ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ឆ្នោត​ឃុំ​សង្កាត់​បង្ហាញ​សញ្ញា​វិជ្ជមាន​សម្រាប់​​ប្រជាធិបតេយ្យ ​ទោះបី​មាន​ការ​គំរាម


រូបឯកសារ៖ អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)

បេក្ខជន​ជាប់​ឆ្នោត​ជា​មេឃុំ​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​វ័យក្មេងជាច្រើន​ដែល​នាំ​ឱ្យ​មាន​ការរិះគន់​ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​ថា ​ពួកគេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ទេ។

អ្នកវិភាគ​ និង​សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សន្និដ្ឋាន​នេះ​កើត​មាន​ឡើងក្រោយ​ពេល​ការបោះឆ្នោត​ឃុំ-សង្កាត់​បាន​បង្ហាញ​ឱ្យឃើញ​នូវ​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់កាលពី​ថ្ងៃអាទិត្យ​ទី​៤ខែ​មិថុនា​កន្លង​ទៅ​នេះ។​ លទ្ធផល​បង្ហាញ​ថា​មាន​ពលរដ្ឋ​ជិត​៩០​ភាគរយ​បាន​ចេញ​ទៅបោះឆ្នោត​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បាន​កើន​ឡើង​អាសនៈ​មេឃុំ​ពី​ចំនួន​៤០​មក​ដល់​ជិត​៥០០ ​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជិត​៥.០០០​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១១.៥៧២។

លោកយ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​វីជីញ៉ា (Virginia) ​បាន​បញ្ជាក់​ថា ​លោក​សប្បាយ​រីករាយ​ដោយសារ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មាន​យ៉ាង​ច្រើន​។ លោក​ក៏​មើល​ឃើញ​ថា ​លទ្ធផល​ដែល​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​គឺជា ​សញ្ញា​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៖

«កត្តា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​យុត្តិធម៌។ បើ​សិនជា​គណបក្ស​មួយ​ខ្លាំង​ពេក​ដាច់​ស្រយាល​ទៅ ​គណបក្ស​ហ្នឹង​ធ្វើ​អ្វីស្រេច​តែចិត្ត​ អត់មាន​ម្ខាង​ទៀត​ទប់​ធ្វើ​ឱ្យ​ខុស​ពី​ឆន្ទៈ​របស់​ប្រជាជន‍»។​

លោកគឹមទឹង​ក៏​លើកទឹកចិត្ត​ពលរដ្ឋ​ ដែល​ខកខាន​មិន​បាន​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ឱ្យ​ទៅ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាងមុខ ​ព្រោះ​វា​ជាសិទ្ធិ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ។

លោក​ណែម ឈឿង​ ប្រធាន​សមាគម​ក្រុង​ខ្មែរ​ក្នុង​រដ្ឋ​ចរចា (Georgia) ព្យាករណ៍​ថា​ ទិដ្ឋភាព​នយោបាយ​នឹង​មាន​ការប្រែប្រួល​ខ្លាំង​ ដោយ​សារ​តែ​សំឡេង​គាំទ្រ​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​ប្រហាក់​ប្រហែល​គ្នា៖

«ក្នុង​ការ​លេងល្បែង​ប្រជាធិបតេយ្យ​កាលណា​អំណាច​រវាង​គណបក្ស​ទាំងពីរ​ប្រហាក់​ប្រហែល​គ្នា​គឺ​លំបាក​ក្នុង​ការ​ប្រើ​ពាក្យ​សម្តី​ ឬ​ហិង្សា​ដាក់​បក្ស​ម្ខាងទៀត​បាន​ ព្រោះអី​កាលណា​យើង​ប្រហាក់​ប្រហែល​គ្នា​សំឡេង​ក៏​អាច​ថយ​ចុះ​ ប៉ុន្តែ​បើ​យើង​មួយខ្លា​ ហើយ​មួយ​ទន្សាយ​ ប្រហែល​ជា​ខ្លា​ត្រូវ​សម្លុត​ទន្សាយ​រហូត​ហើយ‍»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោ​ក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​បាន​កាន់កាប់​អំណាច​ជិត​ ៤០ឆ្នាំ​ចាប់​តាំង​ពី​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។ នេះ​ជា​លើកទីមួយ​ហើយ ​ដែល​គណបក្ស​កាន់​អំណាច​បាត់​បង់​អាសនៈ​ជាច្រើន​នៅ​ក្នុង​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន ​ដែល​តាម​ធម្មតា​គឺ ​តែងតែ​មាន​ប្រៀប​ជាង​គូ​ប្រកួត​យ៉ាង​ខ្លាំង។

នៅ​មុន​ការ​បោះឆ្នោត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​គំរាម​ថា​ បើ​សិន​ជា​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ចាញ់​គឺ ​នឹង​កើត​មាន​សង្គ្រាម​ រីឯលោក​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​ព្រមាន​ថា​ បើ​សិន​ជា​គណបក្ស​របស់​លោក​ឈ្នះ​ ហើយ​អ្នក​ចាញ់​តវ៉ា​គឺ ​លោក​នឹង​វាយ​បំបែក​ធ្មេញ​របស់​ពួកគេ។ ​

លោក​ហេង ថាល់​សាវុធ​ ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​នៅ​រដ្ឋ​ម៉េន​ (Maine) និង​ជា​អ្នកវិភាគ​តាម​បណ្តាញ​សង្គម​ពី​ស្ថានភាព​នយោបាយ ​និង​ប្រវត្តិសាស្រ្ត​កម្ពុជា​យល់​ថា​ ការ​គំរាមកំហែង​ដូចនេះ​លែង​មាន​ប្រសិទ្ធភាព​ហើយ។ លោក​បន្ថែម​ថា នេះ​ជា​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​បង្ហាញ​នូវ​សេចក្តី​ក្លាហាន​របស់​ខ្លួន​ ហើយ​ដោយ​មិន​ខ្លាច​នឹង​ការ​គំរាម​កំហែង​ពី​សង្គ្រាម​ទេ។

«ប្រជាជន​ខ្មែរ​យើង​ដឹង​ស្រាប់​ហើយ កាលណា​ខ្លាច​គឺខ្លាចបំផុត ប្រយ័ត្នតែហ៊ាន​គឺ​ហ៊ាន​ហួស​ហេតុអីចឹង​ ហើយ​បាន​ជា​យួន​សៀម​មិន​អាច​យក​ប្រទេស​ជាតិ​យើង​បាន​។ ដូច្នេះ​ការបោះឆ្នោត​នេះ​គឺ​ជា​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះជាតិ ​ក៏​ប៉ុន្តែ​ពួកទាំងនោះ​ដើម្បី​បិទបាំង​បរាជ័យ​របស់ខ្លួនស្រែក​ថា​២១ខេត្តឈ្នះ​ ប៉ុន្តែ​ចំណុច​សំខាន់​បំផុត​ខេត្ត​ណា​ជា​បណ្តុំ​នូវ​បញ្ញវន្ត​ខ្មែរ​នូវអ្នក​ចេះ​ដឹង​គឺ ក្រុងភ្នំពេញ​ ក្រុង​កំពង់ចាម​ និង​ក្រុង​សៀមរាប។ សំខាន់​បំផុត​គឺ​ក្រុង​ភ្នំពេញ‍»។

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ។ (VOA Khmer)
រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ។ (VOA Khmer)

លទ្ធផល​បឋម​ចេញ​ដោយគណបក្ស​ទាំងពីរ​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​នាំមុខ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ពីរ​ គឺ​ខេត្ត​សៀមរាប​ និង​កំពង់ចាម។ លទ្ធផល​ឆ្នោត​នឹង​ត្រូវ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែមិថុនា​នេះ ​បន្ទាប់​ពី​ដោះស្រាយ​បណ្តឹង​ ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​។

បេក្ខជន​ជាប់​ឆ្នោត​ជា​មេឃុំ​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​វ័យក្មេងជាច្រើន​ដែល​នាំ​ឱ្យ​មាន​ការរិះគន់​ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​ថា ​ពួកគេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ទេ។

លោក​ណែម ឈឿង ​ប្រធាន​សមាគមក្រុងខ្មែរ​ក្នុងរដ្ឋ​ចរចា​យល់​ថា​ ការដែល​ដាក់​មេឃុំ​មិន​មាន​បទពិសោធន៍​ ហើយ​វ័យក្មេង​ជា​ការល្អ​ទៅវិញ​ទេ​ ព្រោះ​ពួកគេ​មាន​ឋាមពល​ និង​មាន​គំនិត​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ច្រើន។

លោក​ណែម ឈឿង​បាន​បន្ថែម​ថា៖

«ម្ល៉ោះហើយ​ខ្ញុំ​ជឿថា​ ជា​រឿងល្អច្រើនជាងរឿងអាក្រក់​។ រឿង​អ្នកថ្មី​ដែល​មិនមាន​ទំនាក់ទំនង​នៅក្នុង​ក្រុម​នៅ​ក្នុង​បក្ខ​ពួក ព្រោះ​អី​អំពើ​ពុករលួយ​វាតែងតែ​កើតឡើងជារឿយៗ​នៅក្នុងមនុស្ស ​ដែល​ដឹង​កន្លុក​កន្លែង​ដឹង​តាក់តិច​ដឹង​បក្ខពួក​ហ្នឹង​ ដែលបង្កើត​អំពើពុករលួយ​អំពើ​បក្ខ​ពួក​និយមច្រើន​។ នេះ​អ្វីដែលខ្ញុំ​សង្ឃឹមថា ​នឹង​អាច​ជួយ​ដល់​ស្រុកទេស​យើង​បាន​ល្អ​ក្នុង​ការបម្រើ​ប្រជារាស្រ្ត‍»។​

យ៉ាងណាក៏ដោយ​ លោក​គុជ​ ច័ន្ទលី​អ្នកវិភាគ​មួយ​រូបនៅរដ្ឋ​ម៉ារីឡែន (Maryland) ​យល់​ថា​ បរិយាកាស​ប្រកួត​ប្រជែង​មិន​ទាន់​ស្មើភាព​គ្នា​នៅ​ឡើយ​ទេ។ លោកផ្តោត​លើ​ស្ថានភាព​នយោបាយ​មុន​ការ​បោះ​ឆ្នោត ដែល​ក្នុង​នោះ​មាន​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ អ្នកវិភាគនយោបាយ​ដ៏​ល្បី​ឈ្មោះ ការ​ចាប់​ឃុំឃាំង​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​លោក​កឹម សុខ​ ដែលជា​អ្នក​តាមដាន​សង្គម​ជា​ដើម។

លោក​ច័ន្ទ លី​យល់​ថា ​ការ​កើន​អាសនៈ​សម្រាប់​គណបក្ស​ប្រឆាំង​នេះ​គឺ​ មិន​ទាន់​សមស្រប​ទៅតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរទេ។

«លទ្ធផល​ឃើញ​ថា ​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​ច្រើន​ពី​៤០សំឡេង​នៅឆ្នាំ​២០១២ មក​ដល់​៤៨៦​នៅ​ឆ្នាំ​២០១៧​យើង​នេះ​ ឃើញ​ថា​ ​មាន​ការ​កើន​ឡើង​គួ​រឱ្យ​ជា​ទី​ពេញចិត្ត​ ក៏ប៉ុន្តែ​សួរ​ថា ​ការ​កើន​ឡើង​នេះ​វា​សមស្រប​ជាមួយ​នឹង​ក្តីសង្ឃឹម​របស់​ម្ចាស់​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឬទេ? ចម្លើយ​គឺ អត់​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​គោលដៅ​ធំ​បំផុត​គឺ ​ស្រេក​ឃ្លាន​នូវ​ការ​ផ្លាស់​ប្តូរ​របប​មួយ​ដែល​គ្នា​ទទួល​រង​ការ​ឈឺចុក​ចាប់​ជា​ច្រើន​រួច​ណាស់​មក​ហើយ‍»។ ​

លោក​ច័ន្ទ លី​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​កុំ​សប្បាយ​រីករាយ​នឹង​លទ្ធផល​នេះ​ពេក និង​កុំធ្វើការ​ស៊ុំ​គ្រលំ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ ព្រោះ​អាច​នឹង​ខូចប្រយោជន៍​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។​

ក្នុង​ពេល​កន្លង​មក​នេះ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ក៏​បានស្នើ​ឱ្យ​មាន​ការរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​ និង​ការបោះឆ្នោត​ជាតិ​ខាងមុខ​ ដោយ​សេរី​ និង​ត្រឹម​ត្រូវ​ ដោយ​គ្មាន​ការ​គំរាម​កំហែង។ សហរដ្ឋ​អាមេរិក​យល់​ថា ​វា​ជា​ការ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បំពេញ​តាម​ការ​សន្យា​របស់ខ្លួន​ដែល​បាន​សន្យា​ក្នុង​ពេល​កន្លង​មក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​ការ​សង្កេតឃើញនូវ​បរិយាកាស​បោះឆ្នោត​ដ៏​ប្រសើរ​ហើយ​បាន​សុំ​ឱ្យ​ភាគី​ទាំងអស់​ទទួល​យក​លទ្ធផលឆ្នោត៕

XS
SM
MD
LG