ្នកវិទ្យាសាស្ត្រនិយាយថា ការបំភាយឧស្ម័នពីការដុតឥន្ធនៈដូចជាធ្យូងថ្ម ត្រូវតែកាត់បន្ថយយ៉ាងគំហុក ដើម្បីការពារអាកាសធាតុរបស់ផែនដី ប៉ុន្តែមានការកើនឡើងនៃថាមពលអគ្គិសនីបានមកពីការដុតឥន្ធនៈហ្វូស៊ីល។ ប្រទេសចិន ឥណ្ឌា វៀតណាម និងម៉ិកស៊ិកគឺជាប្រទេសទទួលខុសត្រូវចំពោះការកើនឡើងស្ទើរតែទាំងអស់នៃការបំភាយឧស្ម័នពុលនេះ។
របាយការណ៍នេះបាននិយាយថា ប្រទេសមួយចំនួនបានដុតធ្យូងថ្មដើម្បីទូទាត់ការបាត់បង់ថាមពលវារីអគ្គិសនីនៅពេលដែលគ្រោះរាំងស្ងួតបានធ្វើឱ្យអាងស្តុកទឹករបស់ពួកគេស្ងួត។ នេះគឺជាឧទាហរណ៍នៃការប្រែប្រួលដ៏គ្រោះថ្នាក់មួយ — នៅពេលដែលការប្រែប្រួលអាកាសធាតុជំរុញឱ្យមានការប្រើប្រាស់សារធាតុធ្យូងថ្មកាន់តែច្រើនដែលជាដើមចមបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុ។
ទោះបីជាមានកំណើនថាមពលស្អាតទាំងអស់នេះក៏ដោយ ក៏ឥន្ធនៈហ្វូស៊ីលនៅតែមានចំនួនភាគច្រើននៃថាមពលអគ្គិសនីសកលកាលពីឆ្នាំមុន ដែលបណ្ដាលឱ្យការបំភាយឧស្ម័នផ្ទះកញ្ចក់សកលកើនឡើង១%។ អ្នកវិទ្យាសាស្ត្រនិយាយថា ទោះបីជាយើងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់នាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ភពផែនដីនឹងបន្តក្ដៅជាច្រើនឆ្នាំទៅមុខទៀត ដោយសារតែបរិមាណនៃជាតិពុលបានបន្ថែមទៅក្នុងបរិយាកាសរួចទៅហើយ។
អ្នកវិភាគរំពឹងថា ពិភពលោកនឹងប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើននៅឆ្នាំ ២០២៤។ ប៉ុន្តែការបង្កើតថាមពលកកើតឡើងវិញត្រូវបានគេព្យាករថា នឹងកើនឡើងកាន់តែលឿន។ នោះអាចមានន័យថា អាចមានការធ្លាក់ចុះ២%នៃថាមពលបានពីឥន្ធនៈហ្វូស៊ីល។
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ
វេទិកាបញ្ចេញមតិ